FIFA
កីឡាជាតិ
ជាតិ
លោក Honda ថា សុខចិត្តយកជម្រើសដែលបានលទ្ធផលដ៏ឈឺចាប់ ជាជាងលេងការពារ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ រូបថត FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ពិតជាមិនអាចឈ្នះអ៊ីរ៉ង់បានឡើយ! លោក Keisuke Honda ដឹង លោក Felix Dalmas ដឹង ក្រុមកីឡាករដឹង អ្នកគាំទ្រក៏សុទ្ធតែដឹង។ ៤៥នាទីដំបូងនៃជំនួបពូល C វគ្គជម្រុះ World Cup ជុំទីពីរ ក្រុមលេខ១អាស៊ី បានស៊ុតបាល់បញ្ចូលទី៧គ្រាប់ក្នុងការប្រកួតដែលស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ ពោលគឺចំនួនស្ត្រីអ៊ីរ៉ង់រហូតដល់ទៅ៣៥០០នាក់ទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋាន Azadi ក្រុងតេហេរ៉ង់។ អ៊ីរ៉ង់បន្តវាយសម្រុកនៅតង់ទីពីរ ប៉ុន្តែកម្ពុជាបែរមិនលេងបែបការពារ ហើយបណ្តាលឲ្យម្ចាស់ផ្ទះរកបាន៧គ្រាប់បន្ថែមទៀត ដោយបញ្ចប់ក្នុងលទ្ធផលរហូតដល់ ១៤-០។
សម្រាប់លោក Keisuke Honda ១៤-០ ពិតជាលទ្ធផលដ៏ឈឺចាប់បំផុត ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិជប៉ុនរូបនេះ បន្តដឹកនាំក្រុមទៅតាមជម្រើសដែលបានព្រៀងទុករបស់ខ្លួន។ «ការប្រកួតចាញ់អ៊ីរ៉ង់ គឺជាការប្រកួតដែលអាចឲ្យយើងដឹងថា តើយើងនៅកន្លែងណា?»។ នេះជាការសំដីរបស់លោក Honda ហើយត្រូវបានដកស្រង់យកទៅផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។
ហេតុអ្វី? វីរបុរសក្រុមជម្រើសជាតិជប៉ុន បានអះអាងថា «ជាការពិត បើសិនជាខ្ញុំជ្រើសរើសយុទ្ធសាស្ត្រលេងបាល់វែង ឬលេងទម្រង់ការពារ ប្រហែលជាយើងអាចចាញ់ត្រឹម៤គ្រាប់ទៅ៥គ្រាប់ប៉ុណ្ណោះ វាដូចជាការប្រកួតជម្រុះ World Cup មុនៗ អ៊ីចឹង ប៉ុន្តែវាមិនបានទទួលអ្វីមកវិញទេ ដើម្បីភាពរីកចម្រើននៃបាល់ទាត់កម្ពុជាទៅថ្ងៃអនាគត»។
លោក Honda ទទួលស្គាល់ថា ការចាញ់អ៊ីរ៉ង់ដល់ទៅ១៤-០ ជាលទ្ធផលដ៏ឈឺចាប់បំផុតរបស់ក្រុមជម្រើសជាតិកម្ពុជា។ លោកបានបន្ថែមថា៖ «អ្នកដែលចងចាំការប្រកួតនោះយូរជាងគេ អ្នកនោះក៏អាចជោគជ័យក្នុងអាជីពបាល់ទាត់របស់ខ្លួនដ៏យូរអង្វែងជាងគេផងដែរ»។
ក្រោយបរាជ័យដ៏ធ្ងន់ធ្ងរនៅតេហេរ៉ង់ កម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍អ៊ីរ៉ាក់នាល្ងាចថ្ងៃទី១៥ ខែតុលា។ នៅក្នុងពូល C អ៊ីរ៉ង់ឈរលើកំពូលតារាង ដោយមាន៦ពិន្ទុ រីឯអ៊ីរ៉ាក់ និងបារ៉ែន ដែលទើបប្រកួតបាន២លើកដូចគ្នា មាន៤ពិន្ទុ។ កម្ពុជា និងហុងកុង ដែលប្រកួតបាន៣លើកទៅហើយនោះ ទើបមាន១ពិន្ទុរៀងៗខ្លួន៕
Tag:
ជម្រើសជាតិកម្ពុជា
World Cup
Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com