អន្តរជាតិ
៤​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់បោះ​ក្នុង​រង្គសាល​ទីក្រុង Kansas
07, Oct 2019 , 10:53 am        
រូបភាព
ប្រភពរូប៖ CNN
ប្រភពរូប៖ CNN
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​អាជ្ញាធរ​អាមេរិក បានបញ្ជាក់​ឲ្យ​ដឹងថា មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត ដោយ​ក្នុងនោះ​មាន​ពីរ​នាក់​ជា​ជនជាតិ​ម៉ិ​ក​ស៊ិ​ក និង​៥​នាក់​ទៀត​បាន​រងរបួស បន្ទាប់ពី​មានការ​ផ្ទុះអាវុធ​នៅ​រង្គសាល​មួយកន្លែង​ក្នុង​ទីក្រុង Kansas​។​



​ប៉ូលីស​ប្រចាំ​តំបន់​Kansas នៅ​ថ្ងៃអាទិត្យ​ទី​៦​កន្លងទៅនេះ បាន​បង្ហោះ​សារ​លើ​បណ្តាញ Twitter ខ្លួន​ថា​៖«​យើង​បាន​រកឃើញ​មនុស្ស​ចំនួន​៩​ដែល​បាន​ស្លាប់​និង​របួស​នៅ​កន្លែងកើតហេតុ​ក្នុង​រង្គសាល​មួយ​ឈ្មោះថា Tequila KC​។ មនុស្ស​៤​នាក់​បាន​ស្លាប់ ហើយ​៥​នាក់​ទៀត​បាន​រងរបួស ដោយបាន​រកឃើញ​នៅ​ខាងក្រៅ​»​។
​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​ក៏បាន​បន្ថែមទៀតថា ពេលនេះ​ស្ថានភាព​របស់​ជន​ទាំង​៥​នាក់​នេះ​មានការ​ល្អប្រសើរ​ហើយ​។​

​សូមបញ្ជាក់ថា ការស៊ើបអង្កេត​របស់​ប៉ូលីស​នៅ​ទីនោះ បានចង្អុលបង្ហាញ​ថា ការផ្ទុះអាវុធ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​ជម្លោះ​នៅក្នុង​បារ​នោះ ហើយ​ជនសង្ស័យ​ពីររូប​មាន​កាំភ្លើង​នៅក្នុង​ដៃ និង​បាន​រត់គេច​ពី​កន្លែងកើតហេតុ​។ យ៉ាងណាមិញ ប៉ូលិស​កំណត់​បាន​រូប​ភាព​របស់​ជនសង្ស័យ​ទាំងពីរ ហើយ​បាន​សុំ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ប្រាប់​ទីតាំង​របស់​ជនសង្ស័យ​ទាំងពីរ​ផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com