អន្តរជាតិ
WHO ថា វ៉ាក់សាំងកាត់បន្ថយការឆ្លងវីរុសដែលតាបានតែ៤០ភាគរយតែប៉ុណ្ណោះ
25, Nov 2021 , 2:16 pm        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ។ រូបថត Xinhua
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ។ រូបថត Xinhua
ដោយ:
ប្រមុខអង្គការសុខភាពពិភពលោក (WHO) Tedros Adhanom Ghebreyesus បញ្ជាក់នៅថ្ងៃទី២៤ ខែវិច្ឆិកាថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩កាត់បន្ថយការឆ្លងវីរុសបំប្លែងថ្មីដែលតាបានប្រហែលជា៤០ភាគរយប៉ុណ្ណោះ។ លោកក៏ព្រមានពីការយល់ខុសរបស់សាធារជនដែលជឿជាក់ថា ពេលចាក់វ៉ាក់សាំងបង្ការហើយ មិនចាំបាច់មានការការពារអ្វីទៀត។

 
នាសន្និសីទសារព័ត៌មានថ្ងៃទី២៤ ខែវិច្ឆិកា អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ថា មនុស្សជាច្រើនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ បានគិតខុសថា ពួកគេមិនចាំបាច់មានការការពារអ្វីផ្សេងទៀតឡើយ ខណៈប្រសិទ្ធភាពរបស់វ៉ាក់សាំងទល់វីរុសបង្កជំងឺនេះ មិនមានខ្ពស់នោះទេ។ លោកក៏ព្រមានចំៗពីហានិភ័យវីរុសដែលតាផងដែរ។
 
ប្រមុខ WHO ទទូចឱ្យអ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​ពេញលេញ​ហើយ ត្រូវ​តែ​ប្រកាន់​ខ្ជាប់​​វិធានការ​ដើម្បី​ចៀសវាង​ការ​ឆ្លង​វីរុស និង​ចម្លង​ទៅអ្នកដទៃ។
 
«យើងព្រួយបារម្ភពីការគិតខុសទាក់ទិននឹងសុវត្ថិភាពដែលថា វ៉ាក់សាំងបញ្ចប់ការរាលដាលជំងឺកូវីដ-១៩ និងអ្នកដែលបានចាក់វ៉ាក់សាំងរួច មិនចាំបាច់មានការប្រុងប្រយ័ត្នជាមុនទៀតទេ»។ លោក Tedros ប្រាប់អ្នកយកព័ត៌មានបែបនេះមុនបន្តថា វ៉ាក់សាំង​ជួយ​សង្គ្រោះ​ជីវិត ប៉ុន្តែ​វា​មិន​អាច​ការពារ​ការ​ឆ្លង​បាន​ពេញលេញ​ទេ។
 
បើតាមលោក Tedros  កាលមិនទាន់មានវីរុសបំប្លែងថ្មីដែលតា វ៉ាក់សាំងអាចបង្ការការចម្លងបានប្រហែល៦០ភាគរយ ប៉ុន្តែតាំងពីវីរុសដែលតាបានរាលដាលមក សមត្ថភាពទប់ស្កាត់ធ្លាក់មកដល់ប្រហែល៤០ភាគរយប៉ុណ្ណោះ។ ក្នុងសន្និសីទដដែល អគ្គនាយក WHO អះអាងថា ទោះបីជបានចាក់វ៉ាក់សាំងហើយក៏ដោយ មនុស្សទាំងអស់ ត្រូបន្តការប្រុងប្រយ័ត្នដើម្បីការពារកុំឱ្យឆ្លងវីរុស និងចម្លងទៅអ្នកដ៏ទៃដែលអាចស្លាប់បាន។ មានន័យថា ទាំងអស់គ្នាត្រូវតែពាក់ម៉ាស់ រក្សាគម្លាត ចៀសវាងកន្លែងមានមនុស្សច្រើន និងជួបអ្នកដទៃខាងក្រៅ ឬនៅខាងក្នុងកន្លែងណាដែលមានខ្យល់ចេញចូលល្អ។
 
គួរបញ្ជាក់ថា ​បើ​តាម​របាយការណ៍​​ប្រចាំ​សប្តាហ៍​របស់ WHO ៩៩,៨ភាគរយនៃសំណាកដែលប្រមូលបាននៅរយៈពេល៦០ថ្ងៃចុងក្រោយ ជាវីរុសបំប្លែងថ្មីដែលតា៕

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com