ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឱ្យក្រុមហ៊ុនចិន បង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន នៅសៀមរាប លោក សុខ ចន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)
× ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តជាផ្លូវការឱ្យបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន នៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន មានទុនវិនិយោគចំនួន២៧,៥លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់CDC កាលពីថ្ងៃទី១១តុលា ឆ្នាំ២០១៩។
បើតាមCDC ក្រុមហ៊ុនវិនិយោគចិននោះមានឈ្មោះថា ANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD ហើយតាមរយៈគម្រោងនេះនឹងអាចបង្កើតការងារបានជាង២០០កន្លែង សម្រាប់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅក្នុងតំបន់នោះតែម្តង។
ជាមួយគ្នានេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុនផ្សេងៗចំនួន៦ទៀត បង្កើតរោងចក្រនៅតំបន់ផ្សេងពីគ្នាផងដែរ។ គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង៦នេះ មានប្រមាណ៣២,២លានដុល្លារ ព្រមទាំងអាចបង្តើតឱកាសការងារបានរហូតទៅដល់ជាង៤ពាន់កន្លែង។
ក្រុមហ៊ុនវិនិយោគដែលCDCបានអនុម័តទាំងនោះមាន CAMBODIAN NOBLE TASTE FOOD CO., LTD គ្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានតម្លៃជាង១៦លានដុល្លា នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមហ៊ុន M.H.K.Y Manufactures CO., LTD ចំណាយទុនវិនិយោគ២,២លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ-ម៉ូតូកង់បី និងក្រុមហ៊ុន HONGFAXIANG INDUSTRIAL CO., LTDគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងផ្សំកាបូប ក្នុងទំហំទឹកប្រាក់ជិត៤លានដុល្លារ នៅខេត្តកណ្តាល។ ក្នុងនោះគម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ-ម៉ូតូកង់បី មានទីតាំងនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។ រីឯគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងផ្សំកាបូបវិញ ស្ថិតនៅក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល។
រីឯក្រុមហ៊ុន ZHENG MENG Cosmetics CO., LTD មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាងតម្លៃ២,៤លានដុល្លារ និងក្រុមហ៊ុន HON CHUAN (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតសំបកដបប្លាស្ទីក គំរបដបប្លាស្ទីក និងផ្លាកសញ្ញាបិទលើដបគ្រប់ប្រភេទតម្លៃ៤,៧លានដុល្លារ។ គម្រោងពីរទាំងនេះមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែក គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឱ្យ វិស័យសំណង់ វិនិយោគ ២,៧លានដុល្លារ របស់ ក្រុមហ៊ុន BRIDGE INDUSTRY (CAMBODIA) CO., LTD មានទីតាំង នៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើតាមCDC៕
Tag:
វិនិយោគ
CDC
សៀមរាប
ព្រះសីហនុ
កណ្តាល
កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com