អន្តរជាតិ
ជប៉ុន​៖ ចំនួន​អ្នកស្លាប់​បាន​កើន​ដល់​៣៥​នាក់ ខណៈ​ព្យុះ​Hagibis ថមថយ​ឥទ្ធិពល​
14, Oct 2019 , 10:45 am        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ក្រុម​អ្នករុករក​ជប៉ុន​បាន​ចាប់ធ្វើការ​តាំងពី​ទាបភ្លឺ​ថ្ងៃទី​១៤ ខែតុលា ដើម្បី​ចូលទៅ​ដល់​តំបន់​ដែល​រងគ្រោះ​ទឹកជំនន់ និង​ការបាក់​ដី​ដោយសារ​ព្យុះ​កំណាច Hagibis ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​នៅ​ថ្ងៃទី​១៤ ខែតុលា ថា អ្នកស្លាប់​បាន​កើនឡើង​ដល់​៣៥​នាក់​ហើយ​។​



​ព្យុះ​ទី​ហ្វុ​ង Hagibis បាន​ចាក​ចេញពី​ទឹកដី​ជប៉ុន​នៅ​ថ្ងៃទី​១៣ ខែតុលា ប៉ុន្តែ​ព្យុះ​នេះ​បាន​បង្ក​អោយ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​នឹង​តំបន់​មួយចំនួនទៀត​បាន​រង​ការខូចខាត​។ ក្រុម​អ្នក​ជួយសង្គ្រោះ​ជាង​១០​ម៉ឺន​នាក់​រួមទាំង​កងកម្លាំង​យោធា​ជាង​៣​ម៉ឺន​នាក់​ទៀត បា​នរក​រុក​ចូលដល់​តំបន់​ដែលមាន​ការបាក់​ដី​ដោយសារ​ភ្លៀង​ខ្លាំង និង​ទឹកជំនន់ នៅ​យប់​ថ្ងៃទី​១៣​ឈានចូល​ថ្ងៃទី​១៤ ខែតុលា​នេះ​។

​បើតាម​រដ្ឋាភិបាល​ជប៉ុន មនុស្ស​១៤​នាក់​បាន​ស្លាប់​និង ១១​នាក់​ទៀត​បាន​បាត់​ខ្លួន​។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តំបន់​រងគ្រោះ​បាន​អះអាងថា មាន​មនុស្ស​៣៥​នាក់​ហើយ​បាន​បាត់​បង់ជីវិត និង​មនុស្ស​១១​នាក់​ទៀត​បាន​បាត់​ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​តំបន់​មួយចំនួន​ដូចជា Nagano ដែល​នៅ​កណ្តាល​ប្រទេស​ជប៉ុន បាន​រង​ការវាយប្រហារ​ទឹកជំនន់​ដែល​បាន​លិច​ផ្ទះ​រហូតដល់​ជាន់​ទី​ពីរ​ឯណោះ​។ មន្ត្រី​យោធា និង​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​ឧ​ទ្ធ​មាគ​ចក្រ​ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​ដែល​បាន​ជាប់​នៅក្នុង​ផ្ទះ​ពួកគេ​។ ចំណែក​ក្រុម​ជួយសង្គ្រោះ​វិញ​បាន​ប្រើប្រាស់​ទូក​ដើម្បី​ជម្លៀស​ប្រជាជន​នៅ​តំបន់ Kawagoe ភាគ​ខាងជើង​ជប៉ុន​ដែល​រងគ្រោះ​ទឹកជំនន់​នេះ​យ៉ាងខ្លាំង​។​

​ដោយសារ​មានការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ជប៉ុន​ដែលជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​Rugby World Cup បាន​បង្ខំចិត្ត​ផ្អាក​ការប្រកួត​មួយចំនួន​សិន​។​
​ខណៈដែល​ព្យុះ Hagibis បាន​ថមថយ​ឥទ្ធិពល សេវា​រថភ្លើង​បាន​បើក​ដំណើរការ​បណ្ដើរៗ​។​អាកាសយានដ្ឋាន​ចំនួន​ពីរ​កន្លែង​ក៏បាន​បើក​ដំណើរការ​ផងដែរ បើទោះបីជា​ជើងយន្តហោះ​ជាច្រើន​បាន​លុបចោល​ក្ដី​។​

​គួររំលឹកថា ព្យុះ Hagibis បាន​បោកបក់​មកលើ​កោះ Honshu របស់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សៅ​រិ៍ ទី​១២ កន្លងទៅ​ដែលមាន​ល្បឿន​ខ្យល់​២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ មកទល់នឹង​ល្ងាច​ថ្ងៃទី​១៣ ផ្ទះ​ជាង​១១​ម៉ឺន​ខ្នង​ត្រូវបាន​កាត់ផ្តាច់​ចរន្តអគ្គិសនី និង​មួយចំនួនទៀត​ជួបប្រទះ​នឹង​ការ​កាត់ផ្តាច់​ទឹក​នៅឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com