អន្តរជាតិ
ម៉ាឡេស៊ី មិន​ចង់ឃើញ​លោកខាងលិច យក​យុទ្ធសាស្ត្រ​អនុវត្ត​នៅ​លី​ប៊ី​មក​ប្រើ​នៅ​សមុទ្រ​ចិន​ខាងត្បូង​
18, Feb 2020 , 8:19 am        
រូបភាព
រូបភាព៖ Malay Mail
រូបភាព៖ Malay Mail
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ទទូច​ឲ្យ​ប្រទេស​លោកខាងលិច​ចូលរួម​ការពារ និង​ថែរក្សា​សន្តិភាព​នៅ​តំបន់​អាស៊ី​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ម៉ាឡេស៊ី មិន​ចង់ឃើញ​អាមេរិក ឬ​ប្រទេស​នៅ​អឺរ៉ុប ប្រើប្រាស់​យុទ្ធ​ស្ត្រ​របស់ខ្លួន​ដូច​នៅ​តំបន់​មជ្ឈិមបូព៌ា​មក​អនុវត្ត​នៅ​អាស៊ី ឬ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។​

 
​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី លោក Mohamad Sabu ក្នុង​កិច្ចសន្ទនា​តុមូល​ស្តីពី​បញ្ហា​សន្តិសុខ​ក្នុងប្រទេស​អាល្លឺម៉ង់​ថ្ងៃ​១៥ កុម្ភៈ បាន​អំពាវនាវ​ឲ្យ​សហ​អាមេរិក និង​ប្រទេស​អឺរ៉ុប​ចូលរួម​កិច្ចពិភាក្សា​ជាមួយគ្នា​ដើម្បី​រក្សា​សន្តិភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ លោក​រដ្ឋមន្ត្រី បានទទួល​ស្គាល់​ពី​សមិទ្ធ​ផល​នៃ​កសាង​សន្តិភាព​រវាង​អឺរ៉ុប និង​រុស្ស៊ី បន្ទាប់ពី​សង្គ្រាមលោកលើកទី​២ ។  
 
​ក៏ប៉ុន្តែ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន New Strait Times លោក​រដ្ឋមន្ត្រី មើលឃើញ​ពី​គំរូ​មិនល្អ​របស់​បណ្តា​ប្រទេស​លោកខាងលិច ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជ្រោមជ្រែង និង​ទទួលខុសត្រូវ​ពីក្រោយ​នៃ​សង្គ្រាម​នៅក្នុង​មជ្ឈិមបូព៌ា ជាក់ស្តែង​នៅ​លី​ប៊ី ដែល​ចំណុច​នេះ លោក​រដ្ឋមន្ត្រី​មិន​ចង់ឃើញ​អាមេរិក និង​ប្រទេស​អឺរ៉ុប​យកមកអនុវត្ត​នៅក្នុង​បញ្ហា​នៅ​អាស៊ីអាគ្នេយ៍​ឡើយ​។ 
 
​ប្រមុខ​ការពារជាតិ​ម៉ាឡេស៊ី​រូបនេះ បាន​ទទួលស្គាល់ថា ចិន គឺជា​មហាអំណាច​មួយរ​បស់​ពិភពលោក ដែល​កំពុងតែ​ងើបឡើង ក៏ប៉ុន្តែ លោក​អះអាងថា ម៉ាឡេស៊ី នឹង​បន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ចិន ដើម្បី​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​កិច្ចសន្ទនា​ផ្សេង​។​
 
​គួរ​ជម្រាប​បន្តិច​ថា ទោះបីជា​ពិភពលោក មាន​បញ្ហា​ប្រឈម​ថ្មីៗ​បន្ថែមទៀត​ជា​បន្តបន្ទាប់​ក៏ដោយ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​បញ្ហា​ចម្បង និង​អាទិភាព​សម្រាប់​អន្តរជាតិ​លើកយក​ទៅ​ពិភាក្សា​។ នោះ ក៏​ព្រោះ​បញ្ហា​នេះ នៅ​មិនទាន់មាន​ដំណោះស្រាយ​ជាក់លាក់​នៅឡើយ​នោះទេ​។​
 
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែលជា​វិវាទ​នៃ​ការទាមទារ​ទឹកដី​រវាង​បណ្តា​ប្រទេស​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន បច្ចុប្បន្ន​កំពុងតែ​ស្ថិតក្រោម​ការដោះស្រាយ​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​ចិន ដោយ​ភាគី​ទាំងពីរ បាន​ព្រមព្រៀង​ដោះស្រាយ​ដោយ​សន្តិវិធី​។​
 
​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ ខណៈពេល​អាស៊ាន និង​ចិន ស្ថិតក្នុង​ដំណើរការ​ចរចា​រក​ដំណោះស្រាយ​នោះ អាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន បានបង្ហាញ​សកម្មភាព​ខ្លះ រាប់បញ្ចូល​ទាំង​ការបញ្ជូន​នាវា​ល្បាត​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ត្បូង ដែល​សកម្មភាព​នេះ ប្រទេស​ក្នុង​តំបន់ ជាពិសេស​ចិន យល់ឃើញថា ជាការ​ជ្រៀតជ្រែក និង​ដាក់បន្ទុក​បន្ថែម​លើ​បញ្ហា​នោះទេ​៕ 

Tag:
 ម៉ាឡេស៊ី​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com