អន្តរជាតិ
លោក ជេ​ក ម៉ា គាំទ្រ​ទម្លាប់​ធ្វើការ​១២​ម៉ោង​ក្នុង​មួយថ្ងៃ​និង​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍
20, Apr 2019 , 9:29 am        
រូបភាព
ដោយ:
​ការតស៊ូ​មតិ និង​ព្យុះ​រិះគន់ កើតឡើង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ចិន​ជុំវិញ​ទម្លាប់​ធ្វើការ​ងារ​ថ្មី​មួយ ដែល​គេ​និយម​ស្គាល់​ថា​ប្រព័ន្ធ «៩៩៦» ។ សម្រាប់​ទម្លាប់​នេះ បុគ្គលិក​ចាប់ផ្តើម​ធ្វើការ​ពី​ម៉ោង​៩​ព្រឹក ដល់ ម៉ោង ៩​យប់ និង ៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ កាលបរិច្ឆេទ​នេះដែរ ត្រូវបាន​អនុវត្ត​ជាធម្មតា​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​ចិន រួមមាន ក្រុមហ៊ុន Alibaba Group របស់លោក ជេ​ក ម៉ា ជាដើម​។

 
​ក្នុង​សុន្ទរកថា​មួយ​កាលពី​សប្តាហ៍​មុន លោក ជេ​ក ម៉ា ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Alibaba បាន​លើកឡើងថា បុគ្គលិក​ទាំងអស់ គួរ​ត្រៀមខ្លួន​ធ្វើការ​១២​ម៉ោង​ក្នុង​មួយថ្ងៃ និង​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ព្រោះ​លោក​យល់ថា វា​ជា​រឿង​ដ៏​ប្រពៃ​បំផុត​មួយ​ដើម្បី​បម្រើ និង​យកចិត្ត​អតិថិជន​។ មហាសេដ្ឋី​រូបនេះ បន្ថែមថា ក្រុមហ៊ុន​ខ្លះ អាច​ត្រឹម​នឹក​ស្រមៃ​ពី​ទម្លាប់​ធ្វើការ «៩៩៦» នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ពុំមាន​ឱកាស​អនុវត្ត​វា​ឡើយ​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ម៉ា គូសបញ្ជាក់ថា​៖«​ប្រសិនបើ​អ្នក​មិន​ធ្វើការ​១២​ម៉ោង​ក្នុង​មួយថ្ងៃ និង​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ នៅពេល​អ្នក​នៅ​វ័យក្មេង​មាន​កម្លាំង​ទេនោះ តើ​នៅពេលណា​ដែល​អ្នកនឹង​អនុវត្ត​វា​? ហើយ​ប្រសិនបើ​អ្នក​មិន​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ច្រើនជាង​អ្នកដទៃ​ទេនោះ តើ​អ្នក​អាច​ទទួលជោគជ័យ​តាម​ដែល​អ្នក​ចង់បាន​ដោយ​របៀប​ណា​»?  
 
​យ៉ាងណាមិញ ការលើកឡើង​របស់​ម​ហា​សេដ្ឋី​ចិន​រូបនេះ ទទួលរង​ការរិះគន់​ជាខ្លាំង​តាម​បណ្តាញ​សង្គម ព្រោះថា​ទម្លាប់​ការងារ​នេះ ផ្ទុយស្រឡះ​ទៅនឹង​គោលការណ៍ «​តុល្យភាព​ការងារ​និង​ជីវិត​» ក្នុងប្រទេស​ចិន​។ ជា​ប្រពៃណី បុគ្គលិក​ភាគច្រើន​មាន​ពេល​សម្រាក​បាយ​ថ្ងៃត្រង់​ចំនួន​២​ម៉ោង​។ 
 
​ភ្លាមៗ​ក្រោយ​រង​ព្យុះ​រិះគន់​ខ្លាំងពេក លោក ជេ​ក ម៉ា ដែល​នឹង​ចូលនិវត្តន៍​នា​ខែកញ្ញា បានបង្ហាញ​ជំហរ​ទន់ភ្លន់ ដោយ​ចេញមុខ​ពន្យល់​លើ​គណនី Weibo របស់លោក​។ លោក ពន្យល់ថា គ្មាន​អ្នកណាម្នាក់​ពេញចិត្ត​ធ្វើការ​នៅ​ក្រុមហ៊ុន ដែល​បង្ខំ​ឲ្យ​ពួកគេ​អនុវត្ត​ទម្លាប់ «៩៩៦» នោះទេ​។ វា​មិន​ត្រឹមតែ​ជា​រឿង​គ្មាន​មនុស្សធម៌​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​សុខភាព​បុគ្គលិក ហើយ​ថែមទាំង​មិន​ស្ថិតស្ថេរ​ក្នុង​រយៈពេល​យូរ​ទៀតផង​។ ក្នុង​រយៈពេល​យូរ ទោះបីជា​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ច្រើន​ប៉ុណ្ណា​ក៏ដោយ ពួកគេ​នឹង​សុំ​ឈប់​នៅពេល​ណាមួយ​មិន​ខាន​។​
 
​ទោះបីជា​បែបនេះ​ក្តី លោក ម៉ា អះអាង​ទៀតថា ប្រសិនបើ​អ្នករក​បានការ​ងារ​ដែ​ល​អ្នក​ពេញចិត្ត ទម្លាប់​ធ្វើការ​១២​ម៉ោង​ក្នុង​មួយថ្ងៃ និង​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ មិនមែនជា​បញ្ហា​សម្រាប់​អ្នក​ឡើយ​។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ពុំមាន​ចាប់អារម្មណ៍​នឹង​ការងារ​បច្ចុប្បន្ន​របស់​អ្នក​ទេនោះ គ្រប់​នាទី​នៃ​ការធ្វើការ គឺជា​ទណ្ឌកម្ម​ផ្លូវចិត្ត ឬ​ផ្លូវកាយ​។ 
 
​ជា​ចុងក្រោយ លោក ម៉ា នៅតែ​រក្សា​ជំហរ​ការពារ​ទម្លាប់​ការងារ «៩៩៦» ដោយ​គ្មាន​ការកែប្រែ និង​ផ្តល់យោបល់​ថា ក្រុមហ៊ុន​មិនគួរ​បង្ខំ​ឲ្យ​បុគ្គលិក​ពួកគេ​ធ្វើការ​លឿ​ស​ម៉ោង​នោះទេ ប៉ុន្តែ​បុគ្គលិក​វ័យក្មេង​ពេញកម្លាំង គួរ​យល់​ដឹងថា «​គ្មាន​ការឈឺចាប់ ក៏​គ្មាន​ការរីកចម្រើន​ដែរ​»៕
 

Tag:
 ចិន​
  ជេ​ក ម៉ា​
  996
© រក្សាសិទ្ធិដោយ thmeythmey.com