អន្តរជាតិ
ប្រមុខដឹកនាំតៃវ៉ាន់ ប្តេជ្ញាការពារដែនកោះពីការគាបសង្កត់ផ្នែកសេដ្ឋកិច្ច និងការគំរាមកំហែងយោធា
× ការបាត់បង់សម្ព័ន្ធមិត្តរាប់ទសវត្សរ៍ជាបន្តបន្ទាប់ មិនត្រឹមតែរុញច្រានកោះតៃវ៉ាន់ឲ្យកាន់តែឯកោប៉ុណ្ណោះនោះទេ ទំនោរនេះ ក៏បានធ្វើឲ្យតៃវ៉ាន់កាន់តែធ្លាក់ឥទ្ធិពលនៅក្នុងតំបន់ទាំងផ្នែកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពារជាតិផងដែរ។ ក៏ប៉ុន្តែមេដឹកនាំតៃវ៉ាន់ បានប្តេជ្ញាចំពោះមុខប្រជាជនរបស់ខ្លួនរួចហើយថាមិនអនុញ្ញាតឲ្យប្រទេសណាមួយគៀបសង្កត់តៃវ៉ាន់បានឡើយ។
តាមរយៈសុន្ទរកថាប្រចាំឆ្នាំនៅថ្ងៃ១០ តុលាកន្លងទៅ លោកស្រីប្រធានាធិបតី Tsai Ing-wen បានប្រកាសដាច់ខាតក្នុងការការពារអធិបតេយ្យ និងប្រជាធិបតេយ្យរបស់ដែនកោះ និងថ្កោលទោសដាច់អហង្ការលើការទូតឈ្លានពាន និងការគំរាមកំហែងយោធារបស់ចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។
លោកស្រីប្រធានាធិបតី លើកឡើងថា រដ្ឋាភិបាលចិនដីគោក កំពុងតែប្រឈមនឹងតម្លៃប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់សកល តាមរយៈការអនុវត្តគោលការណ៍ផ្តាច់ការនិយម ជាតិនិយម និងអំណាចសេដ្ឋកិច្ច។ តាមលោកស្រី Tsai គោលនយោបាយការទូត និងការប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ចិន បង្កជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
លោកស្រីប្រធានាធិបតី គូសបញ្ជាក់ត្រង់ៗថា ចិន កំពុងតែអនុវត្តគោលនយោបាយដាក់គំនាបលើតៃវ៉ាន់ ក៏ប៉ុន្តែក្នុងនាមជារដ្ឋសមាជិកមួយនៅក្នុងតំបន់ និងឈរលើគោលការណ៍តស៊ូរបស់បិតាស្ថាបនិកតៃវ៉ាន់ លោកស្រីប្រធានាធិបតី បានប្តេជ្ញាតតាំងជាមួយនឹងការគំរាមកំហែងគ្រប់រូបភាព។
គួរជម្រាបផងដែរ ក្រោយពេលអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់ពីភាពស្របច្បាប់របស់រដ្ឋាភិបាលក្រុងប៉េកាំងនៅឆ្នាំ១៩៧១មក មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលនៅរក្សាចំណងការទូតនិងកិច្ចសហប្រតិបត្តិការទូលាយជាមួយនឹងតៃវ៉ាន់។ ហើយមកទល់ពេលនេះ សម្ព័ន្ធមិត្តដែលនៅសេសសល់ពីមុន បានបន្តកាត់ផ្តាច់ចំណងពីតៃវ៉ាន់ជាបណ្តើរៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com