ជាតិ
សុខភាព
​រដ្ឋមន្ត្រី​អប់រំ​ណែនាំ​ឲ្យ​ថែរក្សា​ដើមឈើ​តាម​គ្រឹះស្ថានសិក្សា ដើម្បី​ទប់ទល់​កម្តៅ​ដែល​នឹង​ឡើងដល់​៤០​អង្សារ​
21, Apr 2019 , 7:29 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ កម្ពុជា​ទទួលរង​កម្តៅ​កើនឡើង​ដល់​៤០​អង្សារ​ក្នុង​ខែមេសា និង​ខែឧសភា​។ ការកើនឡើង​កម្តៅ​បែបនេះ ជា​ក្តីបារម្ភ​របស់​ក្រសួង​ដែល​ក្រើនរំលឹក​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន បុគ្គលិក​អប់រំ និង​អ្នកសិក្សា ត្រូវ​ពង្រឹង​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព​ឲ្យ​មែនទែន ដើម្បី​ជៀសផុត​ពី​ជំងឺ​បេះដូង​,​រលាក​សួត​,​រលាក​ស្បែក ជាដើម ដែល​បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ហួតហែង​។



​នៅក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ លោក​រដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន បាន​ណែនាំ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ណែនាំ​សិស្ស​ឲ្យ​ដាំ​ដើមឈើ និង​ថែរក្សា​ដើមឈើ​ដែលមាន​ស្រាប់​ក្នុង​បរិវេណ​គ្រឹះស្ថាន ដើម្បី​ធ្វើជា​ម្លប់ និង​កាត់​បន្ថយកម្តៅ​,​ត្រូវ​អប់រំ​សិស្ស​ឲ្យ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើ​ប្រចាំថ្ងៃ និង​គ្រប​ឲ្យ​ជិត ដើម្បី​បង្ការ​មូស​ខ្លា​ពង​ដាក់​ដែល​អាច​បង្ក​ជំងឺគ្រុនឈាម​, ត្រូវ​ណែនាំ​ឲ្យ​សិស្ស​ប្រើប្រាស​ស់​សម្លៀកបំពាក់​ស​មរ​ម្យ រលុង ស្តើង ស្រាល និង​មាន​ពណ៌​ភ្លឺ​, បើកទ្វារ បង្អួច​នៃ​បន្ទប់រៀន​ឲ្យ​បាន​ភ្លឺ​ស្រឡះ និង​ត្រូវ​ណែនាំ​សិស្ស​ឲ្យ​លេង​តែ​នៅក្នុង​ម្លប់ ឬ​នៅក្នុង​ថ្នាក់រៀន​នៅពេល​ចេញលេង​។

​ជាមួយគ្នា​ផងដែរ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ឲ្យ​ពលរដ្ឋ បើសិន​មាន​បញ្ហា​សុខភាព​ដែល​បណ្តាលអោយមាន​រាក ក្អួត ក្តៅខ្លួន និង​សន្លប់ សូម​ស្វែងរក​ការព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​។​

​សូមបញ្ជាក់ថា ការ​ទទួលរង​កម្តៅ​ហួតហែង​បែបនេះ​ដោយសារតែ​កម្ពុជា​ទទួល​រង​នូវ​បាតុភូត អែល​នី​ណូ​(El Nino) ដែល​ធ្វើ​ឲ្យ​ក្តៅ​ខ្លាំង​នៅ​ខែមេសា និង​ឧសភា​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕


© រក្សាសិទ្ធិដោយ thmeythmey.com