អន្តរជាតិ
លោក វីដូដូ ចេញក្រឹត្យកំណត់ឲ្យមន្ត្រីជាន់ខ្ពស់និងអ្នកការទូតប្រើប្រាស់ភាសាឥណ្ឌូណេស៊ីក្នុងសុន្ទរកថាផ្លូវការទាំងអស់
× រដ្ឋាភិបាលក្រុងហ្សាការតា បានចេញក្រឹត្យមួយដោយកំណត់ឲ្យមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទាំងអស់ប្រើប្រាស់ភាសាឥណ្ឌូណេស៊ីក្នុងសុន្ទរកថាផ្លូវការទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ការណ៍ដែលក្រុងហ្សាការតាធ្វើបែបនេះ ដើម្បីជាការលើកកម្ពស់ភាសាជាតិផង និងចៀសវាងការប្រើប្រាស់ភាសាខាងក្រៅពិសេសភាសាអង់គ្លេស មិនច្បាស់ហើយបង្កជាការយល់ច្រលំផ្សេងៗ។
តាមរយៈក្រឹត្យលេខ៦៣ ដែលទើបតែចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូកូ វីដូដូ ទាំងប្រធានាធិបតី អនុប្រធានាធិបតី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីការទូត តម្រូវឲ្យប្រើប្រាស់ភាសារបស់ឥណ្ឌូណេស៊ីនៅពេលដែលថ្លែងសុន្ទរកថាផ្លូវការទាំងក្នុងស្រុក និងក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe នៅថ្ងៃទី១១ ខែតុលា។
តាមប្រភពព័ត៌មានដដែលនោះ មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងនេះ មិនត្រឹមតែត្រូវនិយាយភាសាឥណ្ឌូណេស៊ីប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែការប្រើប្រាស់នេះ ក៏ត្រូវតែស្របតាមវេយ្យករណ៍ អក្ខរាវិរុទ្ធ និងសំណង់ប្រយោគច្បាស់លាស់ផងដែរ ពោលគឺ នេះ ក៏ជាផ្នែកមួយនៃការកំណត់ឲ្យអ្នកតំណាងរបស់ប្រទេស ត្រូវតែច្បាស់លាស់ក្នុងការប្រើប្រាស់ភាសាជាតិផងដែរ។
យ៉ាងណាក៏ដោយ ក្រឹត្យនេះ ក៏នៅតែអនុញ្ញាតឲ្យប្រធានាធិបតី និងអនុប្រធានាធិបតី អាចប្រើប្រាស់ភាសាបរទសម្តងកាលបាន នៅពេលចាំបាច់ ក៏ប៉ុន្តែការប្រើប្រាស់នោះ ក៏ត្រូវបកប្រែជាភាសាឥណ្ឌូណេស៊ីផងដែរ។ តាមរយៈក្រឹត្យនេះ មានន័យថា មេដឹកនាំឥណ្ឌូណេស៊ី អាចថ្លែងសុន្ទរកថាជាភាសាជាតិរបស់ខ្លួនបានទាំងក្នុងវេទិកាអង្គការសហប្រជាជាតិ កិច្ចប្រជុំក្រុម G-20 និងកិច្ចប្រជុំអាស៊ានជាដើម។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ កន្លងមកមេដឹកនាំឥណ្ឌូណេស៊ី រាប់បញ្ចូលទាំងលោកប្រធានាធិបតី ចូកូវី ផងនោះ បានរងការរិះគន់ខ្លាំងពីបណ្តាញសង្គម ដោយសារតែការប្រើប្រាស់ភាសាអង់គ្លេសរបស់ខ្លួនមិនសូវល្អ និងមានលក្ខណៈច្របូកច្របល់ ខណៈពេលដែលកំពុងជួបជជែកក្នុងនាមជាថ្នាក់ដឹកនាំរបស់ប្រទេសផង៕
© រក្សាសិទ្ធិដោយ thmeythmey.com