ជាតិ
ដាំដូង​ក្រអូប​ផ្គត់ផ្គង់​ទីផ្សារ​មិនទាន់ លោក សា​រួម សូ ទិញ​ដូង​ពី​កសិករ​ក្នុងស្រុក និង​ពី​ថៃ​មក​បន្ថែម​
12, Oct 2020 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩ អាជីវកម្ម​ដូង និង​ដូង​កែច្នៃ របស់លោក សា​រួម សូ មាន​សន្ទុះ​ខ្លាំង ដែល​ធ្វើ​ឲ្យ​លោក អាច​រកចំណូលបាន​ជា​មធ្យម​ជាង ៥០០​លាន​រៀល ប្រមាណ​ជាង​១២​ម៉ឺន​ដុល្លារ ក្នុង​មួយខែ​។ ទោះបី​មាន​វិបត្តិ​កូ​វីដ​-១៩ ក៏ពិតមែន តែ​លោក សា​រួម សូ រក​ដូង​លក់​ស្ទើរ​គ្រប់​តម្រូវការ​អតិថិជន ហើយ​ជាហេតុ​ដែល​លោក ត្រូវ​នាំចូល​ដូងក្រអូប​ពី​ប្រទេស​ថៃ​មក​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​បន្ថែម​។​

 
​លោក សា​រួម សូ ជា​ស្ថាបនិក​ក្រុមហ៊ុន SUFA FOOD Cambodia និង​ស្ថាបនិក​សមាគមន៍​កសិក​ម្ម​ដូងក្រអូប​កម្ពុជា​។ រយៈពេល​៣​ឆ្នាំ​មកហើយ ដែល​លោក សា​រួម សូម បាន​ដាំ​ដុះ កែច្នៃ និង​ប្រមូល​ទិញ​ដូងក្រអូប​ពី​ប្រជាកសិក​ករ​ដទៃទៀត​នៅក្នុង​ស្រុក ដើម្បី​ចែកចាយ​នៅក្នុង​ស្រុក​។ លោក សា​រួម សូ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដោយសារតែ​ផ្លែ​ដូង​នៅក្នុង​ស្រុក​ផ្គត់ផ្គង់​មិនទាន់​នឹង​តម្រូវការ ដែល​កំពុងតែ​ស្ទុះ​ខ្លាំង នៅ​សា​រួម សូ ក៏​សម្រេច​នាំចូល​ដូងក្រអូប​ពី​ប្រទេស​ថៃ មក​បន្ថែម​ដែរ​។ 
 
​លោក សា​រួម សូ ប្រាប់ ThmeyThmey25 ដូច្នេះ​៖«​ខ្ញុំ​ទិញ​ដូង​ពី​គ្រប់​កសិករ នៅ​ទូទាំងប្រទេស​។ ខ្ញុំ​ទិញ​ទាំងអស់​ឲ្យ​តែមាន ហើយ​ទិញ​ថ្លៃ​ជាង​ដូង​ពី​ប្រទេស​ថៃ​។ ដូង​ទិញ​ពី​ក្រៅ​ស្រុក​ខ្ញុំ​ទិញ​ថោក ព្រោះ​ផលិត​ក្នុងស្រុក​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​»​។​
 
​បច្ចុប្បន្ន ក្រៅពី​ផ្គង់​ផ្គង់​ដូងខ្ចី​ទៅលើ​ទីផ្សារ លោក សូ ក៏បាន​កែច្នៃ​ដូង​មួយចំនួន​ទៅជា​ចាហួយ​ដូង និង​វេច​ខ្ចប់​ទឹកដូង​ខ្ចី​នៅក្នុង​កំប៉ុង​ដែល​រក្សាទុក​បានយូរ និង​ក៏​កំពុង​ទទួលបាន​ការគាំទ្រ​របស់​អតិថិជន​។ ក្នុង​មួយខែ លោក​សា​រួម សូ  អះអាងថា​លោក​អាច​រកចំណូលបាន​ជាម​ធ្យ​ម​ជាង ៥០០​លាន​រៀល ឬ​ជាង​១២​ម៉ឺន​ដុល្លារ ក្នុង​មួយខែ​។ 
 
​បុរស​វ័យ​៣៥​ឆ្នាំ​រូបនេះ មិន​រំពឹង​សោះឡើយ​ថា ក្នុង​វិបត្តិ​កូ​វីដ​-១៩ ទីផ្សារ​ដូងក្រអូប​របស់លោក មាន​សន្ទុះ​ខ្លាំង​យ៉ាងនេះ​។ លោក សូ ពន្យល់​មូលហេតុ​ដែល​ដូងក្រអូប មាន​តម្រូវ​ខ្ពស់​យ៉ាង​ដូច្នេះ​ថា​៖«​រដូវ​កូ​វីដ​-១៩​នេះ គេ​សម្រុក​រឿង​ធ្វើ​កាហ្វេ​ដូង​។ ដល់ពេល​ខ្ញុំ​បក​បាន​ដូច​ថៃ​ទៅ ល្អ​ទៅ ផ្ទុះ​ទីផ្សារ​ហ្នឹង​ខ្លាំង​»​។ 
 
​ដ្បិតតែ​កំពុង​ជោគជ័យ​ទាំង​ការដាំដុះ និង​លក់​ដូងក្រអូប​ក៏ដោយ លោក សា​រួម សូ ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​ជំរុញ ការកែច្នៃ​ផលិតផល​កសិកម្ម​បន្ថែមទៀត ដើម្បី​ចូលរួម​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​៕
 

Tag:
 អាជីវកម្ម​
  ដូង​
  កូ​វីដ​-១៩
  សា​រួម សូ​
© រក្សាសិទ្ធិដោយ thmeythmey.com