អន្តរជាតិ
ព្យុះ Hagibis៖ ជប៉ុនពង្រីកប្រតិបត្តិការរុករកជនរងគ្រោះ ខណៈអ្នកស្លាប់កើនជិត២០នាក់ កងកម្លាំងសរុបប្រមាណ២៧០០០នាក់ បានធ្វើប្រតិបត្តិការផ្លូវគោក ទឹក និងអាកាស។ រូបថត AFP
× អាជ្ញាធរជប៉ុន បន្តប្រតិបត្តិការសង្គ្រោះ និងរុករកអ្នកបាត់ខ្លួន ក្រោយការវាយប្រហារដោយព្យុះកំណាច Hagibis កាលពីថ្ងៃសៅរ៍កន្លងមក។ គិតត្រឹមរសៀលថ្ងៃអាទិត្យ ទី១៣ ខែតុលា នេះ មនុស្ស១៨នាក់ហើយដែលបានបាត់បង់ជីវិត។ នេះបើតាមការផ្សាយរបស់ BBC។
កងកម្លាំងប្រដាប់អាវុធជប៉ុនរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការរុករក និងជួយសង្គ្រោះជីវិតបន្ថែមទៀត។ ករណីស្លាប់ត្រូវបានរាយការណ៍ថា ភាគច្រើនបណ្តាលមកពីការបាក់ដី និងជាប់គាំងក្នុងរថយន្ត ដែលបោកបក់ទៅតាមរលកជំនន់ទឹកភ្លៀង។
ព្យុះ Hagibis បានបង្កឲ្យមានការបាក់ដីចាប់ពីភាគខាងត្បូងក្រុងតូក្យូ ហើយបន្តទៅភាគខាងជើង។ ក្រោយមកក៏បានឲ្យមានជាគ្រោះទឹកជំនន់។ បណ្តាញព័ត៌មានរដ្ឋ NHK បានអះអាងថា បច្ចុប្បន្ន មនុស្ស១៣នាក់កំពុងបាត់ខ្លួននៅឡើយ ខណៈប្រមាណ៧លាននាក់ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
កងកម្លាំងសរុបប្រមាណ២៧០០០នាក់ បានធ្វើប្រតិបត្តិការផ្លូវគោក ទឹក និងអាកាស ជាពិសេសតាមមើលលើដំបូងផ្ទះ ដើម្បីស្វែងរកពលរដ្ឋដែលត្រូវការការជួយសង្គ្រោះ។ ផ្ទះប្រមាណ៤០០ ០០០ខ្នង ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី ខណៈសេវាកម្មរថភ្លើង និងជើងហោះហើរ ក៏ត្រូវបានផ្អាកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com