សមាគមធាងត្នោត រកឃើញថា បឹងទាំង២៦នៅរាជធានីភ្នំពេញ រងការចាក់ដីលុបទាំងអស់ ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។ សមាគមធាងត្នោត មើលឃើញថា ការលុបបឹងនេះ ធ្វើឲ្យផលប៉ះពាល់ជីវចម្រុះ និងបរិស្ថាន ហើយបង្កឲ្យមានទឹកជំនន់។ លើសពីនេះ ពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅដ្ឋាន។
សមាគមធាងត្នោត បានចេញ
របាយការណ៍ស្ដីពី «បឹងចុងក្រោយក្នុងរាជធានីភ្នំពេញ» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដោយបង្ហាញស្ថានភាពបច្ចុប្បន្ននៃបឹងនិងតំបន់ដីសើមធំៗ ដែលនៅសល់ចុងក្រោយក្នុងរាជធានីភ្នំពេញ។ របាយការណ៍ សរសេរថា ម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងរណប និងបុរីជាច្រើន បានចាក់ដីខ្សាច់លុបបឹងនិងតំបន់ដីសើមក្នុងរាជធានភ្នំពេញចាប់តាំងពីឆ្នាំ២០០៣មក។ បើតាមរបាយការណ៍ បឹង៦០ភាគរយ និងតំបន់ដីសើម៤០ភាគរយ ត្រូវបានចាក់លុប។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការធាងត្នោត ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«ការលុបបឹងនេះ ពលរដ្ឋ ត្រូវប្រឈមនឹងការបណ្ដេញចេញពីលំនៅដ្ឋាន បាត់បង់លំនៅដ្ឋាន បណ្ដាលឲ្យមានជំនន់ទឹកភ្លៀង ការបំពុលបរិស្ថាន ការបាត់បង់អាងប្រព្រឹត្តកម្មទឹកកខ្វក់បែបធម្មជាតិ និងការបាត់បង់ជីវៈចម្រុះជាដើម»។ លោក បន្ថែមថា បញ្ហាលុបបឹងនេះ នឹងប៉ះពាល់ដល់ពលរដ្ឋដែលអាស្រ័យផលពីការដាំដំណាំនៅលើផ្ទៃបឹង។
លោក សឿង សារ៉ន សង្កត់ធ្ងន់បែបនេះថា៖«បើរដ្ឋាភិបាលបញ្ឈប់ការលុបបឹងពេលនេះ ដោយមិនបន្តឬអនុញ្ញាតឲ្យលុបបឹង នឹងអាចកាត់បន្ថយផលប៉ះពាល់ខាងលើបាន»។ ទន្ទឹមនឹងនេះ លោក បានលើកឡើងថា បើរដ្ឋាភិបាលបង្កើតច្បាប់ ឬចេញអនុក្រឹត្យ ដើម្បីអភិរក្សបឹងទាំង១០ ដែលមិនទាន់លុបទាំងស្រុងនោះទេ គឺអាចកាត់បន្ថយបញ្ហាប្រឈមខាងលើបានច្រើន។
ជុំវិញការលុបបឹងនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានទេ នៅថ្ងៃទី៣០ ខែធ្នូនេះ ដោយសារលោកទាំងពីរ មិនលើកទូរស័ព្ទ។
ផ្អែកលើរបាយការណ៍របស់សមាគមធាងត្នោត បឹងទាំង១៦ ដែលត្រូវបានលុបទាំងស្រុង គឺ បឹងត្របែក១ នៅខណ្ឌចំការមន, បឹងតាម៉ាត នៅខណ្ឌដង្កោ, បឹងស្ទោរ នៅខណ្ឌច្បារអំពៅ, បឹងឈូក នៅខណ្ឌច្បារអំពៅ, បឹងសាឡាង នៅខណ្ឌទួលគោល, ប្រឡាយលូ៥ នៅខណ្ឌមានជ័យ, ត្រពាំងឈូក នៅខណ្ឌសែនសុខ, បឹងទួលពពែ នៅខណ្ឌដង្កោ, បឹងរាជសីហ៍ នៅខណ្ឌសែនសុខ, បឹងចិញ្ចឹមក្រពើ នៅខណ្ឌសែនសុខ, បឹងឈូក នៅខណ្ឌឫស្សីកែវ, បឹងពោងពាយ នៅខណ្ឌសែនសុខ, បឹងអូរអង្កាម នៅខណ្ឌឫស្សីកែវ, បឹងកក់ នៅខណ្ឌទួលគោល, បឹងសាឡាង នៅខណ្ឌឫស្សីកែវ និង បឹងទទឹងថ្ងៃ នៅខណ្ឌជ្រោយចង្វារ។
ចំណែក បឹងទាំង១០ទៀត ដែលបានចាក់ដីលុបផ្នែកខ្លះ គឺ បឹងត្របែក២ នៅខណ្ឌចំការមន, បឹងទំពុន១ និងបឹងទំពុន២ នៅខណ្ឌមានជ័យ, បឹងជើងឯក នៅខណ្ឌដង្កោនិងខណ្ឌមានជ័យ, បឹងតាមោក ឬបឹងកប់ស្រូវ នៅខណ្ឌព្រែកព្នៅ, បឹងខាំពង នៅខណ្ឌជ្រោយចង្វារ, បឹងប៉ាយ៉ាប នៅខណ្ឌឫស្សីកែវនិងខណ្ឌសែនសុខ, បឹងឈូក នៅខណ្ឌឫស្សីកែវ, បឹងក្បាលដំរី នៅខណ្ឌសែនសុខ និងបឹងសំរោង នៅព្រែកព្នៅ៕