អន្តរជាតិ
តៃវ៉ាន់ ប្រាប់​ចិន​កុំ​ឲ្យ​ចេះដឹង ក្នុង​រឿង​បោះឆ្នោត​របស់ខ្លួន​
10, Jan 2020 , 8:29 am        
រូបភាព
អ្នកគាំទ្រលោកស្រី Tsai Ing-wen បានជួបជុំគ្នានៅថ្ងៃទី៨ ខែមករា មុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់មកដល់។ រូបភាព៖ Reuters
អ្នកគាំទ្រលោកស្រី Tsai Ing-wen បានជួបជុំគ្នានៅថ្ងៃទី៨ ខែមករា មុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់មកដល់។ រូបភាព៖ Reuters
​ថ្ងៃទី​១១ ខែមករា​ខាងមុខ គឺជា​ថ្ងៃ​បោះឆ្នោត​សភា និង​ប្រធានាធិបតី​នៅ​តៃវ៉ាន់​។ មុន​ការបោះឆ្នោត​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ពោលគឺ​នៅ​ថ្ងៃទី​៩ ខែមករា រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ Joseph Wu បាន​និយាយប្រាប់​ចិន​ចំៗ​ថា លទ្ធផល​ឈ្នះ ឬ​ចាញ់​នៅក្នុង​ទឹកដី​តៃវ៉ាន់ មិនមែនជា​រឿង​របស់​ចិន​ឡើយ ហើយ​ចិន​ក៏​មិនចាំបាច់​ចេះដឹង​រឿង​របស់​តៃវ៉ាន់​ដែរ​។


 
​ថ្ងៃ​បោះឆ្នោត កាន់តែ​ខិតចូល​មកដល់ បក្ស​កាន់អំណាច​ចេះតែ​បារម្ភ​ពី​ការ​ជ្រែ​ត​ជ្រែក​ណាមួយ​ពី​ភាគី​ចិនដីគោក​។ ការបារម្ភ​នេះ មិនមែនជា​រឿង​ចម្លែក​ទេ ព្រោះ​កន្លងមក​ចិន តែងតែ​ចាត់ទុក​តៃវ៉ាន់​ថា ជា​ខេត្ត​មួយ​របស់ខ្លួន ក្រោម​គោលនយោបាយ « ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ខណៈពេល​តៃវ៉ាន់​ចាត់ទុក​ខ្លួនឯង​ថា ជា​រដ្ឋ​ឯករាជ្យ ដោយមាន​ឈ្មោះ​ជា​ផ្លូវការ​ថា «​សាធារណរដ្ឋ​ចិន​»​។ តៃវ៉ាន់ កាន់តែ​បារម្ភ​ព្រោះ​ចិន​អាច​លូកលាន់​ការបោះឆ្នោត​នេះ​។​
 
​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃទី​៩ ខែមករា រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ Joseph Wu បាន​លើកឡើងថា ចិន​មិនគួរ​ចាត់ទុក​លទ្ធផល​ឈ្នះឆ្នោត ឬ​ចាញ់ឆ្នោត​របស់​តៃវ៉ាន់ ថា​ជា​រឿង​របស់ខ្លួន​ឡើយ ព្រោះ​ចិន និង​តៃវ៉ាន់ មិនមែនជា​ប្រទេស​តែមួយ​ឡើយ​។ បើតាម​លោក Wu ចិន​អាច​ប្រើ​វិធីសាស្ត្រ​គ្រប់បែបយ៉ាង ដើម្បី​គំរាម​ដាក់​តៃវ៉ាន់​ដូចជា ការគំរាមកំហែង​តាមផ្លូវ​យោធា ការដាក់​ទំនាក់ទំនង​ការទូត​តៃវ៉ាន់​ឲ្យ​នៅតែ​ឯង ឬ​វិធីសាស្ត្រ​សេដ្ឋកិច្ច​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។ 
 
​ទំនងជា​ចង់​ដៀមដាម​ដាក់​បក្ស​គូ​មិញ​តាង ដែលមាន​និន្នាការ​ជិតស្និទ្ធ​ជាមួយ​ចិន លោក Wu បាន​ទទូច​ឲ្យ​ប្រជាជន​តៃវ៉ាន់​ទាំងអស់​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​ម្នាក់ ជៀសវៀង​ឲ្យ​ឆ្នោត​ឲ្យ​អ្នកតំណាង​របស់ខ្លួន​ខុស​។ ក្រៅពីនេះ លោក​រដ្ឋមន្ត្រីការបរទេស ក៏បាន​ឌឺ​ដាក់​ផ្លែផ្កា​ឲ្យ​ទីក្រុង​ប៉េកាំង​ផងដែរ​ថា បើ​ចិន​ចង់​ចូលរួម​លេង​ប្រព័ន្ធ​ន​យោ​បា​លទ្ធិប្រជាធិបតេយ្យ​ជាមួយ​ប្រភេទ​ផ្សេង ទីក្រុង​ប៉េកាំង គួរតែ​សាកល្បង​ការបោះឆ្នោត​នៅ​ចំនុច​មួយចំនួន​។ 
 
​កន្លងមក ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ក៏​ធ្លាប់​បញ្ចុះ​ប​ញ្ជូ​ល​ឲ្យ​ប្រជាជន​តៃវ៉ាន់​ទាំងអស់ កុំ​ខ្លាច​ទីក្រុង​ប៉េកាំង ដែល​បាន​ប្រើ​វិធី​ផ្សេងៗ​ដូចជា​ព័ត៌មាន​មិន​ពិត ការគំរាមកំហែង​យោធា ដើម្បី​បំភាន់​ការបោះឆ្នោត​នៅ​តៃវ៉ាន់​។ 
 
​សូមបញ្ជាក់ថា លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់​បច្ចុប្បន្ន នឹងត្រូវ​ការពារ​តំណែង​កៅអី​ប្រធានាធិបតី​ទល់នឹង​លោក Han Kuo-yu បេក្ខជន​មកពី​គណបក្សប្រឆាំង​គូ​មិញ​តាង ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី​១១ ខែមករា​៕

Tag:
 ​តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com