អន្តរជាតិ
លោក ឌូ​ទើ​តេ​៖ លោក ត្រាំ មេដឹកនាំ​ល្អ ហើយ​សម​នឹងត្រូវ​បានជ្រើសរើស​ជាថ្មី​នៅ​អាណត្តិ​ក្រោយ​
17, Feb 2020 , 8:59 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​១៥ កុម្ភៈ បានបង្ហាញ​ពី​ជំនឿ​ជាក់​លើ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ថា​ស័ក្តិសម​នឹងត្រូវ​បានជ្រើសរើស​ជា​ប្រមុខ​ដឹកនាំ​អាមេរិក​ជាថ្មី​នៅ​អាណត្តិ​ក្រោយ​។ នេះ គឺជា​សារ​សរសើរ​កម្រ​មួយ​របស់​ប្រមុខ​ដឹកនាំ​ហ្វីលីពីន ទៅកាន់​អាមេរិក ក្នុង​រដ្ឋបាល​ដឹកនាំ​ថ្មី​របស់លោក ឌូ​ទើ​តេ​។​

 
​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ថ្មីៗ​នេះ បាន​សម្រេចចិត្តថា​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​យោធា​មួយ (VFA) ជាមួយនឹង​អាមេរិក​។ តាមរយៈ​ការសម្រេចចិត្ត​នេះ នឹងធ្វើ​ឲ្យ​សហរដ្ឋអាមេរិក លែងមាន​សិទ្ធិ​ពង្រាយ​កងទ័ព​របស់ខ្លួន ដើម្បី​ធ្វើ​សមយុទ្ធ​យោធា និង​កិច្ចការ​មនុស្សធម៌​នៅ​ទឹកដី​ហ្វីលីពីន​ដូចពេលមុន​បាន​ទៀតហើយ​។​
 
​សម្រាប់​លោក​ប្រធានាធិបតី ឌូ​ទើ​តេ ការណ៍​ដែល​លោក ត្រូវ​សម្រេចចិត្ត​បែបនេះ ដោយ​លោក យល់ឃើញថា ហ្វីលីពីន មាន​ឯករាជ្យ និង​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​គ្រប់គ្រង​ប្រទេស​របស់ខ្លួន​។ លោក​ប្រធានាធិបតី ក៏​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ មើលឃើញ​ហ្វីលីពីន ស្មើមុខស្មើមាត់​ក្នុង​ឆាក​អន្តរជាតិ ជាពិសេស​នោះ​លើ​ភាពរឹងមាំ​នៃ​វិស័យ​ការពារជាតិ​របស់ខ្លួន​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ បន្ទាប់ពី​ការជូនដំណឹង​ផ្លូវការ​ពី​ការសុំ​ផ្តាច់​កិច្ចព្រមព្រៀង VFA របស់​ហ្វីលីពីន​ទៅ​អាមេរិក​រួចហើយនោះ មិនមាន​ការ​ប្រតិកម្ម​ខ្លាំងក្លា​ពី​រដ្ឋបាល​ដឹកនាំ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ឡើយ​។ ពោលគឺ​រដ្ឋបាល​ត្រាំ ក៏​មិន​យល់​ទាស់​អ្វី​ឡើយ ដ្បិត​ក្នុង​រដ្ឋបាល​លោក ក៏មាន​គោលជំហរ​ដកទ័ព​រប​ស់​អាមេរិក​នៅ​ខាងក្រៅ មក​ប្រទេស​ខ្លួន​វិញ​ផងដែរ​។​
 
​ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ លោក ឌូ​ទើ​តេ បាន​ផ្លាស់ប្តូរ​ជំហរ​រឹងត្អឹង​ខ្លាំង​ទៅ​អាមេរិក​ទៅជា​ការកោតសរសើ​រវិ​ញ​ម្តង​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Channel News Asia លោក ឌូ​ទើ​តេ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រធានាធិបតី​ត្រាំ គឺជា​មេដឹកនាំ​ដ៏​ល្អ​មួយរូប ហើយ​លោក សម​នឹងត្រូវ​បានជ្រើសរើស​ដឹក​នាំ​សម្រាប់​អាណត្តិ​ក្រោយ​ណាស់​»​។​
 
​គួរ​ជម្រាប​ថា មុនពេល​លោក ឌូ​ទើ​តេ ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១៦ អាមេរិក គឺជា​សម្ព័ន្ធ​ជិតស្និទ្ធ​បំផុត​មួយ​របស់​ហ្វីលីពីន​។ អាមេរិក តែងតែ​បង្ហាញ​ជំហរ​ការពារ និង​គាំទ្រ​ហ្វីលីពីន​ទាំង​ក្របខណ្ឌ​អន្តរជាតិ និង​តំបន់ ជាពិសេស​លើ​បញ្ហា​សន្តិសុខ​ផ្ទៃក្នុង​របស់​ហ្វីលីពីន​តែម្តង​៕  
 

Tag:
 ហ្វីលីពីន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com