អន្តរជាតិ
អាជ្ញាធរ​ក្រុង Hai Phong របស់​វៀតណាម គ្រោង​ធ្វើ​ផ្លូវ​ដោយ​ប្រើ​សំណល់​ប្លា​ស្ទិ​ក​កែច្នៃ
21, Apr 2019 , 9:29 am        
រូបភាព
ដោយ:
​អាជ្ញាធរ​ក្រុង Hai Phong របស់​វៀតណាម មាន​គម្រោង​ប្រើប្រាស់​សំណល់​ប្លា​ស្ទិ​ក​កែច្នៃ​ដើម្បី​សាងសង់​ផ្លូវថ្នល់​ដែល​អាច​ជាប់​ធន់​ជាង​មុន និង​ល្អ​សម្រាប់​បរិស្ថាន ជំនួស​ការ​បណ្តែតបណ្តោយ​ឲ្យ​វា​ក្លាយជា​កន្លែង​គំនរ​ចាក់សំរាម​។ អាជ្ញាធរ អះអាងថា គំនិត​ផ្តួចផ្តើម​នេះ នឹង​បង្កើត​ទីផ្សារ​សម្រាប់​សំណល់​ប្លា​ស្ទិ​ក​។​

 
​គម្រោង​ដ៏​ប្រពៃ​នេះ នឹង​ក្លាយជា​កិច្ចប្រឹងប្រែង​លើកទីមួយ​បង្អស់​របស់​វៀតណាម ដោយ​ទីក្រុង​នេះ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ រួមមាន Dow Vietnam និង DEEP C Industrial Complex ដើម្បី​សម្រេច​គោលដៅ​នេះ​។  នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam Express ។​
 
​ផ្លូវ​ប្រវែង​មួយ​គីឡូម៉ែត្រ​ដំបូង ដែល​ឆ្លងកាត់​ក្នុង​តំបន់ឧស្សាហកម្ម Deep C ក្នុង​ទីក្រុង Hai Phong ភាគ​ខាងជើង​ប្រទេស​វៀតណាម ត្រូវ​រំពឹងថា នឹងត្រូវ​បញ្ចប់​ការធ្វើ​រួចរាល់​នា​ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។ សម្រាប់​កំណត់​ផ្លូវ​នេះ វា​ត្រូវការ​ប្លា​ស្ទិ​ក​ប្រមាណ​៤​តោន​ដែល​ស្មើនឹង ១​លាន​ថង់​ប្លា​ស្ទិ​ក​។ ប្លា​ស្ទិ​ក​ទាំងនេះ នឹងត្រូវ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Dow វៀតណាម​។ 
 
​បើតាម​ប្រភព​ដដែល ក្រោយ​បញ្ចប់​ការសាងសង់ ផ្លូវ​នេះ នឹងត្រូវ​ធ្វើ​ពិសោធន៍​សាកល្បង​ដោយ​សកល​វិទ្យាល័យ Vietnam Maritime មុននឹង​បន្ត​ពង្រីក​ផ្លូវ​នេះ​បន្ថែមទៀត​។ វត្ថុ​ធា​ត​ដើម​ចម្បង​ដែល​យកទៅ​ប្រើប្រាស់​ក្នុង​ផលិតកម្ម​ផ្លូវថ្នល់​នេះ ជា​ប្រភេទ​ប្លា​ស្ទិ​ក​ម្យ៉ាង​ដែល​ងាយស្រួល​បត់បែន​ក្រោយ​មនុស្ស​ប្រើប្រាស់​រួច​។ 
 
​និយាយ​អំពី​ដំណើរការ​នៃ​ផលិតកម្ម​របស់​វា​។ បន្ទាប់ពី​ត្រូវ​យកទៅ​សម្អាត ធ្វើ​ឲ្យ​ស្ងួត និង​កាត់​ជា​ដុំ​តូចៗ ប្លា​ស្ទិ​ក​នេះ នឹងត្រូវ​យកទៅ​លាយ​បញ្ចូល​ជាមួយ​កៅស៊ូ​ធ្វើ​ថ្នល់​នៅ​សីតុណ្ហភាព​ចាប់ពី ១៥០ ទៅ ១៨៩ អង្សា​។ នៅ​កម្រិត​កម្តៅ​នេះ វត្ថុធាតុដើម​នេះ នឹង​រលាយ​ចូលគ្នា​ទាំងស្រុង​ជាមួយ​កៅស៊ូ​ធ្វើ​ថ្នល់ ដែល​ធានា​ពី​គុណភាព​ជាប់​បានយូរ​នៃ​ផ្លូវ​ប្រភេទ​នេះ​។ 
 
​ជាមួយ​ការកែច្នៃ​ប្លា​ស្ទិ​ក​សម្រាប់​គោលដៅ​បែបនេះ គម្រោង​នេះ ក៏​នឹង​ជួយ​កាត់បន្ថយ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ថែម​ទៀតផង​។ ត្រង់ចំណុច​នេះ អគ្គនាយក​ក្រុមហ៊ុន Dow លោក Ekkasit Lakkananithiphan គូសបញ្ជាក់ថា ផ្លូវថ្នល់​ដែល​ផលិត​ចេញពី​ប្លា​ស្ទិ​ក​កែច្នៃ​បែបនេះ គឺជា​ភស្តុតាង បង្ហាញថា សំណល់​ប្លា​ស្ទិ​ក ទំនងជា​ក្លាយជា​ប្រភព​ថាមពល​កកើត​ឡើងវិញ​ដ៏​មានតម្លៃ​មួយ ដែល​នឹងចូលរួម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បែប​រង្វង់​ប្លា​ស្ទិ​ក​របស់​វៀតណាម​។ 
 
​លោក Ekkasit និយាយ​បន្តទៀតថា ក្រុមហ៊ុន​លោក ធ្លាប់មាន​បទពិសោធន៍ ជួយ​សាងសង់​ផ្លូវ​ប្រវែង​ជាង ៩០​គីឡូម៉ែត្រ ពី​សំណល់​ប្លា​ស្ទិ​ក ក្នុងប្រទេស​ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ និង​សហរដ្ឋអាមេរិក​។ យោងតាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​វៀតណាម ប្រទេស​នេះ បោះចោល​សំណល់​ប្លា​ស្ទិ​ក​ប្រមាណ ២៥០០​តោន​ក្នុង​មួយថ្ងៃ​៕

Tag:
 វៀតណាម​
  សំណល់​ប្លា​ស្ទិ​ក​
  ផ្លូវជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com