ជាតិ
បោះឆ្នោត
ផ្លូវការ៖ គណបក្សប្រជាជនកម្ពុជាឈ្នះទាំង១២៥អាសនៈនៅរដ្ឋសភា សម្តេចហ៊ុន សែន នាអំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត។ រូបថត AFP
× អាសនៈទាំង១២៥ក្នុងរដ្ឋសភា បានធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន។ នេះជាលទ្ធផលផ្លូវការស្តីពីការបោះឆ្នោតនីតិកាលទី៦ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
តាមពិតទៅ ពេលគ.ជ.ប ប្រកាសលទ្ធផលបឋម គេបាននាំគ្នាសន្និដ្ឋានទុកជាមុនបាត់ទៅហើយថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈទាំងអស់ ដោយសារតែឃើញគណបក្សនេះ ទទួលបានសំឡេងឆ្នោតដ៏ច្រើនលើសលុប ដាច់ឆ្ងាយពីសំឡេងឆ្នោតរបស់គណបក្សទាំង១៩ទៀត។
លទ្ធផលផ្លូវការនេះ គឺដូចគ្នាស្ទើរទាំងស្រុងទៅនឹងលទ្ធផលបឋម និងលទ្ធផលបណ្តោះអាសន្ន។ បើតាមលទ្ធផលផ្លូវការ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតជាង ៤,៨លាន ដែលស្មើជាង ៧៦ភាគរយ។
គណបក្សហ្វ៊ុនស៊ិនប៉ិច ស្ថិតក្នុងលំដាប់ថ្នាក់ទី២ ដែលទទួលបានសំឡេងឆ្នោតជាង ៣,៧សែន ហើយបន្ទាប់មកគឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលទទួលបានសំឡេងឆ្នោតជាង ៣សែន។ ចំណែក គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោតជាង ២សែន ដែលធ្វើឲ្យគណបក្សនេះ ស្ថិតក្នុងលំដាប់ទី៤។ រីឯគណបក្សទាំង១៦ទៀត ទទួលបានសំឡេងឆ្នោត មិនដល់ខ្ទង់សែននោះទេ។ គណបក្សទាំង១៩នេះ ពុំមានសំឡេងគ្រប់គ្រាន់ ដើម្បីបានអាសនៈឡើយ។
មកដល់ពេលនេះ អាចនិយាយបានថា កិច្ចការ ដែលទាក់ទងនឹងលទ្ធផលបោះឆ្នោត ដូចជាចប់សព្វគ្រប់អស់ហើយ។ រឿងបន្ទាប់គឺ ការប្រជុំរដ្ឋសភា និងការបង្កើតរដ្ឋាភិបាល។
តាមការគ្រោងទុក រដ្ឋសភានីតិកាលទី៦ នឹងត្រូវប្រជុំលើកដំបូង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយក្រោយមកមួយថ្ងៃ រដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com