អន្តរជាតិ
គ្រាប់បែក​អា​តូ​មិច​អាមេរិក​បញ្ចប់​សង្គ្រាមលោក​ទី​២ តែ​បង្កើត​សង្គ្រាមត្រជាក់​
20, Apr 2019 , 8:29 pm        
រូបភាព
រូបភាព៖ Getty Image
រូបភាព៖ Getty Image
​ការ​វាយ​ហា​រលើ​កោះ ហា​វ៉ៃ​របស់​សហរដ្ឋអាមេរិក​យ៉ាងដំណំ​ពី​សំណាក់​ជប៉ុន​ចុងឆ្នាំ ១៩៤១ ជំរុញ​ឲ្យ​អាមេរិក​ចូលប្រឡូក​ចូលក្នុង​សង្គ្រាមលោកលើកទីពីរ​។ ក្នុង​សង្គ្រាម​នេះ​ជប៉ុន និង​អាមេរិក​បាន​ប្រើប្រាស់​កម្លាំងយោធា និង​ចំណាយ​ជីវិត​ទាហាន​រួមជាមួយ​ធនធាន​យ៉ាងច្រើន​ដែរ​។

 
 បើតាម​គេហទំព័រ nationalww2museum.org គ្រាន់តែ​នៅ​សមរភូមិ​កោះ​អូ​គី​ណា​វ៉ា​មួយ ការប្រយុទ្ធ​គ្នា​បាន​ឆក់យក​ជីវិត​ទាហាន​អាមេរិក​ដល់​ទៅ​ប្រមាណ​ប្រាំ​ម៉ឺន​នាក់ និង​ទាហាន​ជប៉ុន​ប្រមាណ​១​សែន​នាក់​។ ដោយសារ​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក​សម័យ​នោះ​លោក Harry Truman បានសម្រេច​ចិត្ត​មិន​បញ្ជូន​ទ័ព និង​សព្វាវុធ​បន្ថែម​ទៅ​ច្បាំង​ប្រឆាំង​ជប៉ុន​ទៀត​ទេ​។​
 
​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «Atomic Bomb Dropped on Hiroshima» ចុះផ្សាយ​នៅលើ​គេហទំព័រ History បាន​ពន្យល់ថា លោក Truman បានសម្រេច​ប្រើប្រាស់​មធ្យោបាយ​ថ្មី​ដែលមាន​លក្ខណៈ​កាច​សាហាវ តែមាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ចប់សង្គ្រាម​ឲ្យ​បាន​រហ័ស និង​មិន​ចំណាយ​ជីវិត​ទាហាន​ច្រើន​។ មធ្យោបាយ​នោះ​គឺ​ការប្រើប្រាស់​គ្រាប់បែក​អា​តូ​មិច​។ 
 
​ភ្លាមនោះ អាមេរិក​ចាប់ផ្តើម​សាងសង់​រោងចក្រ និង​ស្រាវជ្រាវ​បច្ចេកទេស​ដែល​អាចបង្កើត​អាវុធ​ប្រភេទ​នេះ​បាន​។ ក្នុងពេល​តែមួយ​ដែល​អាល្លឺម៉ង់​ក៏បាន​ស្រាវជ្រាវ​ដើម្បី​ផលិត​គ្រាប់បែក​អា​តូ​មិច​ដែរ​។​
 
 តែ​ក្នុង​ខែកក្កដា ឆ្នាំ​១៩៤៥ អាមេរិក​បានសម្រេច​កា​រ​ផលិត​អាវុធ​នេះ ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ខឹងសម្បារ​ខ្លាំង​ដែរ​។ មិន​បង្អង់​យូរ អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​អា​តូ​មិច​ពីរ​គ្រាប់ ដែលមាន​ឈ្មោះ​ក្រៅ​ថា Fat Man និង Little Boy លើ​ទីក្រុង​ជប៉ុន​ចំនួន​ពីរ​។​
 
 ទីមួយ​គឺ ទីក្រុង Hiroshima ថ្ងៃទី​៦ ខែសីហា ដែល​បានសម្លាប់​មនុស្ស​ជាង​៨​ម៉ឺន​នាក់​ភ្លាមៗ និង​ជាច្រើន​អ្នក​ដទៃទៀត​ក្រោយពេល​កើតហេតុ​។ បី​ថ្ងៃ​ក្រោយមក ទីក្រុង Nagasaki ក៏បាន​ជួបប្រទះ​ជោគវាសនា​ស្រដៀង​គ្នា​ដែរ​។ មនុស្ស​ប្រមាណ​៤​ម៉ឺន​នាក់​ទៀត​បាន​បាត់បង់​ជីវិត​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ជប៉ុន​ព្រម​ចុះចាញ់​សង្គ្រាម​។ 
 
​គ្រាប់បែក​អា​តូ​មិច បានធ្វើ​ឲ្យ​អាមេរិក​មានអំណាច​និង​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ពិភពលោក​។ ប៉ុន្តែ​រឿងនេះ​ក៏បាន​ធ្វើ​ឲ្យ​សហភាពសូវៀត​មិន​សប្បាយចិត្ត​ឡើយ​។ ទំនាក់ទំនង​រវាង​អាមេរិក និង​សហភាពសូវៀត​កាន់តែ​ល្អក់កករ​បន្តិច​ម្តងៗ​។ ក្នុង​ឆ្នាំ​១៩៤៩ សូ​វៀតបាន​ស្រាវជ្រាវ​ផលិត​គ្រាប់បែក​អា​តូ​មិច​ផ្ទាល់ខ្លួន ដើម្បី​ប្រកួត​ជាមួយនឹង​លោកខាងលិច ហើយ​វាក​ជា​ពេលដែល​សង្គ្រាមត្រជាក់​រវាង​មហាអំណាច​នុយក្លេអ៊ែ​ទាំងពីរ​ចាប់ផ្តើម​ដែរ​៕ 
 

Tag:
 ជប៉ុន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com