ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្មករ និង​សហជីព ស្នើ​រដ្ឋាភិបាល​ឲ្យ​ពិចារណា​រឿង​វិសោធនកម្ម​ច្បាប់​កាត់​ប្រាក់ខែ​កម្មករ​វេន​យប់​
01, Feb 2020 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពិភាក្សាគ្នា​ពី​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ដោយ​ចង់​កាត់​ប្រាក់ខែ​កម្មករ​វេន​យប់​ឲ្យ​ស្មើ​កម្មករ​វេន​ថ្ងៃ​មក មានប្រតិកម្ម​ធ្លាក់​មកជា​បន្ត​បន្ទាប់ពី​ភាគី​សហជីព និង​កម្មករ​ធ្វើ​វេន​យប់​។ ពួកគេ​បានស្នើ​ឲ្យ​ក្រសួង​ការងារ​ពិចារណា​ឲ្យ​បានច្បាស់លាស់ មុន​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ព្រោះ​បើសិន​កាត់​ប្រាក់ខែ​កម្មករ​វេន​យប់  វា​នឹង​ប៉ះពាល់​ដល់​ចំណូល​របស់​ពួកគេ ស្របពេល​រដ្ឋាភិបាល បាន​លុប​ថ្ងៃ​បុណ្យជាតិ​មួយចំនួន ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​កម្មករ​រួចទៅហើយ​។​

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖
 


 
​កម្មករ និង​សហជីព ស្នើ​ឲ្យ​ក្រសួង​ការងារ​ពិចារណា​ឡើងវិញ​ចំពោះ​គំនិត​ផ្តួចផ្តើម​ធ្វើ​វិ​សោ​នក​ម្ម​ច្បាប់​ការងារ ដែល​ចង់​កាត់បន្ថយ​ប្រាក់ខែ​កម្មករ​វេន​យប់​ពី​១៣០​ភាគរយ​មក​១០០​ភាគរយ​។ កម្មករ​ធ្វើការ​វេន​យប់ អះអាងថា ការ​កាត់​ប្រាក់ខែ​របស់ខ្លួន ជា​រឿង​អយុត្តិធម៌ ដ្បិត​ការងារ​វេន​យប់ មានការ​លំបាក​ជាង​ការងារ​វេន​ថ្ងៃ​។ 
 
​អ្នកស្រី នី វិធា​វី អាយុ​២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ​ដេរខោ​ក្នុង​វេន​យប់​ម្នា​ក់នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកស្រី​មិនទាន់​ទទួលដំណឹង​នៃ​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​នេះ​ទេ តែបើ​សិន​ច្បាប់​នេះ ត្រូវបាន​កែប្រែ​មែន​នោះ អ្នកស្រី​អះអាងថា នឹង​ឈប់​ធ្វើ​ការងារ ហើយ​ប្តូរ​មក​ធ្វើការ​វេន​ថ្ងៃ​វិញ​។ 
 
