ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងក្រុមហ៊ុន Huawei ដែលបានដាក់ចេញដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើន ដែលរួមចំណែកក្នុងផលិតកម្មរបស់ក្រុមហ៊ុនចិននេះ។ ដោយសម្លឹងឃើញពីបញ្ហាប្រឈមនានាដែលអាចកើតមានឡើង រដ្ឋបាលអាមេរិក កាលពីថ្ងៃទី២០ ខែឧសភា បានសម្រេចពន្យារពេលការអនុវត្តទណ្ឌកម្មលើក្រុមហ៊ុន Huawei សម្រាប់រយៈពេល៩០ថ្ងៃ ។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បានលក់ផ្នែក Hardware ដូចជា Chip ជាដើម ទៅឲ្យក្រុមហ៊ុនទូរសព្ទ Huawei ដែលប៉ាន់ស្មានជាទឹកប្រាក់ចំនួន ១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨។ ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅដោយក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ជុំវិញកង្វល់សន្តិសុខជាតិ។
សម្រាប់ទណ្ឌកម្មនេះ អាមេរិកដាក់បម្រាមយ៉ាងកំហិតលើក្រុមហ៊ុនអាមេរិកទាំងអស់ដែលផលិត Hardware និង Software ពីការលក់ទៅឲ្យក្រុមហ៊ុនចិន Huawei ប្រសិនបើគ្មានអាជ្ញាបណ្ណពិសេសពីក្រុងវ៉ាស៊ីនតោនទេនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ទំនងជាមើលឃើញពីបញ្ហាប្រឈមដែលអាចកើតមាន ក្រោយដាក់ទណ្ឌកម្មភ្លាមៗពេកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី២០ ខែឧសភា បានសម្រេចពន្យារពេលការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huawei សម្រាប់រយៈពេល ៩០ថ្ងៃ។ ត្រង់ចំណុចនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ការអនុគ្រោះនេះ មានគោលដៅកាត់បន្ថយផលប៉ះពាល់ភ្លាមៗពេក លើក្រុមហ៊ុនផ្គត់ផ្គង់របស់អាមេរិក។
តាម AFP ក្រសួងពាណិជ្ជកម្មអាមេរិក លើកឡើងថា ខ្លួនផ្តល់ «អាជ្ញាបណ្ណទូទៅបណ្តោះអាសន្ន» ដល់ក្រុមហ៊ុន Huawei រហូតដល់ថ្ងៃទី ១៩ ខែសីហា ។ អាជ្ញាបណ្ណបណ្តោះអាសន្ននេះ អនុញ្ញាតឲ្យមានការផ្តល់សេវាកម្មសំខាន់ក្នុងប្រព័ន្ធប្រតិបត្តិការ Android រួមមាន ការដំឡើង Software និងពង្រឹងសុវត្ថិភាពនៃប្រព័ន្ធទូរសព្ទ ដោយអនុលោមតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ មុនថ្ងៃទី១៦ ខែឧសភា។
ឥទ្ធិពលនៃការដាក់ទណ្ឌកម្មប្រឆាំង Huawei លើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក
ទាក់ទិននឹងឥទ្ធិពលនៃទណ្ឌកម្មប្រឆាំងក្រុមហ៊ុនចិន Huawei កាសែត Bloomberg បានចុះផ្សាយកាលពីថ្មីៗនេះ ថា ក្រុមហ៊ុនផលិត Chip ទូរសព្ទ ដែលមានមូលដ្ឋាននៅអាមេរិក រួមមាន Intel, Qualcomm, Broadcom និង Xilinx បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនពួកគេ នឹងផ្អាកការដឹកជញ្ជូនផលិតផលខ្លួនទៅឲ្យក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតទូរសព្ទលំដាប់លេខ២ លើពិភពលោក។
ក្រុមហ៊ុន Google កាលពីថ្ងៃអាទិត្យទី ១៩ ឧសភា បានប្រកាសអនុលោមតាមបទបញ្ជារបស់រដ្ឋបាលអាមេរិក ដោយកាត់ផ្តាច់ Huawei ពីការប្រើប្រាស់សេវាកម្មសំខាន់ៗមួយចំនួនក្នុងប្រព័ន្ធប្រតិបត្តិការ Android រួមមាន Gmail YouTube និង Google Maps ជាដើម។ ចំណែក ក្រុមហ៊ុន Microsoft មានមូលដ្ឋាននៅអាមេរិក ដែលផ្គត់ផ្គង់ប្រព័ន្ធប្រតិបត្តិការ Windows សម្រាប់ឧបករណ៍ Huawei ជាច្រើន ពុំទាន់បង្ហាញជំហររបស់ខ្លួនពាក់ព័ន្ធនឹងទណ្ឌកម្មប្រឆាំង Huawei ឡើយ។
ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP អ្នកជំនាញប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកបច្ចេកវិទ្យា លោក Bob O'Donnell ពន្យល់ថា រាល់ការហាមប្រាមទាំងអស់ ច្បាស់ណាស់ នឹងប៉ះពាល់ដល់ក្រុមហ៊ុន Microsoft ។ លោក និយាយបែបនេះ៖«ប្រសិនបើវាប៉ះពាល់ Google ហើយនោះ ខ្ញុំគិតថា Micosoft ក៏មិនរួចខ្លួនដែរ»៕