ជាតិ
រដូវ​នេសាទ​២០១៩-២០២០ ចាប់ផ្តើម​ពីថ្ងៃ​ទី​១​តុលា ដល់​៣០​មិថុនា​ឆ្នាំក្រោយ​
06, Oct 2019 , 3:29 pm        
រូបភាព
​ភ្នំពេញ​៖​រដូវ​បើក​នេសាទ​ឆ្នាំ​២០១៩-២០២០ ចាប់ផ្តើម​ពីថ្ងៃ​ទី​១​តុលា​នេះ ដល់​ថ្ងៃទី​៣០​មិថុនា​ឆ្នាំ​២០២០​។ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល ដែន​នេសាទ​ត្រូវ​បែង​ចែកជា​ពីរ​គឺ​ដែន​នេសាទ​ខាងជើង និង​ត្បូង នៃ​ទន្លេសាប និង​ចតុមុខ​។ 



​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១​តុលា ដល់​ថ្ងៃទី​៣១ ខែឧសភា ពលរដ្ឋ​អាច​នេសាទ​នៅ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅ​ខាងជើង​ស្រប​ទន្លេចតុម្មុខ មាន​ខេត្ត​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប រួមទាំង​បណ្តា​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​ប៉ែក​ខាងជើង​។   ដោយឡែក​ខេត្តស្ទឹងត្រែង ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែតុលា រហូតដល់​ថ្ងៃទី​១ ខែឧសភា​។​

​ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅ​ខាងត្បូង ស្រប​ទន្លេចតុម្មុខ រួមមាន​ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និង​មួយផ្នែក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​នៅ​ប៉ែក​ខាងត្បូង​នៃ​ទន្លេចតុម្មុខ នឹង​បើក​ឲ្យ​មានការ​នេសាទ​ចាប់ពី​ថ្ងៃទី​១ វិច្ឆិកា ដល់​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០២០​។

​នៅ​រដូវ​បើក​នេសាទ ប្រជាពលរដ្ឋ​អាចធ្វើ​អាជីវកម្ម​នេសាទ​នៅក្នុង​ដែន​នេសាទ​ទឹកសាប​នេះ ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ ហើយ​អ្នកនេសាទ​ត្រូវមាន​លិខិតអនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នេសាទ មាន​កាតព្វកិច្ច​បង់ពន្ធ និង​ថ្លៃឈ្នួល​នេសាទ​ជូន​រដ្ឋ​។ ក្រៅពីនេះ​អ្នកនេសាទ​ត្រូវគោរព​តាម​បទបញ្ជា ដែល​មានចែង​លិខិត​ក្នុង​អនុញ្ញាត​សម្រាប់ធ្វើ​នេសាទ​។​

​រីឯ​អ្នកនេសាទ​ដែល​ចង់​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ម៉ាញ់ នៅ​ដង​ទន្លេមេគង្គ និង​ដង​ទន្លេសាប នៅ​ទីតាំង​ដែល​រាជរដ្ឋាភិបាល​បានអនុញ្ញាត ត្រូវសុំ​លិខិតអនុញ្ញាត​ធ្វើ​នេសាទ នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម ដើម្បី​បាន​ប្រកបមុខរបរ​នេះ​,​ទទួល​ការណែនាំ​ពី​សមត្ថកិច្ច​ជំនាញ និង​ស្វែងយល់​ពីបទ​បញ្ជា​ពាក់ព័ន្ធ​នានា​ដល់​ការធ្វើ​នេសាទ ដើម្បី​ធានា​និរន្តរភាព​នៃ​ធនធាន​ជលផល​៕

Tag:
 ជលផល
© រក្សាសិទ្ធិដោយ thmeythmey.com