​ចូលធ្វើការ​ម៉ោង​៩​យប់ និង​ចេញ​នៅ​ម៉ោង​៦​ព្រឹក បានធ្វើ​ឲ្យ​វិធា​វី មាន​សុខភាព​មិនល្អ​ដូច​កម្មករ​វេន​ថ្ងៃ​ឡើយ​។ តែ​នាង​នៅតែ​ជម្នះ​ធ្វើការ​ងារ​នេះ ដើម្បី​ចង់បាន​លុយ​បន្ថែម​នេះ​។ 
​ជា​អ្នក​ខេត្តព្រៃវែង វិធា​វី ដែល​ទើប​ងើប​ពី​គេង​ក្នុង​បន្ទប់​ជួល​តូចចង្អៀត​មួយ និង​យកដៃ​ញី​ភ្នែក​ទំនង​មិនទាន់​គេង​បាន​ពេញភ្នែក​នោះ បាន​រៀប​រាប់ទាំង​ទឹកមុខ​ស្រពោន​ថា​៖ «​បើសិន​ឲ្យ​ប្រាក់ខែ​ខ្ញុំ​ដូច​អ្នក​វេន​ពេល​ថ្ងៃ ពួក​ខ្ញុំ​ឈប់​ធ្វើ​ហើយ ទៅធ្វើ​វេន​ថ្ងៃ​វិញ ព្រោះ មូលហេតុ​ដែល​មក​ធ្វើការ​វេន​យប់ ដោយសារ​ចង់បាន​លុយ​ច្រើន លឺថា​វេន​យប់ គេ​គុណ​លុយ​មួយ​កន្លះ អ៊ីចឹង​ក៏​ចង់​ធ្វើការ​វេន​យប់​។ តែ​គិត​ទៅ វេន​យប់ ខុសពី​វេន​ថ្ងៃ​តែ​៥០​ដុល្លារ​ហ្នឹង​។ កាល​ខ្ញុំ​នៅ​វេន​ថ្ងៃ បាន​២៥០​ដុល្លារ​ទាំង​លុយ​ស្នាក់នៅ​…​។ ធ្វើការ​វេន​យប់ គេង​អត់​ឆ្អែត​ទេ ព្រោះ​ពេល​ថ្ងៃ​នៅ​ជិត​ផ្សារ​ចឹ​ង រញ៉េរញ៉ៃ​»​។​


 
​ដូចគ្នា​ដែរ កញ្ញា សុខ ឃីម អាយុ​២៥​ឆ្នាំ កម្មករ​រោងចក្រ​វេន​យប់​ម្នា​ក់នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង​ដែរនោះ ក៏​លើកឡើង​ស្រប​នឹង​វិធា​វី​ដែរ​។ នាង​អះអាងថា មូលហេតុ​ដែល​ខ្លួន​ចង់​ធ្វើការ​យប់​នេះ ព្រោះតែ​ចង់បាន​ប្រាក់​បន្ថែម ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ស្របពេល​ការចំណាយ​បច្ចុប្បន្ន​មាន​កាន់តែច្រើន ទន្ទឹមគ្នា​នឹង​ទំនិញ​ឡើងថ្លៃ​។ បើតាម​កម្មករ​រូបនេះ បើ​ក្រសួង​ការងារ​គ្រោង​កាត់​ប្រាក់ខែ​របស់​នាង នាង​នឹង​ឈប់​ធ្វើការ​វេន​យប់ ដោយ​ត្រឡប់​ទៅធ្វើ​ការ​វេន​ថ្ងៃ​វិញ​។ 
 
​កញ្ញា សុខ ឃីម បន្តថា ការងារ​វេន​យប់ ប្រឈម​នឹង​បញ្ហា​ដំណេក​ខ្លាំង តែ​ការចង់បាន​ប្រាក់​បន្ថែម និង​មាន​ការងារ​បន្ទាន់ ទើប​កម្មករ​ម្នាក់ៗ ព្រមធ្វើ​ការ​វេន​យប់ ដើម្បី​ផលិត​ឲ្យ​ទាន់​ស្របតាម​តម្រូវការ​ថៅកែ​។  
 
​កញ្ញា សុខ ឃីម អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ពួក​ខ្ញុំ​សំណូមពរ​ថា សូម​ឲ្យ​ការងារ​វេន​យប់​ដូចដើម កុំ​ឲ្យ​កាត់​ប្រាក់ខែ​វេន​យប់​ឲ្យ​ដូច​វេន​ថ្ងៃ​អី ព្រោះ​កាត់​ប្រាក់ខែ​នេះ ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​មិនល្អ​ទេ​។ យើង​ធ្វើ​វេន​យប់ ព្រោះតែ​ចង់បាន​លុយ​បន្ថែម​ហ្នឹង ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​។ បើ​កាត់​ប្រាក់ខែ​វេន​យប់ ខ្ញុំ​អត់​ធ្វើការ​ទៀត​ទេ​។ ខ្ញុំ​នឹង​ផ្លាស់ប្តូរ​មក​វេន​ថ្ងៃ​វិញ ព្រោះ​វេន​យប់ វា​អស់​ងងុយ​មិន​ដូច​វេន​ថ្ងៃ​នោះទេ​។ បើ​គេ​កាត់​ប្រាក់ខែ ខ្ញុំ​លែង​ទ្រាំធ្វើការ​ទាំង​បិទ​កៅ​អៀក​ទៀតហើយ​»​។ 
 
