ជាតិ
​​​ន​យោ​បាយ​ជាតិ​
កិច្ចព្រមព្រៀង FTA និងឯកសារពីរទៀតនឹងត្រូវចុះហត្ថលេខានាជំនួបរវាងលោក វ៉ាង យី និងសម្តេច ហ៊ុន សែន
12, Oct 2020 , 9:03 am        
រូបភាព
លោក វ៉ាង​ យី ពិភាក្សាការងារជាមួយ​លោក ហោ ណាំហុង កាលពី​ល្ងាច​ថ្ងៃទី​១១ ខែតុលា ។ រូបថត Xinhua
លោក វ៉ាង​ យី ពិភាក្សាការងារជាមួយ​លោក ហោ ណាំហុង កាលពី​ល្ងាច​ថ្ងៃទី​១១ ខែតុលា ។ រូបថត Xinhua
ដោយ: ថ្មីៗ
លោក វ៉ាង យី បានមកដល់រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យ ទី១១ ខែតុលា ក្នុងដំណើរទស្សនកិច្ចពីរថ្ងៃរបស់លោកនៅកម្ពុជា។ នៅថ្ងៃដដែល ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហសហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន។



អត្ថបទទាក់ទង


នៅព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា នេះ ប្រមុខការទូតចិន បន្តជួបពិភាក្សាការងារជាមួយសមភាគីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មុននឹងចូលសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពនាវេលាម៉ោង១១ព្រឹក។

យោងតាមការផ្សាយរបស់ក្រសួងការបរទេសកម្ពុជា លោក វ៉ាង យី និងប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA)  និងឯកសារសំខាន់០២ទៀត រួមមាន លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

បើគិតចាប់តាំងពីការផ្ទុះរាលដាលកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩មក លោក វ៉ាង យី ជាប្រមុខការទូតបរទេសទីពីរដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ កាលអំឡុងខែសីហា កន្លងមក៕


© រក្សាសិទ្ធិដោយ thmeythmey.com