អន្តរជាតិ
អាជ្ញាធរក្រុងហាណូយ គ្រោងបិទអាជីវកម្មកាហ្វេតាមបណ្តោយផ្លូវរថភ្លើង តាមរយៈហាងកាហ្វេនៅតាមបណ្តោយផ្លូវរថភ្លើង (Train Street) ទេសចរនិយមទៅថតរូបយ៉ាងខ្លាំង ប៉ុន្តែអាជ្ញាធរមានកង្វល់លើបញ្ហាសុវត្ថិភាព។ រូបថត AFP
× ក្រោមហេតុផលព្រួយបារម្ភសុវត្ថិភាព អាជ្ញាធរក្រុងហាណូយ គំរាមបិទអាជីវកម្មហាងកាហ្វេនៅតាមបណ្តោយផ្លូវដែលមានរថភ្លើងឆ្លងកាត់។ តំបន់ទាំងនោះ ដែលមានឈ្មោះថា «Train Street» ក្លាយជាទីតាំងទេសចរណ៍ដ៏ពេញនិយម ប៉ុន្តែវាក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ ដោយមនុស្សជាច្រើនចូលចិត្តនាំគ្នាថត Selfie ដោយមិនប្រុងប្រយ័ត្ន។
រដ្ឋធានីហាណូយ ជាទីតាំងទេសចរណ៍ដ៏សំខាន់របស់វៀតណាម ជាពិសេសភ្ញៀវពីលោកខាងលិច ដោយសារតែសំណង់អគារចាស់ៗ និងមធ្យោបាយទាក់ទាញផ្សេង។ ផ្លូវរថភ្លើងដែលសាងសង់កាលពីសម័យបារាំងនាអំឡុងឆ្នាំ១៩០២ បានទាក់ទាញអ្នកទេសចរជាច្រើន ដោយពួកគេនាំគ្នាទៅហាងកាហ្វេដែលនៅក្បែរនោះ ហើយនាំគ្នាថត Selfie ទុកជាអនុស្សាវរីយ៍។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរក្រុងហាណូយ យល់ថា ជីវិតមនុស្សគឺជាអាទិភាព ដូច្នេះពួកគេមិនបណ្តោយឲ្យមានដំណើរអាជីវកម្ម ដែលមានរថភ្លើងឆ្លងកាត់ដ៏មមាញឹកនោះឡើយ។ យោងតាម CNN លោក Ha Van Sieu អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ហាងកាហ្វេតាមបណ្តោយផ្លូវរថភ្លើងពិតជាទាក់ទាញទេសចរច្រើន ប៉ុន្តែវាក៏មានករណីរំលោភបទបញ្ជាមួយចំនួនផងដែរ»។
ដោយមិនបញ្ជាក់ឲ្យបានច្បាស់ពីបទបញ្ជា មន្ត្រីរូបនេះ បានអះអាងថា «Train Street» ត្រូវតែជាទីតាំងដែលមានសុវត្ថិភាព ដែលទេសចរទាំងអស់ត្រូវយល់ដឹង។ ប៉ុន្តែករណីនេះ អាចប្រើពេលវេលាយូរ ដោយសារតែម្ចាស់ហាងកាហ្វេភាគច្រើនគឺជាពលរដ្ឋដែលស្ថិតនៅមូលដ្ឋាននោះផ្ទាល់
© រក្សាសិទ្ធិដោយ thmeythmey.com