គំនិតមួយ
ជាតិ
ពីនេះ ពីនោះ
ប្រយ័ត្ន! «ធ្វើគុណមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់អស់»!
×
ដោយសាស្ត្រាចារ្យ ឈត ប៊ុនថង
ភ្នំពេញ៖ ជាទូទៅ ប្រជាជនដែលរស់នៅក្នុងសង្គមឬរដ្ឋមួយ តែងតែត្រូវបានជំរុញឱ្យប្រព្រឹត្តអនុលោមទៅតាមនិយាមសង្គម ដូចជា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា និងសីលធម៌ ជាដើម។ លើសពីនេះទៀត ពួកគេក៏ត្រូវបានចាប់បង្ខំឱ្យគោរពច្បាប់រដ្ឋផងដែរ។ ទោះបីជាពួកគេខិតខំព្យាយាមប្រព្រឹត្តល្អយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចគេចផុតពីការថ្លោះធ្លោយម្ដងមួយកាលធ្លាក់ក្នុងទង្វើអាក្រក់ដែរ។ ការជ្រុលជ្រួសម្ដងមួយកាលនេះ ត្រូវបានមតិខ្លះវិនិច្ឆ័យថា អាចធ្វើឱ្យរលាយបាត់អស់នូវផលល្អ ឬកេរ្ដិ៍ឈ្មោះល្អដែលបុគ្គលឬក្រុមណាមួយបានកសាងកន្លងមក។ ហេតុនេះហើយបានជាមានសុភាសិតមួយលើកឡើងថា «ធ្វើគុណមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់អស់»។ តើសុភាសិតនេះ មានអត្ថន័យដូចម្ដេច? ហើយវាមានបង្កប់ខ្លឹមសារអប់រំយ៉ាងណាដែរ?
មុននឹងបកស្រាយសុភាសិតនេះ យើងគួរគប្បីយល់ដឹងនូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ «គុណ» គឺសំដៅយកដំណើរធ្វើឱ្យចម្រើនឡើង សេចក្ដីចម្រើន លក្ខណៈឬសេចក្ដីល្អនិងកុលសភាព ដែលកើតឡើងពីអំពើល្អ។ «ទោស» គឺជាកំហុស ឬអកុសលភាព ដែលកើតឡើងពីអំពើអាក្រក់ អំពើអសីលធម៌ និងអំពើល្មើសច្បាប់។ «សំពៅ» សំដៅយកនាវាធំៗ ដែលក្នុងសម័យបុរាណគេសម្រាប់ដឹកមនុស្ស ឬទំនិញឆ្លងកាត់ទន្លេ សមុទ្រ ឬមហាសាគរ ហើយបច្ចុប្បន្ននេះគេប្រើកាណូត ឬកប៉ាល់ធំៗជំនួសវិញ។ «គុណមួយរយសំពៅ» គឺជាពាក្យប្រដូចដែលសំដៅយកគុណដ៏ច្រើនឥតគណនា។ «ទោសមួយ» សំដៅយកទោសដែលកើតឡើងបន្តិចបន្តួចបើប្រៀបធៀបទៅនឹងគុណដ៏មហាសាល។
«ធ្វើគុណមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់អស់» គឺជារបៀបនៃការពិចារណា ការវាយតម្លៃ ឬការថ្លឹងថ្លែងបែបអនុមានរួម ដោយផ្ដើមចេញពីភស្តុតាងតែមួយ ឬភស្តុតាងមួយចំនួនណានោះ បន្ទាប់សន្និដ្ឋានថា សភាពឬលក្ខណៈរបស់ក្រុមទាំងមូល ឬក៏អ្វីមួយទាំងមូលមានសភាពឬលក្ខណៈដូច្នោះដែរ។ សុភាសិតនេះ មានលក្ខណៈដូចសុភាសិតខ្មែរមួយទៀត គឺ«ត្រីមួយត្រក ស្អុយតែមួយ ស្អុយទាំងអស់»។ តាមពិទទៅ សច្ចភាពនៃការសន្និដ្ឋានបែបអនុមានរួមនេះ មិនមានសភាពិតដាច់ខាតទេ។ ការសន្និដ្ឋានបែបនេះពេលខ្លះអាចពិត ប៉ុន្តែ ពេលខ្លះក៏វាមិនពិតដែរ ពីព្រោះភស្តុងតាងតែមួយ ឬភស្តុងតែមួយចំនួន មិនអាចតំណាងឱ្យសភាពឬលក្ខណៈពិតរបស់ក្រុមទាំងមូល ឬអង្គទាំងមូលបានទេ។
ទោះបីជាយ៉ាងណាក៏ដោយ បើយើងពិនិត្យមើលចេតនារបស់សុភាសិតនេះ គឺបុព្វបុរសខ្មែរចង់បណ្ដុះគំនិតឱ្យប្រជាជនខ្មែរមានការប្រុងប្រយ័ត្នខ្ពស់ កុំឱ្យធ្លាក់ទៅក្នុងការប្រព្រឹត្តខុស អសីលធម៌ និងល្មើសច្បាប់ ដែលអាចនាំឱ្យមានកំហុសឆ្គងកើតឡើងជាយថាហេតុ។ លើសពីនេះទៀតទម្រង់នៃការអប់រំបែបនេះ មានលក្ខណៈជាការបំភ័យក្នុងបំណងរារាំងមិនឱ្យសមាជិកសង្គមប្រព្រឹត្តខុសឆ្គងទោះបីដោយចេតនា ឬអចេតនាក៏ដោយ។
ជារួម ថ្វីបើសុភាសិតនេះ មានទម្រង់ជាការពិចារណាបែបអនុមានរួម ដែលសន្និដ្ឋានរបស់វាផ្អែកលើតែភស្តុតាងមួយ ឬភស្តុតាងមួយចំនួនក៏ដោយ ក៏ពេលខ្លះវាអាចពិតដែរ ដូចជា ក្នុងករណី ទឹកស្អាតដែលមានទឹកកខ្វក់ឬទឹកមានមេរោគហូរចូលតែបន្តិចក៏វាអាចក្លាយទៅជាទឹកមិនស្អាតដែលមិនមិនគួរផឹកដែរ។ អ្វីដែលយើងគួរចាប់អារម្មណ៍នោះ គឺចេតនារបស់សុភាសិតនេះ ចង់អប់រំប្រជាជនខ្មែរឱ្យរក្សានូវការប្រព្រឹត្តល្អជានិច្ចកុំឱ្យថ្លោះធ្លោយ។ ហេតុនេះ យើងគួរតែស្វែងយល់ពីសុភាសិតនេះឱ្យបានច្បាស់លាស់ ផ្សព្វផ្សាយវាឱ្យបានទូលំទូលាយ និងអនុវត្តវាឱ្យបានហ្មត់ចត់ និងប្រកបដោយការពិចារណាត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើឱ្យសង្គមរបស់យើងរស់នៅដោយសុខដុម៕
© រក្សាសិទ្ធិដោយ thmeythmey.com