ជាតិ
កម្ពុជា ព្រួយបារម្ភពីការកាត់បន្ថយក្របខណ្ឌអនុគ្រោះ ដែលនាំឲ្យពិបាកងើបចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិតតួច រូបភាពហ្វេសប៊ុកលោក ប្រាក់ សុខុន
× ភ្នំពេញ៖ កម្ពុជា ព្រួយបារម្ភពីបញ្ហាកាត់បន្ថយក្របខណ្ឌអនុគ្រោះ ដែលនាំឲ្យពិបាកងើបចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិតតួច។ ការព្រួយបារម្ភនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ នៃបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច កាលពីចុងខែកញ្ញាកន្លងមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលទើបចេញផ្សាយ។
ក្នុងកិច្ចប្រជុំនេះ កម្ពុជាបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឲ្យប្តេជ្ញាអនុវត្ត »កម្មវិធីសកម្មភាពទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់បណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(IPoA)» ដើម្បីដោះស្រាយបញ្ហាប្រឈមជាលក្ខណៈស្ថាប័ន ដែលបណ្តាប្រទេសទាំងនោះបានជួបប្រទះ ក្នុងទិសដៅលុបបំបាត់ភាពក្រីក្រ និង សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ លោក ប្រាក់ សុខុន ក៏លើកពីក្តីព្រួយបារម្ភរបស់កម្ពុជា ចំពោះភាពមិនច្បាស់លាស់របស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងការងើបចេញពីឋានៈនេះ ហើយឆ្ពោះកាន់កម្រិតខ្ពស់។ អ្វីដែលជាកង្វល់កម្ពុជានោះ គឺការកាត់ផ្ដាច់ជំនួយ និងការអនុគ្រោះពីបណ្ដាប្រទេសអ្នកមាន។
«កម្ពុជាក៏បានសម្តែងការព្រួយបារម្ភចំពោះភាពមិនប្រាកដប្រជា សម្រាប់បណ្តាប្រទេសមានការអភិវឌ្ឍតិចតួច ដោយសារតែការកាត់បន្ថយក្របខ័ណ្ឌអនុគ្រោះនានា ដូចជាកម្ចី ជំនួយឥតសំណង និងជំនួយអភិវឌ្ឍន៍ ដែលអាចប៉ះពាល់ដល់ការសំរេចបាននូវកំណើនសេដ្ឋកិច្ច ទន្ទឹមគ្នានឹងការទទួលស្គាល់ភាពចាំបាច់ដើម្បីឲ្យបណ្តាប្រទេសទាំងនោះមានភាពជាម្ចាស់ ដើម្បីត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស។
បច្ចុប្បន្ននេះក្រុមប្រទេសមានការអភិវឌ្ឍតិចតួច ក៏មានធនាគារបច្ចេកវិទ្យា សម្រាប់ដំណើរការអភិវឌ្ឍរបស់បណ្តាប្រទេសទាំងនេះដែរ។ ធនាគារបច្ចេកវិទ្យានេះ បានបង្កើតឡើងនៅក្នុងប្រទេសតួកគី នៅក្នុងខែមិថុនា ឆ្នាំ២០១៨ ។ ប្រទេសម៉ាឡាវី គឺជាប្រធានប្តូរវេនថ្មីនៃបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC)។
រដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញគោលនយោបាយនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ក្នុងទិសដៅជំរុញឲ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ ហើយបន្តក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០៕
Tag:
ប្រាក់ សុខុន
សេដ្ឋកិច្ច
UN
© រក្សាសិទ្ធិដោយ thmeythmey.com