ជាតិ
សេដ្ឋកិច្ច
ម្រេចខ្មែរ នឹងលែងដកដង្ហើមតាមទីផ្សារវៀតណាម និងថៃ
× ភ្នំពេញ៖ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានចាប់បដិសន្ធិឡើង នៅខែវិច្ឆិកានេះ ដែលមានលោក សុង សារ៉ន ដែលជាអគ្គនាយកក្រុមហ៊ុន Amru Rice ជាប្រធាន។ នេះគឺជាការចងក្រងកសិករម្រេចទូទាំងប្រទេស ឬកម្រិតថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាវិស័យម្រេចរបស់កម្ពុជា។ សហព័ន្ធនេះនឹងបង្កើតម៉ាកយីហោរួមសម្រាប់ម្រេចកម្ពុជា (Collective Mark) និងស្វែងរកទីផ្សារថ្មីជូនកសិករ ជាជាងផ្អែកវាសនាលើការនាំចេញទៅវៀតណាម និងថៃ ដូចសព្វថ្ងៃ។ លោក សុង សារ៉ន អះអាងថា សហព័ន្ធត្រូវការរយៈពេល៣ឆ្នាំខាងមុខ ដើម្បីសម្រេចផែនការកសាងម៉ាកយីហោ និងរកទីផ្សារសម្រាប់ដំណាំម្រេចរបស់កម្ពុជា។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក សុង សារ៉ន ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា តាមខ្សែទូរសព្ទ ដូចតទៅនេះ៖
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃ ក្នុងនាមជាស្ថាប័នមិនរកផលចំណេញ។ លោក សុង សារ៉ន ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធ ក្នុងអាណត្តិ៣ឆ្នាំ។ ក្នុងរយៈពេល៣ឆ្នាំនេះ សហព័ន្ធនឹងធ្វើបច្ចុប្បន្នភាពទិន្នន័យវិស័យម្រេចកម្ពុជា បណ្ដុះបណ្ដាលកសិករ និងរៀបចំបទដ្ឋានគុណភាពម្រេច ដើម្បីឈានដល់បង្កើតម៉ាកយីហោ និងទាក់ទាញទីផ្សារបញ្ជាទិញពីបរទេស៕
ក្រៅពីម្រេច សហព័ន្ធនេះ ក៏សម្លឹងឃើញពីសក្ដានុពលគ្រឿងទេសផ្សេងៗទៀតរបស់កម្ពុជាផងដែរ។ សហព័ន្ធនឹងជំរុញឲ្យកសិករដាំគ្រឿងទេសផ្សេងៗ នៅក្នុងចម្ការដើម្បីបន្ថែមចំណូលពីម្រេច ដោយសហព័ន្ធនឹងជួយបច្ចេកទេស និងរកទីផ្សារ៕
Tag:
ម្រេច
គ្រឿងទេស សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com