អន្តរជាតិ
អភិបាល​បាងកក ព្រមាន​ពលរដ្ឋ​ពី​ខ្យល់​កខ្វក់ ខណៈ​ព្យាយាម​ដោះស្រាយ​
17, Jan 2020 , 9:19 pm        
រូបភាព
ស្ថានភាពខ្យល់នៅទីក្រុង បាងកក នៅថ្ងៃ ១៧ មករា ២០២០ (ប្រភពរូប៖ កាសែតថៃ បាងកកប៉ុស្តិ៍)
ស្ថានភាពខ្យល់នៅទីក្រុង បាងកក នៅថ្ងៃ ១៧ មករា ២០២០ (ប្រភពរូប៖ កាសែតថៃ បាងកកប៉ុស្តិ៍)
ដោយ:
​អភិបាល​ទីក្រុង បាងកក លោក Aswin Kwanmuang បាន​ព្រមាន​ថា ខ្យល់​កខ្វក់​ក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ជិត​១០​លាន​នាក់​នេះ  នឹង​កាន់តែ​អាក្រក់ នៅ​ថ្ងៃ​សុក្រ ១៧ មករា នេះ ។  លោក​អភិបាល​រូបនេះ ក៏បាន​ប្រាប់​ពលរដ្ឋ​ឲ្យ​ពាក់​ម៉ាស់​ការពារ ពេល​ពួកគេ​ចេញ​ដើរហើរ​នៅក្រៅ​ផ្ទះ​។ ម្យ៉ាងវិញទៀត ចំណាត់ការ​ចាំបាច់​ត្រូវបាន​អាជ្ញាធរ​ថៃ​ដាក់ចេញ​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្យល់​កខ្វក់​នេះ​។​

 
​ដោយ​ផ្អែកលើ​ទិន្នន័យ​ពី​នាយកដ្ឋាន​គ្រប់គ្រង​ការបំពុល​ថៃ លោក​អភិបាល Aswin បាន​ព្រមាន​ពលរដ្ឋ​បាងកក​ពី​ការកើនឡើង​កំហាប់​និចល PM2.5 ក្នុង​ខ្យល់ ដោយសារ​ខ្យល់​នៅ​ទ្រឹង​និង​ខ្យល់​ស្ងប់ ជាពិសេស អំឡុងពេល​ម៉ោង​ចរាចរណ៍​កកស្ទះ​ខ្លាំង​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​ថៃ​បាងកក​ប៉ុ​ស្តិ័ ខ្យល់ពុល​បន្ត​គ្របដណ្ដប់​ទីក្រុង បាងកក ដោយ​កំហាប់​និចល PM 2.5 កើនឡើង​លើស​កម្រិត​គ្រោះថ្នាក់ ។ ដោយ​ត្រួតពិនិត្យ​នៅ​ស្ថានីយ៍​ទាំង​១០​ក្នុង​ទីក្រុង​នេះ នាយកដ្ឋាន​គ្រប់គ្រង​ការបំពុល​ថៃ បាន​បញ្ជាក់ថា កំហាប់​និចល PM2.5 ក្នុង​ខ្យល់ ត្រូវបាន​វាស់​ស្ទង់​នៅ​ចន្លោះ ២៨-៥៥ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​។ តួលេខ​នេះ គឺ​លើសពី​បទដ្ឋាន​ស្ដង់ដារ​សុវត្ថិភាព​របស់​រដ្ឋាភិបាល​កំណត់ នៅត្រឹមតែ ៥០​មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​។ 
 
​ដោយ​មើលឃើញ​ពី​ផលវិបាក​ដែល​អាច​កើតឡើង​ចំពោះ​សុខភាព​ពលរដ្ឋ លោក​អភិបាល Aswin បាន​បញ្ជាក់ថា សាលាក្រុង​បាងកក បាន​ចាត់​វិធា​នា​ការចាំបាច់​ទាំងអស់​ដើម្បី​បន្ធូរបន្ថយ​បញ្ហា​ខ្យល់ពុល​។ ទន្ទឹមនេះ អាជ្ញាធរ​ថៃ ក៏​ប្រាប់​ពលរដ្ឋ​ឲ្យ​ពាក់​ម៉ាស់​ការពារ នៅពេល​ពួកគេ​ចេញ​ដើរហើរ​នៅ​ខាងក្រៅ​។ បុគ្គលិក​សុខាភិបាល​ថៃ ត្រូវ​បានដាក់​បញ្ជា​ឲ្យ​ផ្តល់យោបល់​ដល់​ប្រជាពលរដ្ឋ​ពី​របៀប​ការពារ​សុខភាព​ពួកគេ​ពី​ខ្យល់ពុល​នេះ​។ ចំណែក​សាលារៀន ក៏បាន​ដាក់ចេញ​ព្រមាន​ដល់​សិស្ស​និង​អាណាព្យាបាល​ឲ្យ​ពាក់​ម៉ាស់​ការពារ​ផងដែរ​។​
 
​បន្ថែម​ពី​ចំណាត់ការ​របស់​សាលាក្រុង អគ្គស្នងការ​រង​នៃ​ប៉ូលិស​ជាតិ​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Suwat Chaengyodsuk ក៏បាន​ចេញ​បញ្ជា​ឲ្យ​គ្រប់​វិស័យ​ទាំងអស់​ជួយ​ដោះស្រាយ​បញ្ហា​កខ្វក់​ខ្យល់​នេះ​ជាបន្ទាន់ ដោយ​ការអនុវត្ត​ច្បាប់​លើ​ការដឹកជញ្ជូន​ផ្លូវគោក ចរាចរណ៍ និង​ការពារ​បរិស្ថាន​។ ប៉ូលិស បាន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាច្រើន​ទីតាំង​ដើម្បី​តាមដាន​រថយន្ត​ដែល​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង​លើសពី​កម្រិត​កំណត់ ចាប់ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ២ រសៀល ក្នុង​គោលដៅ​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​អំឡុងពេល​បន្ទាន់​។ ម្យ៉ាងទៀត អ្នកបើកបរ​ម៉ូតូ ក៏ត្រូវ​បាន​ទទូច​ឲ្យ​ពន្លត់​ម៉ាស៊ីន ខណៈ​ពួកគេ​កំពុង​ចត​៕

Tag:
 ថៃ​
  បាងកក​
  ខ្យល់​កខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com