អន្តរជាតិ
តើដឹងទេថា សេះសមុទ្រឈ្មោលមានតួនាទីជាអ្នកបង្កើតកូន?
× សមុទ្រគឺជាពិភពមួយដែលសម្បូរទៅដោយរឿងដ៏ភ្ញាក់ផ្អើលដែលបកស្រាយពីជីវិតសត្វនានានៅលើភពផែនដី។ ជម្រៅដ៏ជ្រៅ ទីតាំងសណ្ឋានដីដ៏ស្មុគស្មាញ និងគ្មានពន្លឺគ្រប់គ្រាន់ បានធ្វើឲ្យពិភពសមុទ្រមួយនេះជាកន្លែងមួយលំបាកខ្លាំងសម្រាប់ការស្រាវជ្រាវ។ ក្នុងនោះមានរឿងរ៉ាវមួយដែលហាក់បីដូចជាផ្ទុយទៅនឹងច្បាប់ធម្មជាតិក្នុងការបង្កើតកូន។ ក្នុងនោះគឺសត្វសេះសមុទ្រ។
តាមការបកស្រាយរបស់គេហទំព័រទូរទស្សន៍ National Geographic សត្វសេះសមុទ្រគឺជាសត្វដែលមានលក្ខណៈប្លែកមួយដោយសារតែចំពោះសត្វមួយនេះ ភេទឈ្មោលគឺជាអ្នកពរពោះ និងបង្កើតកូន។ ពួកគេចូលចិត្តរស់នៅតាមតំបន់សមុទ្ររាក់ៗនៃតំបន់ក្តៅហើយសើមត្រូពិច នានាជុំវិញពិភពលោក។
វាមានទំហំចាប់ពី១សង់ទីម៉ែត្រ រហូតទៅដល់៣០សង់ទីម៉ែត្រ ជាមួយនឹងកន្ទុយរាងគួច ក្នុងការតោងខ្លួនជាមួយដើមរុក្ខជាតិសមុទ្រ និងមាត់ដូចបំពង់ ក្នុងការស៊ីសត្វសមុទ្រតូចៗ ដូចជាពពួក«គ្រូស្តារសេ»ជាដើម។
ខ្លួនប្រាណរបស់វាលូតលាស់ឡើងជាមួយនឹងគ្រោងឆ្អឹងដ៏រឹង។ សព្វថ្ងៃ គេបានរកឃើញ៣២ប្រភេទនៃសត្វសេះសមុទ្រ នៅក្រោមឈ្មោះវិទ្យាសាស្ត្រថា Hippocampus ។ ក្នុងការធ្វើចំណែកថ្នាក់សត្វតាមបែបទ្រឹស្តីវិទ្យាសាស្ត្រ គេបានចាត់ទុកថា សេះសមុទ្រមិនមែនជាសេះទេ វាគឺជាពពួកត្រី។
ទោះបីជាខ្លួនប្រាណដ៏រឹងមាំរបស់ពួកគេអាចការពារខ្លួនពីសត្វរំពារក្នុងទឹកមែន តែវាមិនអាចការពារខ្លួនឯងពីការនេសាទរបស់មនុស្សនោះឡើយ។ សេះសមុទ្រត្រូវបានគេនេសាទយ៉ាងកាចសាហាវសម្រាប់ការយកធ្វើជាថ្មាំបុរាណ។
ប៉ុន្តែទិន្នន័យជាក់លាក់នៃការនេសាទសេះសមុទ្រមួយនេះមិនទាន់ត្រូវបានគេធ្វើឡើងឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ បើនិយាយពីសត្វឈ្មោលវិញ ពួកគេអាចបង្កើតកូនម្តងបានរហូតទៅដល់២០០០ក្បាលម្តង។ ការពរពោះអាចមានរយៈពេល១០ ទៅ២៥ថ្ងៃ អាស្រ័យលើប្រភេទ។
វាចាប់ផ្តើមដំបូងពីការបន្ទាក់កន្ទុយរវាងសត្វញី និងសត្វឈ្មោលជាមួយគ្នា ហើយការបន្តពូជអាចធ្វើឡើងរហូតទៅដល់៨ម៉ោង។ ក្រោយមក សត្វញីនឹងបញ្ចូលពងតូចៗទៅឲ្យ
សរីរាង្គចិញ្ចឹមនៃសត្វឈ្មោល។
ស្ពែរម៉ាតូសូអ៊ីត (កោសិកាបន្តពូជឈ្មោល) នឹងត្រូវបានបញ្ចូលទៅកាន់ពងនៅក្នុងសារីរាង្គចឹញ្ចិមនៃសត្វឈ្មោល។ ពងតូចៗនឹងលូតលាស់នៅក្នុងខ្លួនសត្វឈ្មោល រហូតដល់ពេលដែលវាញាស់។ នៅពេលដែលញាស់ សត្វឈ្មោលនឹងប្រឹងកន្ត្រាក់សាច់ដុំបាញ់កូនតូចៗទាំងនោះចេញមកក្រៅ។ កូនសេះសមុទ្រមិនត្រូវបានមេបាមើលថែនោះទេ។
ក្នុងចំណោម១០០០ក្បាល មានតែតិចជា៥ក្បាលប៉ុណ្ណោះដែលអាចរស់នៅដល់វ័យបន្តពូជ។ ចំពោះសត្វញី នៅពេលដែលសត្វឈ្មោលរវល់ពរពោះ សត្វញីក៏រវល់បង្កើតពងបន្ថែមទៀតដែរសម្រាប់សត្វឈ្មោល។ ពេលខ្លះ សត្វសេះសមុទ្រឈ្មោលអាចបង្កើតកូនពេលព្រឹក ហើយពរពោះបន្តទៀតនៅពេលល្ងាច៕
Tag:
ចំណេះដឹងទូទៅ
សេះសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com