ជាតិ
សហគមន៍១២៥កន្លែងនៅកម្ពុជា កំពុងទាក់ទាញភ្ញៀវទេសចរ សហគមន៍ទេសចរណ៍ជីផាត ក្នុងខេត្តកោះកុង
× ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាមានសហគមន៍ចំនួន១២៥កន្លែង ដែលកំពុងមានសកម្មភាពទាក់ទាញទេសចរណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។ ក្នុងចំណោមសហគមន៍ទាំងជាង១០០នេះ មាន៧៩សហគមន៍ក្នុងខេត្តចំនួន២០ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។
សហគមន៍ទាំងនោះមាន សហគមន៍អេកូទេសចរណ៍ឃុំព្រះរំកិលខេត្តស្ទឹងត្រែង, សហគមន៍ទេសចរណ៍ជ្រាវ បឹងរាំងនៅសៀមរាប, សហគមន៍ចំបក់ខេត្តកំពង់ស្ពឺ, សហគមន៍កាទៀងនៅរតនគីរី, សហគមន៍អេកូទេសចរណ៍ជីផាត នៅកោះកុង....ជាដើម។
បើតាមក្រសួងទេសចរណ៍ ក្រៅពីសហគមន៍ខាងលើក៏មានសហគមន៍តំបន់ការពារធម្មជាតិ១៦៨កន្លែងទៀត ក្នុងនោះមាន២០សហគមន៍ មានបញ្ចូលសកម្មភាពទេសចរណ៍ ដែលស្ថិតនៅការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងមានមួយចំនួនទៀតស្ថិតនៅក្រោមចំណុះរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បានឱ្យដឹងថា សហគមន៍ដែលនៅក្រោមចំណុះក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានជាង ២,៣០០កន្លែង ក្នុងនោះសហគមន៍តែ១០០កន្លែងខាងលើប៉ុណ្ណោះ ដែលមានសកម្មភាពទេសចរណ៍។
ក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ខិតខំប្រែក្លាយសហគមន៍ដែលមិនទាន់មានសកម្មភាពទេសចរណ៍ ទៅជាសហគមន៍ដែលទាក់ទាញភ្ញៀវទេសចរ តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍ ការរុករក និងការបង្កើតផលិតផលទេសចរណ៍ថ្មី ទោះបីសហគមន៍នោះស្ថិតនៅក្រោមការគ្រប់គ្រងឬមិនគ្រប់គ្រងរបស់ក្រសួងណាមួយក៏ដោយ។
តាមរយៈកិច្ចប្រជុំនេះ ក៏ជំរុញឱ្យមានការបណ្ដុះបណ្ដាលដល់ប្រជាសហគមន៍នូវស្ដង់ដាបច្ចេកទេស ក៏ដូចជាចំណេះដឹងពាក់ព័ន្ធនឹងការទទួលបដិសណ្ឋារកិច្ច និងការពារសុវត្ថិភាពជូនភ្ញៀវទេសចរ បញ្ហាការពារបរិស្ថាន ការទុកដាក់សំរាម ការពង្រឹងគុណភាពសេវាកម្ម និងអនាម័យជាដើម។ ពិសេសការកសាងផ្លូវតភ្ជាប់ទៅកាន់សហគមន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការតបណ្ដាញទឹកស្អាត បណ្ដាញអគ្គិសនី។
សូមសម្រាប់ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ បានរួមចំណែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ពន្យារពេលស្នាក់នៅរបស់ទេសចរ និងចំណូលផ្ទាល់ទៅដល់ប្រជាជនមូលដ្ឋាន។ ជាក់ស្តែង តាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) វិស័យទេសចរណ៍វប្បធម៌មានចំណែកទីផ្សារប្រមាណ ៥០ភាគរយ នៃទីផ្សារទេសចរណ៍សកលលោក ហើយមានកំណើនប្រចាំឆ្នាំក្នុងអត្រាប្រមាណ ៦ភាគរយ។
ដោយឡែក វិស័យទេសចរណ៍កម្ពុជាវិញ ផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ រួមចំណែកទីផ្សារប្រមាណ៥០ភាគរយនៃទីផ្សារសរុប, ផ្នែកតំបន់ឆ្នេរមានចំណែកទីផ្សារប្រមាណ២០ភាគរយ ផ្នែកអេកូទេសចរណ៍មានប្រមាណ ២០ភាគរយ និងទីផ្សារទេសចរណ៍កីឡា និងកម្សាន្តផ្សេងៗទៀត ប្រមាណ១០ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com