ជាតិ
សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច៖ ស្រុកខ្មែរ ចាយច្រើន តែសន្សំតិច លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក(រូបពីធនាគារជាតិនៃកម្ពុជា)
× ភ្នំពេញ៖ លោក លី សូដេត អ្នកជំនាញសេដ្ឋកិច្ចពីធនាគារពិភពលោក បានឲ្យដឹងថា ប្រជាជនកម្ពុជាចាយច្រើន តែការសន្សំ និងវិនិយោគ មានតិចតួចនៅឡើយ។ លោកបញ្ជាក់ថា ការសន្សំក្នុងស្រុកតិច ហើយកម្ពុជាពឹងលើទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ច្រើន គឺមិនមានជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចក្នុងពេលយូរអង្វែងទៅមុខនោះទេ ពោលគឺអ្នកជំនាញចង់ឲ្យប្រើប្រាស់លុយរបស់ប្រជាជនក្នុងស្រុក បង្វិលចុះបង្វិលឡើង ក្នុងចរន្តសេដ្ឋកិច្ចឲ្យបានច្រើន។
«ស្រុកខ្មែរយើង ការសន្សំតិច ការវិនិយោគទាប ប៉ុន្តែយើងចាយច្រើន ហើយទៅមុខទៀតអត់ល្អទេ»។ លោក លី សូដេត អះអាងបែបនេះ។
សេដ្ឋវិទូជាន់ខ្ពស់រូបនេះ លើកឧទាហរណ៍មួយថា បើការសន្សំក្នុងស្រុកមានចំនួនច្រើន នោះក៏ជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុបញ្ចេញឥណទានក្នុងអត្រាការប្រាក់ទាបផងដែរ ព្រោះគ្រឹះស្ថានទាំងនោះមិនចាំបាច់ខ្ចីបុលពីក្រៅប្រទេស។ លោកលើកឡើងដូច្នេះថា៖«កាលណាយើងសន្សំតិច ដូចខាងមីក្រូហិរញ្ញវត្ថុនិយាយអ៊ីចឹង គឺត្រូវខ្ចីលុយពីបរទេស ដើម្បីយកមកឲ្យកសិករខ្ចី ហើយកាលណាយើងខ្ចីពីគេគឺគេយកចំណេញពីយើងមួយសា ហើយ(គ្រឹះស្ថាន)ឲ្យខ្ចីបន្តទៀត គឺត្រូវយកចំណេញទៀត អ៊ីចឹង(ការប្រាក់)ខ្ពស់»។
ប្រសាសន៍លោក លី សូដេត ក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ខែធ្នូ ៖
បើតាមលោក លី សូដេត ការសន្សំក្នុងស្រុករបស់កម្ពុជា មានប្រមាណ ជាង១០ភាគរយ នៃទំហំផលិតផលក្នុងស្រុកសរុប(GDP)ប៉ុណ្ណោះ ហើយបើក្រឡេកមើលការសន្សំរបស់ប្រជាជនចិន គឺមានដល់ទៅ៥០ភាគរយនៃGDP របស់ប្រទេសគេ។
អ្នកសេដ្ឋកិច្ចរូបនេះ ជំរុញកម្ពុជាសម្រួល និងរៀបចំឲ្យមានការសន្សំក្នុងស្រុកឲ្យបានច្រើន។ លោក លី សូដេត ប្រាប់ថា ប្រទេសផ្សេងៗបានប្រើប្រាស់ប្រាក់សន្សំក្នុងស្រុកនេះ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច និងប្រជាជនក្នុងប្រទេសរបស់គេ។ លោកបញ្ជាក់ថា កម្ពុជាត្រូវការប្រាក់សន្សំក្នុងស្រុកនេះច្រើនទៀត ហើយរដ្ឋាភិបាលក៏អាចពឹង(ខ្ចី) ប្រាក់ទាំងនោះយកមកវិនិយោគឲ្យអគ្គិសនីមានតម្លៃទាប កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ៕
Tag:
សន្សំ
កម្ចី
ការប្រាក់
លី សូដេត
វិនិយោគ
FDI
© រក្សាសិទ្ធិដោយ thmeythmey.com