ជាតិ
ក្រសួងកសិកម្ម ប្រាប់​ឱ្យ​មន្ត្រី​ខ្លួន​ចុះ​ណែនាំ​កសិករ​ពី​ការធ្វើ​ស្រែប្រាំង ដើម្បី​ទទួលបាន​ទិន្នផល​ល្អ​
11, Oct 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ដល់​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម ឱ្យ​យកចិត្តទុកដាក់​ណែនាំ​កសិករ​ពី​ការធ្វើ​ស្រូវប្រាំង ដើម្បី​ទទួលបាន​ទិន្នផល​ល្អ​។​


​បើតាម​ចរាចរ​ណែនាំ​របស់​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​៩ ខែតុលា​នេះ បាន​ប្រាប់​ដល់​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម ត្រូវ​ចុះ​ណែនាំ​កសិករ ឱ្យ​យកចិត្តទុកដាក់​ពិនិត្យ​ស្រែ​ជាប្រចាំ បិទ​ភ្លឺ​រក្សា​ទឹក​ក្នុង​ស្រែ​ឱ្យ​បានល្អ ដើម្បី​ចៀសវាង​ការខ្វះ​ទឹក​នៅ​ចុងរដូវ ជាពិសេស​ត្រូវ​ណែនាំ​កសិករ​ពី​បច្ចេកទេស​ថែទាំ បំប៉ន​ជី ត្រៀម​ឧបករណ៍ សម្ភារៈ និង​គ្រាប់​ពូជស្រូវ​រយៈពេល​ខ្លី​ដែល​មានគុណ​ភាពល្អ​សមស្រប​សម្រាប់​ផលិតកម្ម​ស្រូវប្រាំង​។ 
 
​មន្ទីរ​កសិកម្ម ត្រូវ​វាយតម្លៃ​ឱ្យបាន​ច្បាស់លាស់ និង​ជូនដំណឹង​ដល់​កសិករ​ឱ្យបាន​ទាន់ពេល អំពី​ស្ថានភាព​ទឹក តំបន់​ដែល​អាច​ដាំ​ដុះ​ស្រូវប្រាំង និង​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​ដែល​អាច​ប្រឈម​នឹង​ផលិតកម្ម​ស្រូវប្រាំង ដើម្បី​មាន​វិធានការ​ជាមុន និង​ណែនាំ​ឱ្យ​កសិករ​ដាំ​ដុះ​មុខ​ដាំ​ណាំ​ណា ដែល​ត្រូវការ​ទឹក​តិច​នៅ​តំបន់​ដែលមាន​លក្ខណៈ​សមស្រប​។​
​រីឯ​ការដាំដុះ​ស្រូវប្រដេញទឹក​តាម​មាត់បឹង និង​ទន្លេ​ដែលមាន​ប្រភព​ទឺ​ក​គ្រប់គ្រាន់ ត្រូវឱ្យ កសិករ​ចាប់ផ្ដើម​ដាំ​ដុះ​ឱ្យបាន​លឿន ដើម្បី​បង្ការ​កង្វះ​ទឹក​នៅ​ចុងរដូវ​។ ដោយឡែក​អ្នកប្រមូល​ទិញស្រូវ រោង​ម៉ាស៊ីន អ្នក​នាំចេញ​អង្ករ ត្រូវឱ្យ​ពួកគេ​ត្រៀមលក្ខណៈ​ដូចជា ថវិកា មធ្យោបាយ​ដឹកជញ្ជូន ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក​ស្រូវ សម្រាប់​ប្រមូល​ទិញស្រូវ​ពី​កសិករ ក្នុងតម្លៃ​សមរម្យ ឱ្យអស់​លទ្ធភាព​ដើម្បី​ទប់ស្កាត់​ការនាំ​ស្រូវ​ចេញទៅ​ក្រៅប្រទេស​។​
 
​ជាមួយគ្នានេះ ចរាចរ​របស់​ក្រសួងកសិកម្ម ក៏បាន​បង្ហាញថា ស្រូវ​ព្រោះ​សម្រេចបាន​ចំនួន ២,៧១៤,២១៦​ហិកតា ក្នុងនោះ​មាន​ស្រូវស្រាល​ចំនួន ៨២៨,៧៣៣​ហិកតា និង​ស្រូវកណ្ដាល ចំនួន ១,៣៨៥,០៦៦ ហិកតា​។ ទន្ទឹមនេះ ស្រូវវស្សា​នៅ​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ បាន​ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត ចំនួន ១៣៤,៧៧០​ហិកតា និង​ខូ​ត​ខាត​លើ​ផ្ទៃដី ចំនួន ១៣,៤៨០​ហិកតា​។ ប៉ុន្តែ​យ៉ាងណា ផលិតកម្ម​ស្រូវវស្សា​ក្នុង​ឆ្នាំ​២០២០​នេះ មាន​ភាពល្អប្រសើរ ដោយមាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់កន្លែង ដែល​បង្កលក្ខណៈ​ល្អ​ដល់​ការលូតលាស់​ដំណាំ​ស្រូវ​៕

Tag:
 ស្រូវប្រាំង​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com