​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ សុខ ឃីម អះអាងថា ក្នុង​មួយខែ ការងារ​វេន​យប់​ទទួលបាន​ប្រាក់ខែ​គោល​១៩០​ដុល្លារ និង​ប្រាក់​បន្ថែម​ពាក់កណ្តាល​នៃ​ប្រាក់ខែ​គោល​ទៀត​។​
​ច្បាប់​ការងារ​ឆ្នាំ​១៩៩៧ ត្រង់​មាត្រា​១៤៤ បាន​តម្រូវ​ឲ្យ​និយោជក​ផ្តល់ប្រាក់​ឈ្នួល​ដល់ក​ម្មករ​ធ្វើការ​វេន​យប់ លើស​អ្នក​វេន​ថ្ងៃ​១០០​ភាគរយ​។ ក្រោយមក​មាត្រា​១៤៤ នៃ​ច្បាប់​ដដែល​នេះ បានធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ​២០០៧ ដោយ​តម្រូវ​ឲ្យ​អ្នកវិនិយោគ ផ្តល់ប្រាក់​ឈ្នួល​ដល់​កម្មករ​វេន​យប់​លើស​កម្មករ​វេន​ថ្ងៃ​៣០​ភាគរយ​វិញ​។ ហើយ​នៅពេល​ថ្មី​នេះ ក្រសួង​ការងារ​ក៏បាន​ពិភាក្សា​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) សហជីព និង​និយោជក ចំពោះ​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​នេះ​បន្តទៀត ដោយ​គ្រោង​កាត់​ប្រាក់ខែ​កម្មករ​វេន​យប់ ឲ្យ​ស្មើ​កម្មករ​វេន​ថ្ងៃ​តែម្តង​។ 


 
​លោក អ៊ិត សំហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ លើកឡើង​ក្នុង​កិច្ចពិភាក្សា​ត្រីភាគី លើ​គម្រោង​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​ស្ដីពី​ការងារ នៅ​ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០២០​ថា ការកែសម្រួល​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វេន​ការងារ​រោងចក្រ សហគ្រាស និង គ្រឹះស្ថាន ដែលមាន​ដំណើរការ​ទាំ​ង​២​វេន (​វេន​ថ្ងៃ​និង​វេន​យប់​) «​គឺជា​ការបង្កើន​ភាព​ទាក់ទាញ​ឧស្សាហកម្ម​ទំនើប ដូចជា រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនី គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​កែច្នៃ​ម្ហូបអាហារ​» ជាដើម រួមទាំង «​ជួយ​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​» ផងដែរ​។ 
 
​សូម​បញ្ជាក់ដែរថា វិ​សោធ​កម្ម​ច្បាប់​ការងារ ដែល​ក្រសួង​ការងារ​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នោះ មាន​៣​ចំណុច គឺ ទី​១ ការកែសម្រួល​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វេន​ការងារ​របស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ទី​២ ការពង្រីក​វិសាលភាព​សេវាកម្ម​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុងការ​ដោះស្រាយ​វិវាទ​បុគ្គល និង​ទី​៣ ការ​លុប​ការឈប់​នៅ​ថ្ងៃ​បន្ទាប់ សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ចំ​ថ្ងៃអាទិត្យ​។ 
 
