អន្តរជាតិ
ផលវិបាក​កើតចេញពី​«​បំពង់​បឺត​ប្លា​ស្ទិ​ក​» ដែល​មនុស្ស​ពុំ​សូវ​ចាប់អារម្មណ៍​
18, Aug 2019 , 4:59 pm        
រូបភាព
​ចំនួន​តូប​លក់​ភេសជ្ជៈ​ដែល​ប្រើ​កែវ គម្រប និង​ថង់​ប្លា​ស្ទិ​ក ជាមួយនឹង​បំពង់​បឺត​ប្លា​ស្ទិ​ក ក្នុងតម្លៃ​មួយ​ដ៏​សមរម្យ​កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​កម្ពុជា ដោយសារ​តម្រូវ​ការកើនឡើង​។ យ៉ាងណាមិញ សំរាម ទាំងនោះ​ត្រូវបាន​អ្នកប្រើប្រាស់​បោះចោល​ក្នុង​ធុង ឬ​ក្រៅ​ធុងសំរាម​ផង​។ សំណល់​ប្លា​ស្ទិ​ក ទាំងនោះ​មិន​ទៅណា​ឆ្ងាយ​ពី​បរិស្ថាន​ដែល​អ្នក គ្រួសារ​អ្នក និង​ក្មេងៗ​ជំនាន់​ក្រោយ​រស់នៅ​ឡើយ​។

 
«​បំពង់​បឺត​» មានតម្លៃ​ថោក និង​គ្មានអ្វី​ធំដុំ​នោះទេ បើ​ប្រៀបធៀប​នឹង​សម្ភារ​ផ្សេងទៀត​។ ប៉ុន្តែ​វត្ថុ​តូច​មួយ​នេះ​មាន​ចំណែក​បំពុលបរិស្ថាន​ខ្លាំង​ដែរ​។ បើតាម​ទូរទស្សន៍ National Geographic អាម​រិ​ក ប្រើប្រាស់​បំពង់​បឺត​ប្រមាណ​៥០០​លាន​ដើម​ក្នុង​មួយថ្ងៃៗ​។ ទិន្នន័យ​មួយទៀត​ក៏បាន​និយាយ​ដែរ​ថា ក្នុង​ដើមឆ្នាំ​២០១៩​នេះ យ៉ាងតិច មាន​បំពង់​បឺត​ប្រមាណ ៨,៣ ពាន់​លាន​ដើម​កំពុងតែ​បំពុល​ឆ្នេរសមុទ្រ​នានា​លើ​ពិភពលោក​។ 
 
​គេហទំព័រ​បរិស្ថាន strawlessocean.org ក៏បាន​លើកឡើង​ដែរ​ថា ដោយសារតែ​លក្ខណៈ​ស្រាល តូច និង​ទន់​របស់​វា​នេះ ទើប​ធ្វើ​ឲ្យ​ម៉ាស៊ីន​ញែក​កាកសំណល់​មួយចំនួន​ពិបាក​ក្នុង​ការញែក​វា​ចេញពី​កាកសំណល់​រឹងៗ​ដទៃទៀត​។ ដោយសារតែ​ការគ្រប់គ្រង​កាកសំណល់​ក្នុង​ទីក្រុង​មួយចំនួន នៅមានកម្រិត និង​អាកប្បកិរិយា​អ្នករស់នៅ​មិនសូវ​ស្រឡាញ់​បរិស្ថាន​គួបផ្សំ​គ្នា​ផង​នោះ បំពង់​បឺត​ទាំងនោះ អាច​ហូរ​ចូល​ទី​ក្នុង​ប្រភព​ទឹកសាប ឬ​ទឹកប្រៃ​តាមរយៈ​ខ្យល់ ឬ​តាមរយៈ​បំពង់​បង្ហូរ​លូ​នានា​ជាដើម​។ 
 
