ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កាហ្វេអ៊ីន អាចធ្វើឲ្យសម្ពាធឈាមកើនឡើងក្នុងរយៈពេលខ្លី
× កាហ្វេអ៊ីន អាចធ្វើឲ្យសម្ពាធឈាមកើនឡើងក្នុងរយៈពេលខ្លី ប៉ុន្តែវាមិនបានធ្វើឲ្យសម្ពាធឈាមកើនខ្ពស់ខ្លាំងនោះទេ។ ពុំទាន់មានមូលហេតុច្បាស់លាស់ណាមួយ ដែលបញ្ចាក់ថាពីការកើនឡើងសម្ពាធឈាមនោះឡើយ។
អ្នកស្រាវជ្រាវខ្លះបានជឿថា ជាតិកាហ្វេអ៊ីនអាចនឹងរារាំងអ័រម៉ូនដែលអាចជួយរក្សាការរីកនៃសរសៃឈាមអាកទែ។ អ្នកផ្សេងទៀត បានគិតថាជាតិកាហ្វេអ៊ីនបណ្តាលឲ្យក្រពេញលើតម្រងនោមបញ្ចេញ adrenaline បន្ថែមទៀត ដែលជាហេតុបណ្តាលឲ្យសម្ពាធឈាមកើនឡើង។
ចំពោះអ្នកដែលផឹកកាហ្វេជាទៀងទាត់ មានសម្ពាធឈាមខ្ពស់ជាងអ្នកដែលមិនផឹកសោះ ហើយអ្នកដែលផឹកកាហ្វេជាទៀងទាត់ អាចនឹងមានភាពស៊ាំជាមួយកាហ្វេបានច្រើនជាង។ ដូច្នោះ កាហ្វេអ៊ីនមិនបានធ្វើឲ្យកើតមានផលប៉ះពាល់រយៈពេលវែងទៅលើសម្ពាធឈាមនោះទេ ប៉ុន្តែវាអាចនឹងបណ្ដាលឲ្យសម្ពាធឈាមកើនខ្លាំង ចំពោះបុរសដែលមានអាយុច្រើនជាង ៧០ ឆ្នាំ ឬអ្នកដែលលើសទម្ងន់។
ប្រសិនបើអ្នកមានសម្ពាធឈាមកើនខ្ពស់ ចូរអ្នកសាកសួរគ្រូពេទ្យថាតើអ្នកគួរតែកាត់បន្ថយ ឬបញ្ឈប់ការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដែរឬទេ។ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃជាតិកាហ្វេអ៊ីនលើសម្ពាធឈាម អ្នកត្រូវព្យាយាមកំណត់ចំនួនកាហ្វេអ៊ីន ដោយទទួលទានត្រឹមតែ ២០០ មីលីក្រាមក្នុងមួយ ដែលប្រហែលជា ៣៥៥ មីលីលីត្រ។
អ្នកត្រូវចងចាំថា បរិមាណនៃជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ និងភេសជ្ជៈ គឺប្រែប្រួលតៅតាមម៉ាករបស់វា។ ដូចគ្នានេះផងដែរ អ្នកត្រូវជៀសវាងការផឹកកាហ្វេ និងភេសជ្ជៈដែលមានសារជាតិកាហ្វេអ៊ីនមុនពេលធ្វើសកម្មភាពមួយចំនួនដូចជាការធ្វើលំហាត់ប្រាណ ការលើកទម្ងន់ ឬការធ្វើពលកម្មខាងរាងកាយដែលលំបាក។
ដើម្បីដឹងពីសារជាតិកាហ្វេអ៊ីនថាអាចបង្កើនសម្ពាធឈាម អ្នកត្រូវពិនិត្យមើលសម្ពាធឈាមក្នុងរយៈពេល ៣០ ទៅ ១២០ នាទី បន្ទាប់ពីផឹកកាហ្វេ ឬភេសជ្ជៈជាតិកាហ្វេអ៊ីន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com