​យ៉ាងណា​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា មិន​យល់ស្រប​នឹង​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះឡើយ​។ លោក​អះអាងថា ការកែប្រែ​ច្បាប់​នេះ មិនបាន​ផ្តល់​ប្រយោជន៍​ដល់​កម្មករ​នោះទេ តែ​ផ្ទុយទៅវិញ បែរជា​ធ្វើ​ឲ្យ​បាត់បង់​អត្ថប្រយោជន៍​ក​ម្មករ​ថែមទៀត​។ 
 
​លោក​ថ្លែង​យ៉ាង​ដូច្នេះ​៖ «​សម្រាប់​ខ្ញុំ​ដែលជា​ភាគី​សហជីព​តំណាង​ឲ្យ​បងប្អូន​កម្មករ​នៅ​កម្ពុជា ខ្ញុំ​មិនអាច​ទទួល​នូវ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ការងារ​ជុំវិញ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​អំពី​ការចង់​កាត់​ប្រាក់ខែ​កម្មករ​វេន​យប់​ស្មើ​កម្មករ​វេន​ថ្ងៃ​ទេ ព្រោះ​គំនិត​ផ្តួចផ្តើម​នេះ បានធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​កម្មករ ខណៈ​ឆ្នាំ​២០២០​នេះ កម្មករ​យើង​បាន​បាត់បង់​ផលប្រយោជន៍​មួយផ្នែកធំ​ហើយពី​ការ​លុប​ថ្ងៃ​សម្រាក​បុណ្យជាតិ​មួយចំនួន​។ ដូច្នេះ បើ​ក្រសួង​នៅតែ​បន្ដ​គំនិត​ផ្តួចផ្តើម​បែបនេះ នោះ​ផលប្រយោជន៍​កម្មករ​កា​ន់​តែ​បាត់បង់​ទៅ​។ រីឯ​ប្រាក់​ឈ្នួល​កម្មករ​បាន​ឡើង​តិចតួច​ប៉ុណ្ណោះ​។ មកដល់​ម៉ោង​នេះ មាន​ភាគី​សហជីព​ជាច្រើន និង​កម្មករ​និ​យោ​ជិ​ក​ជាច្រើន​មានការ​ប្រតិកម្ម​ច្រើន​មែនទែន​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​»​។ 
 
​បើតាម លោក ប៉ាវ ស៊ីណា ចាប់តាំងពី​មានការ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ  EBA ពី​សហគមន៍​អឺរ៉ុប រដ្ឋាភិបាល​កម្ពុជា បាន​បាត់​កាត់បន្ថយ​ថ្ងៃបុណ្យ​ជាតិ និង​គំនិត​ផ្តួចផ្តើម​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ដើម្បី​ទាក់ទាញ​ការវិនិយោគ តែ​គំនិត​ទាំងនេះ បែរជា​បានធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​កម្មករ​ទៅវិញ​។ ទាំង​លោក​ប៉ាវ ស៊ីណា និង​កម្មករ​ធ្វើការ​វេន​យប់ បាន​ទទូច​ឲ្យ​ក្រសួង​ការងារ​ពិចារណា​ឡើងវិញ​ចំពោះ​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ដើម្បី​កាត់​ប្រាក់ខែ​កម្មករ​វេន​យប់​ឲ្យ​ស្មើ​កម្មករ​វេន​ថ្ងៃនេះ ព្រោះ​គំនិត​ផ្តួចផ្តើម​នេះ មិនបាន​ជួយ​កម្មករ​ឲ្យ​មាន​ជីវភាព​ធូរធារ​ទេ តែ​ផ្ទុយ​ទៅ វា​បែរជា​ការដាក់បន្ទុក​លើ​កម្មករ​កាន់តែ​ធ្ងន់​បន្ថែមទៀត ស្រប​ពេលដែល​ប្រាក់ខែ​កម្មករ​ក្នុង​វិស័យ​វាយភណ្ឌ​នៅ​កម្ពុជា នៅមានកម្រិត​តិច​ស្រាប់​ផង​នោះ​៕      

Tag:
 ​កម្មករ​វេន​យប់​
 ​ក្រសួង​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com