ជាតិ
សេដ្ឋកិច្ច
អាយ៉ៃឆ្លើយឆ្លងតាមហ្វេសប៊ុករវាងទូតអាមេរិក និងចិន ជុំវិញពាណិជ្ជកម្មនៅកម្ពុជា
× ស្ថានទូតមហាអំណាចអាមេរិក និងចិន តាមរយៈទំព័រហ្វេសប៊ុករៀងៗខ្លួន បានឌឺដងដាក់គ្នាទាក់ទងសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា។ កាលពីថ្ងៃទី១៩ ខែមេសា ទូតអាមេរិកបានសរសេរថា ចិនជាដៃគូពាណិជ្ជកម្មធំជាងគេនៅកម្ពុជា តែទំនាក់ទំនងនេះ ចិនចំណេញខ្លាំងជាង។ មួយថ្ងៃក្រោយ ពោលគឺនៅថ្ងៃទី២០ ខែមេសា ទូតរបស់មហាយក្សចិន បានក្រើនរំលឹកមិត្តកម្ពុជាថា អាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថាបញ្ហាឱនភាពពាណិជ្ជកម្ម។
ហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចុះផ្សាយតារាងប្រៀបធៀបតួលេខមួយទាក់ទងនឹងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងកម្ពុជា-អាមេរិក កាលពីឆ្នាំ២០១៧។ នៅលើតារាងបង្ហាញថា កម្ពុជានាំចូលពីចិនក្នុងទំហំទឹកប្រាក់៥២៨៦លានដុល្លារអាមេរិក ហើយនាំចេញទៅចិនវិញតែ៧៥៣លានដុល្លារតែប៉ុណ្ណោះ។
«ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ»។ នេះបើតាមសំណេរនៅលើហ្វេសប៊ុកទូតអាមេរិក ដោយបង្ហាញថា ការនាំចូលពីអាមេរិក មានទំហំតែ៤០០លានដុល្លារប៉ុណ្ណោះ ខណៈកម្ពុជាបានផលពីការនាំចេញទៅអាមេរិកវិញ រហូតដល់ទៅ៣០៦៦លានដុល្លារឯណោះ។
ជាមួយនឹងសំណេរជាភាសាខ្មែរ និងអង់គ្លេស ដោយភ្ជាប់ Hashtag #fullpictureKH ទូតអាមេរិកបានបញ្ជាក់ថា៖«នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្ត្រសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្ត្រសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន»។
មួយថ្ងៃក្រោយមក សាររបស់ទូតអាមេរិក មិនអាចធ្វើឲ្យចិននៅស្ងៀមបាននោះឡើយ។ «មិត្តកម្ពុជាទាំងអស់ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម»។ នេះជាសារនៅឃ្លាដំបូងរបស់ទូតចិនប្រចាំកម្ពុជា ដែលសរសេរជាភាសាខ្មែរ ចិន និងអង់គ្លេស។
ស្ថានទូតចិន បានបញ្ជាក់ថា វាជារឿងធម្មតាទេ ព្រោះនៅក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេចទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។
«វាគឺជាភាពសកម្មបំផុតរបស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ៣,០០០គីឡូម៉ែត្រ»។ នេះជាការរំលឹករបស់ស្ថានទូតចិន ដោយចោទសួរទៅវិញថា៖ «ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យមួយនេះ? ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ»?។
មិនមែនជាសង្គ្រាមពាណិជ្ជកម្ម តែជាអាយ៉ៃឆ្លើយឆ្លង។ ពលរដ្ឋខ្មែរ ដែលអ្នកខ្លះមាននិន្នាការទៅខាងចិន អ្នកខ្លះមាននិន្នាការទៅខាងអាមេរិក បានបញ្ចេញទស្សនៈ និងការយល់ឃើញរៀងៗខ្លួនផងដែរនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតទាំងពីរ៕
Tag:
ពាណិជ្ជកម្ម
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com