កីឡាអន្តរជាតិ
អន្តរជាតិ
ប្រដាល់​ប្រចាំ​សតវត្ស Floyd Mayweather-Manny Pacquiao នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ
03, May 2015 , 12:08 am        
រូបភាព
ដោយ: រួបរួម
បន្ទា​ប់ពី​ជំនួប​រវាង​ស្តេច​ប្រដាល់ Muhammad Ali និង Joe Frazier នៅលើ​សង្វៀន​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៧៥ ព្រឹត្តិការណ៍​ប្រដាល់​ដែលមាន​ឈ្មោះថា «Battle for Greatness» ឬ «The Fight of the Century» វិល​មក​សារជាថ្មី​ម្តងទៀត​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៣ ខែឧសភា រវាង Floyd Mayweather និង Manny Pacquiao នៅ​សង្វៀន MGM Gtand Garden Arena ក្នុង​ក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក។



ជំនួប​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក (Welterweight) ទម្ងន់​ជាង៦៦គីឡូក្រាម រវាង​ស្តេច​ប្រដាល់​អា​មេ រិ​ក Floyd “Money” Mayweather និង​ស្តេច​ប្រដាល់​ហ្វីលីពីន Manny “Pac-Man” Pacquiao ទាក់ទាញ​អ្នក​និយម​ទស្សនា​កីឡាប្រដាល់​លើ​ពិភពលោក​យ៉ាងខ្លាំង។

Floyd អាយុ៣៨ឆ្នាំ កំពុង​គ្រប់គ្រង​តំណែង​ជើងឯក​ពិភពលោក​ចំនួន៥ (5-division World champion) ដោយមាន​ប្រវត្តិ​ប្រកួត​ចំនួន៤៧លើក ឈ្នះ​ទាំង៤៧លើក និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន២៦លើក។ ចំណែក Pacquiao អាយុ៣៦ឆ្នាំ គ្រប់​តំណែង​ជើងឯក​ពិភពលោក​រហូតដល់​ទៅ៨ (8-division world champion) ដោយ​ប្រកួត​បាន៦៤លើក ឈ្នះ៥៧លើក (ធ្វើ​ឲ្យ​ប្រកួត​សន្លប់៣៨លើក) ចាញ់៥លើក និង​ស្មើ២លើក។

កីឡាករ​ទាំងពីរ​សុទ្ធ​តែមាន​ប្រវត្តិ​បំបាក់​កីឡាករឆ្នើមៗចំនួន៥ (Famous Five) លើ​ពិភពលោក ដែល​ក្នុងនោះ​មាន Juan Manuel Marquez, Ricky Hatton, Oscar De La Hoya, Shane Mosley និង Miguel Cotto។

បើតាម CNN ការផ្គូផ្គង​កីឡាករ​ទាំងពីរ​នេះ បាន​ចំណាយពេល​អស់​រយៈពេល​ប្រមាណ៥ឆ្នាំ។ ចំណូល​ដែល​ទទួលបាន​ពី​ការរៀបចំ​ឲ្យ​មាន​ជំនួប​នៅ​ថ្ងៃអាទិត្យ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ពី៣០០លាន ទៅ៤០០លាន​ដុល្លារ​អាមេរិក។ សំបុត្រ​ដែល​ថោក​បំផុត​មានតម្លៃ១៥០០ដុល្លារ​អាមេរិក ហើយ​ឡើងដល់៨០០០ដុល្លារ ៤០០ ០០០ដុល្លារ និង៥០០ ០០០ដុល្លារ​អាមេរិក។

ទូរទស្សន៍​នៃ​បណ្តា​ប្រទេស​ជាង៥០ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ប្រកួត​នេះ ដែល​ក្នុងនោះ​មាន​ទូរទស្សន៍ CTN/CNC របស់​កម្ពុជា​ផងដែរ។ ក្រៅពី​ជំនួប​ដ៏​ធំ​នេះ មាន​ជំនួប​ចំនួន៦ប្រកួត​ផ្សេងទៀត​នៅលើ​សង្វៀន MGM Grand Garden Arena ដោយ​ចាប់ផ្តើម​ពី​ម៉ោង៨ព្រឹក (ម៉ោង​នៅ​កម្ពុជា)៕




© រក្សាសិទ្ធិដោយ thmeythmey.com