COVID-19
អន្តរជាតិ
ចិន ធ្វើតេស្ត​លើ​ប្រជាជន​ទាំង​ជាង​៩​លាន​នាក់​ក្រុង​ឈី​ង​តាវ ក្រោយ​មាន​ករណី​ឆ្លង COVID-19
12, Oct 2020 , 2:53 pm        
រូបភាព
អាជ្ញាធរចិន ដើរបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីក្រុងQingdao។ រូបភាព៖ Reuters
អាជ្ញាធរចិន ដើរបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីក្រុងQingdao។ រូបភាព៖ Reuters
​ទីក្រុង​ឈី​ង​តាវ នៅ​ថ្ងៃទី​១២ ខែតុលា បាន​បញ្ជាក់ថា ខ្លួន​នឹងធ្វើ​តេស្ត COVID-19 លើ​ប្រជាជន​នៅ​ទូទាំង​ទីក្រុង បន្ទាប់ពី​មាន​ករណី​ឆ្លង​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​មួយកន្លែង​ព្យាបាល​អ្នកជំងឺ COVID-19 មកពី​ក្រៅប្រទេស​។

 
​ទីក្រុង​ឈី​ង​តាវ ជា​ក្រុង​កំពង់ផែ​របស់​ខេត្ត​សាន​តុង ដែល​ស្ថិតនៅ​ភាគ​ខាងកើត​របស់​ចិន​។ អាជ្ញាធរ​ទីក្រុង​កំពង់ផែ​នេះ នៅ​ថ្ងៃទី​១១ ខែតុលា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៦​ករណី និង​៦​ករណី​ទៀត​មិនមាន​រោគសញ្ញា​។ តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​សុខាភិបាល​ក្រុង Qingdao ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី មាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ Qingdao Chest ដែលជា​កន្លែង​ព្យាបាល​អ្នកជំងឺ COVID-19 នាំចូល​ពី​បរទេស​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ខេត្ត​សាន​តុង បាន​បើក​កិច្ចប្រជុំ​មួយ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ទីក្រុង​ឈី​ង​តាវ ធ្វើតេស្ត​លើ​ប្រជាជន ដែលមាន​ជាង​៩​លាន​នាក់ ដើម្បី​ស្រាវជ្រាវ​រក និង​ទប់ស្កាត់​COVID-19 ឲ្យ​បាន​ឆាប់​បំផុត​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា បើសិន​បើ​គ្មាន​ការប្រែប្រួល​ទេ ការធ្វើ​តេស្ត​នេះ នឹងមាន​រយៈពេល​៥​ថ្ងៃ​។ 
 
​បន្ទាប់ពី​មាន​ករណីបែបនេះ អាជ្ញាធរ​ក្រុង​ដ៏​ធំ​មួយ​នេះ បាន​បញ្ជា​ឲ្យ​បិទ​មន្ទីរពេទ្យ​Qingdao Chest, ន​ផ្នែក​សង្គ្រោះបន្ទាន់​របស់​មន្ទី​រ​ពេទ្យ និង​អាគារ​ព្យាបាល​អ្នកជំងឺ COVID-19 ដែល​នាំចូល​មកពី​បរទេស ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​។​
 
​ចិន​ត្រូវបាន​មើលឃើញថា បាន​ទប់ស្កាត់​COVID-19 យ៉ាង​ប្រសើរ ហើយ​ករណី​ឆ្លង​នៅក្នុង​ស្រុក ក៏​ធ្លាក់ចុះ​ជា​លំដាប់ បើ​ធៀប​នឹង​អាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប​។ ប៉ុន្តែ​ការប្រុងប្រយ័ត្ន​នៅតែមាន​ដដែល ខណៈ​ទីក្រុង​បារម្ភ​ថា បើ​មានការ​រាលដាល​ជាថ្មី វិធានការ​តឹងរ៉ឹង​នឹងត្រូវ​អនុវត្ត​ឡើងវិញ​ដែល​នឹងធ្វើ​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​មិន​ខាន​។​
 
​គិត​មក​ត្រឹម​ថ្ងៃទី​១២ ខែតុលា ចិន​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៨៥៥៧៨​ករណី អ្នកស្លាប់​មាន​ចំនួន ៤៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៨០៧១៤​នាក់​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com