ជាតិ
របាយការណ៍៖ ស្រូវ និងដំណាំ ជាង២៤ម៉ឺនហិកតា ត្រូវទឹកជន់លិច
18, Oct 2020 , 1:59 pm        
រូបភាព
ដោយ:
ស្រូវ និងដំណាំរួមផ្សំ ជាង ២៤ម៉ឺនហិកតា ត្រូវបានទឹកជន់លិច ក្នុងនោះមាន ជាង ៧ម៉ឺនហិកតាបានខូចខាត គិតត្រឹមថ្ងៃទី១៧ តុលា។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទឹកជំនន់បានប៉ះពាល់ នៅ១៩ រាជធានី-ខេត្ត ក្នុងនោះមានពលរដ្ឋ២៤នាក់បានបាត់បង់ជីវិត។

 
ដំណាំកសិកម្ម ជាង២៤ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះមានស្រូវ ១៦៩,០៨១ហិកតា និងដំណាំរួមផ្សំ ៧៣,២៩១ ហិកតា។ ក្នុងចំណោមដំណាំដែលជន់លិច មានស្រូវជាង៣ម៉ឺនហិកតា និងដំណាំរួមផ្សំជិត៤ម៉ឺនហិកតា បានខូចខាតទាំងស្រុង។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ 
 
ក្រៅពីដំណាំ ក៏មានពលរដ្ឋជាង ២៤ម៉ឺននាក់ដែរ ដែលរស់នៅក្នុង១៩រាជធានី-ខេត្ត បានរងផលប៉ះពាល់ពីទឹកជំនន់ ក្នុងនោះមានពលរដ្ឋជាង២.៦ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ សាលារៀនចំនួន ៤៥៩កន្លែង ក៏ត្រូវបានជន់លិច ដោយទឹកជំនន់ផងដែរ។ នេះបើយោងតាមរបាយការណ៍ដដែល។
 
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់  ក្នុងនោះក្មេងចំនួន៨នាក់។ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ គឺដល់ទៅ១២នាក់ បន្ទាប់មក​ពោធិ៍សាត់មាន៣នាក់, កំពង់ធំ២នាក់ ,ព្រះសីហនុ២នាក់ និងខេត្តប៉ៃលិនមាន១នាក់៕
 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com