ជាតិ
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ បញ្ហាសណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ធ្វើឱ្យភ្ញៀវជាតិថយចុះ
× ព្រះសីហនុ៖ រយៈពេល៩ខែឆ្នាំ២០១៩នេះ ភ្ញៀវទេសចរកម្សាន្តខេត្តព្រះសីហនុសរុបជិត១,៨លាននាក់ ក្នុងនោះទេសចរអន្តរជាតិជិត៦៥ម៉ឺននាក់ និងទេសចរជាតិជាង១,១លាននាក់។ តួលេខនេះបង្ហាញថា ភ្ញៀវអន្តរជាតិកើនឡើងជាង៥០ភាគរយ ខណៈភ្ញៀវជាតិថយចុះ៥ភាគរយ។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា។
លោក សុចិត្រគ្រឹស្នា បានបញ្ជាក់ថា មូលហេតុដែលភ្ញៀវជាតិថយចុះនោះ វាអាចបណ្ដាលមកពីបញ្ហាសណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងសេវាកម្ម នៅក្នុងខេត្តព្រះសីហនុ។ ត្រង់ចំណុចនេះ លោក គ្រឹស្នា បានពន្យល់ដូច្នេះថា៖«ស្ថានភាព២ឆ្នាំចុងក្រោយ មានការវិនិយោគបរទេសច្រើន យ៉ាងគំហុកហ្នឹង ជាពិសេសអ្នកវិនិយោគជនជាតិចិន យើងឃើញហើយសំណង់ធំៗ សណ្ឋាគារស្ដង់ដារធំៗ ដែលយើងមិនធ្លាប់មាន អាជីវកម្ម សេវាកម្មស្ដង់ដារល្អៗមួយចំនួន ដែលធ្វើឱ្យមានបញ្ហាដែរ។ កាលណា ការវិនិយោគ ការសាងសង់យ៉ាងគំហុក វាធ្វើឱ្យមានបញ្ហាសណ្ដាប់ធ្នាប់ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ការខូចខាត ក៏ដូចជាតម្រូវការផ្គត់ផ្គង់ រួមទាំងផ្ទះសំណាក់មួយចំនួន ដែលអ្នកវិនិយោគ គាត់ជួលហើយ យកទៅវិនិយោគស្ដង់ដារធំៗ ។អ៊ីចឹងមានន័យផ្ទះសំណាក់តូចៗសម្រាប់ភ្ញៀវក្នុងស្រុក ដែលថវិកាគ្នាមានកម្រិតហ្នឹង (ពួកគាត់ទៅលេង) គឺវាមានការថយចុះ តែវាមានកើននៅស្ដង់ដារល្អៗច្រើន។ អ៊ីចឹងវាប៉ះពាល់ដល់អ្នកទសចរក្នុងស្រុក ដែលមានថវិកានៅមានកម្រិត រួមផ្សំហេដ្ឋារចនាសម្ព័ន្ធ…»។
សូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដូចតទៅ៖
ដោយសារមើលឃើញពីបញ្ហានេះមន្ទីរទេសចរណ៍ខេត្ត ក៏កំពុងសហការជាមួយមន្ទីរបរិស្ថាន អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទាំងនោះដែរ។ ប្រធានទេសចរណ៍ខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា បញ្ហាហេដ្ឋារចនាសម្ព័ន្ធនេះ អាជ្ញាធរខេត្តនឹងដោះស្រាយ តាមរយៈការកសាង និងជួសជុលផ្លូវខូច, រៀបចំសម្អាតបរិស្ថាន និងអនាម័យឡើងវិញ តាមរយៈការបន្ថែមកម្លាំងកម្មករ និងរថយន្តដឹកជញ្ជូនសំរាម, ដាក់មន្ត្រីការពារតាមតំបន់ឆ្នេរ , រៀបចំប្រព័ន្ធលូ តាមបែបស្ដង់ដារ និងគោលនយោបាយសំខាន់ៗ ក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ក្រៅពីនេះ ការការពារសុវត្ថិភាព និងសន្តិសុខដល់ភ្ញៀវទេសចរ ក៏ស្ថិតនៅក្នុងគោលការណ៍របស់មន្ទីរ និងអាជ្ញាធរផងដែរ។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា បញ្ហាខាងលើនេះ ខាងមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធ នឹងអាចដោះស្រាយបាន នៅក្នុងរយៈពេល២ឆ្នាំខាងមុខ។
Tag:
តាំង សុចិត្រគ្រឹស្នា
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com