ជាតិ
៩ខែ មានបទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃឡង់ ចំនួន៩៥៦ករណី ត្រូវបានបង្ក្រាប
18, Oct 2020 , 5:59 pm        
រូបភាព
ដោយ:
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសធនធានធម្មចាតិ ចំនួន ៩៥៦ករណីក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ នៅក្នុងដែនជម្រកសត្វព្រៃឡង់។ តាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើស មន្ត្រីឧទ្យានុរក្ស បានរឹបអូសរណារយន្តចំនួន ៤៣៣គ្រឿង ,រថយន្ត៩គ្រឿង,គោយន្តចំនួន ១០៦គ្រឿង,ម៉ូតូចំនួន៤៦គ្រឿង, កាំភ្លើងកែច្នៃចំនួន១០៣ គ្រឿង, ដោះអន្ទាក់បានចំនួន ១ ៦៧៧អន្ទាក់ និងរឹបអូសឈើបានចំនួន៣០៣ ម៉ែត្រគូប។

 
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ មន្ត្រីឧទ្យានុរក្ស បានបង្ក្រាបបទល្មើសចំនួន ៩៥៦ករណី នៅក្នុងដែនជម្រកសត្វព្រៃឡង់។ ក្នុងចំណោមបទល្មើសទាំងអស់នោះ មាន៤០ករណី ត្រូវបានបញ្ជូនទៅតុលាការ, អប់រំអ្នកប្រព្រឹត្តឲ្យបញ្ឈប់ ៤២០ករណី និង៤១ករណី រងពិន័យអន្តរការណ៍។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ 
 
អ្នកនាំពាក្យរូបនេះ ឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើស មន្ត្រីឧទ្យានុរក្ស បានរឹបអូសរណារយន្តចំនួន ៤៣៣គ្រឿង ,រថយន្ត៩គ្រឿង,គោយន្តចំនួន ១០៦គ្រឿង,ម៉ូតូចំនួន៤៦គ្រឿង, កាំភ្លើងកែច្នៃចំនួន១០៣ គ្រឿង, ដោះអន្ទាក់បានចំនួន ១៦៧៧អន្ទាក់ និងរឹបអូសឈើបានចំនួន៣០៣ ម៉ែត្រគូប។
 
ការញុះញង់ពីជនទុច្ចរិត ជីវភាពពលរដ្ឋ និងចំនួនដ៏តិចតួចរបស់មន្ត្រីឧទ្យានុរក្ស គឺជាកត្តាដែលនាំឲ្យកើតមានបទល្មើសធនធានធម្មជាតិទាំងនេះ។ នេះបើតាមលោក នេត្រ ភក្ត្រា ដែលបន្តទៀតដូច្នេះ៖«ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃ ពីមន្ត្រីឧទ្យានុរក្ស និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូច ដូចជាការលបលួចកាប់ឈើ ការទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិ ការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ នៅតែបន្ដកើតមាន នៅក្នុងតំបន់ព្រៃឡង់ ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត»។
 
ទន្ទឹងនឹងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមរយៈការពង្រឹងយន្ដការគ្រប់គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់។
 
បង្កើតឡើងនៅឆ្នាំ២០១៦ ដែនជម្រកសត្វព្រៃព្រៃឡង់ មានផ្ទៃដីជាង៤៣ម៉ឺនហិកតា លាតសន្ធឹងលើភូមិសាស្ត្រខេត្តកំពង់ធំ, ព្រះវិហារ, ក្រចេះ និងខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន មានឧទ្យានុរក្សចំនួន ៨៤ នាក់ កំពុងឈរជើងការពារនៅតំបន់នោះ ហើយក៏មានការសហការពីសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១៩ទៀត នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នោះផងដែរ៕
 
រូបភាពពីលោក នេត្រ ភក្ត្រា៖





Tag:
 ធនធានធម្មជាតិ
  ព្រៃឡង់
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com