ជាតិ
សាសនា / ធម៌
សង្ឃប្រកាស៖ គ្រប់វត្ត គប្បីបង្កើតការធ្វើសមាធិ ដើម្បីជួយមនុស្សគ្រប់វ័យ ឲ្យមានសុខភាពផ្លូវចិត្ត
× ក្រោយបញ្ចប់អនុសំវច្ឆរមហាសន្និបាតលើកទី២៨ មន្ត្រីសង្ឃ បានចេញសង្ឃប្រកាស នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីឲ្យព្រះសង្ឃនៅកម្ពុជា អនុវត្តសម្រាប់ឆ្នាំ២០២០។ សង្ឃប្រកាស មានព្រះហស្តលេខារបស់សម្តេចសង្ឃនាយក នន្ទ ង៉ែត និង ហត្ថលេខារបស់លោក ផ្លោក ផន រដ្ឋលេខាធិកាក្រសួងធម្មការនិងសាសនា។
ក្នុងសង្ឃប្រកាស មានចំណុចមួយ បានជំរុញឲ្យព្រះសង្ឃ យកចិត្តទុកដាក់លើការរៀបចំឲ្យមានការធ្វើសមាធិ សម្រាប់មនុស្សទូទៅ។ សង្ឃប្រកាស បានសរសេរដូច្នេះថា៖«ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពផ្លូវចិត្ត និងសន្តិភាពសង្គមខ្មែរ គណៈសង្ឃគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ពង្រីកវិស័យវិបស្សនាធុរៈ ឲ្យមានសកម្មភាពខ្លាំងក្លា និងរស់រវើកបន្ថែមទៀត នៅគ្រប់សាខានៃសាលាវិបស្សនាទាំង២៥រាជធានី-ខេត្ត»។
សង្ឃប្រកាស សរសេរទៀតថា៖«ការធ្វើសមាធិអប់រំចិត្តតាមរយៈសមថកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋាន ជាវិធីដ៏សំខាន់ដែលគួរគប្បីបង្កើតឲ្យមានតាមវត្តអារាមទូទាំងប្រទេស សំដៅធ្វើយ៉ាងណា ឲ្យមនុស្សគ្រប់វ័យ ទទួលបានចំណេះដឹង និងការបដិបត្តិនេះក្នុងវិថីជីវិត»។
ទន្ទឹមនេះ សង្ឃប្រកាស បានជំរុញឲ្យមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គ បន្តចុះអប់រំសិស្សានុសិស្សតាមសាលារៀន និងតាមសហគមន៍ ដើម្បីលើកកម្ពស់ចរិយាធម៌ សុជីវធម៌ និង សីលធម៌។ លើសពីនេះ វគ្គខ្លីនៃការបំបួសកុលបុត្រ-កុលធីតា ត្រូវបន្តសកម្មភាពឲ្យខ្លាំងក្លាបន្ថែមទៀត។
សង្ឃប្រកាស បន្ថែមថា ព្រះសង្ឃគ្រប់អង្គ ត្រូវបន្តសាមគ្គីគ្នា ដើម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ដូចជា ការជួយដល់អ្នកខ្វះខាត អ្នកខ្វះទីពឹង ជនរងគ្រោះ ជនងាយរងគ្រោះ ការជួយដល់មន្ទីរពេទ្យដែលមានតម្រូវការចាំបាច់ និង ការជួយតាមរយៈអង្គការមនុស្សធម៌ផ្សេងៗ។
ក្រៅពីនេះ សង្ឃប្រកាស បានស្នើឲ្យបន្តធ្វើកំណែទម្រង់វិស័យពុទ្ធិកសិក្សានៅគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏រឹងមាំនៃព្រះពុទ្ធសាសនា។ សង្ឃប្រកាស បានចែងចំណុសំខាន់មួយទៀតថា គណៈសង្ឃគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការរឹតបន្តឹងការប្រតិបត្តិធម៌វិន័យ ទាំងក្នុងជួរមន្ត្រីសង្ឃ ទាំងក្នុងជួរភិក្ខុសាមណេរ ដើម្បីធានានូវភាពល្អប្រសើររបស់ព្រះពុទ្ធសាសនា៕
© រក្សាសិទ្ធិដោយ thmeythmey.com