​នៅពេលដែល​ផលិតផល​ប្លា​ស្ទិ​ក​ទាំងនោះ ហូរ​ចូលទៅក្នុង​ប្រភពទឹក​ហើយ វា​នឹង​បំបែក​ទៅជា​កម្ទេច​ប្លា​ស្ទិ​ក​តូចៗ មើល​នឹង​ភ្នែក​ទទេ​មិនឃើញ ដែល​គេ​ហៅថា «​មីក្រូ​ប្លា​ស្ទិ​ក​»​។ តួលេខ​ប៉ាន់ស្មាន​មួយ​បាន​និយាយថា ក្នុង​ឆ្នាំ​២០៥០ សត្វ​សមុទ្រ​ជាង​៩៩% ក្នុង​ពិភពលោក និង​ទទួលរង​គ្រោះ​ជាមួយ​បញ្ហា​កាកសំណល់​ប្លា​ស្ទិ​ក​នៅក្នុង​ប្រដាប់​រំលាយ​អាហារ​របស់​ពួកវា​។ 
 
​បើ​អ្នក​នៅតែ​បន្ត​បណ្តែតបណ្តោយ​ឲ្យ​វា​កើតឡើង ដោយ​មិន​យកចិត្តទុកដាក់​ជាមួយនឹង​ផល​វិបត្តិ​ក្នុង​ថ្ងៃ​អនាគត នោះ​ប្រភព​អាហារ​ដែលមាន​មកពី​ស​មុ​ទ្រ ប្រភព​ទឹកសាប​ដែល​យើង​ពិសា​រៀងរាល់ថ្ងៃ និង​ប្រភព​អំបិល​ចម្អិនម្ហូប នឹងត្រូវ​បាន​បំពុល​ដោយ​ពពួក​មីក្រូ​ប្លា​ស្ទិ​ក​។ មនុស្ស​ក្មេងៗ​ជំនាន់​ក្រោយ​នឹង​ទទួលរង​បញ្ហា​ទាំងអស់នេះ​។ 
 
​ប៉ុន្តែ​លោកអ្នក​អាច​កាត់បន្ថយ​វា​បន្តិចៗ​ម្តង​បាន​។ ក្នុង​ឆ្នាំ​២០១៨ ទីក្រុង Seattle នៃ​សហរដ្ឋអាមេរិក​បានកំណត់​ឲ្យ​ឈប់​ប្រើប្រាស់​ផលិតផល​បំពង់​បឺត​ប្លា​ស្ទិ​ក ហើយ​ក្នុង​ឆ្នាំ​២០២០ ហាង​កាហ្វេ Starbucks នឹង​ប្រើប្រាស់​បំពង់​បឺត​ដែល​ផលិត​ចេញពី​សារធាតុ​សារី​រា​ង្គ ដែលមាន​ដូចជា​ក្រដាស​វិញ​ឲ្យ​បាន​កាន់តែច្រើន​ទៅៗ​។ 
 
​ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍ Alaska ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ដទៃទៀត​ដែល​នឹង​បញ្ឈប់​ការប្រើប្រាស់​បំពង់​បឺត​ប្លា​ស្ទិ​ក​។ សម្រាប់​លោកអ្នក​វិញ ការមិន​ប្រើប្រាស់​បំពង់​ប្លា​ស្ទិ​ក​សម្រាប់​ការ​ពិសា​កាហ្វេ ឬ ទឹក​ផ្លែឈើ ការប្រើប្រាស់​បំពង់​បឺត​ផលិត​ចេញពី​បំពង់​ឫស្សី គឺជា​សកម្មភាព​មួយចំនួន​ដែល​នឹង​ជួយសង្គ្រោះ​បរិស្ថាន​ដែល​អ្នក និង​កូន​របស់​អ្នក រួមទាំង​សត្វ និង​រុក្ខជាតិ​ជាច្រើន​ដទៃទៀត​កំពុង​រស់នៅ​៕

Tag:
 ប្លា​ស្ទិ​ក​
  សំណល់​
  បំពង់​បឺត
© រក្សាសិទ្ធិដោយ thmeythmey.com