ជាតិ
មន្ទីរអប់រំ​ប្រជុំ​បន្ទាន់​រឿង​បញ្ហា​ដក​បេក្ខភាព​សិស្ស​វិទ្យាល័យ​១០​មករា​១៤០​នាក់​ចេញពី​បញ្ជី​ប្រឡង​បាក់​ឌុប​
05, Aug 2016 , 11:41 am        
រូបភាព
​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​៥ សីហា​នេះ មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប កំពុង​រៀបចំ​កិច្ចប្រជុំ​មួយ ជុំវិញ​ករណី​ដក​បេក្ខភាព​សិស្ស​វិទ្យាល័យ​១០​មករា ឆ្នាំ​១៩៧៩ ចំនួន​១៤០​នាក់ ចេញពី​បញ្ជី​បេក្ខភាព​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦​។ ចំនួន​ច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ រង​ការរិះគន់ ជាពិសេស​ពី​សំណាក់​អាណាព្យាបាល​សិស្ស​។​



​វិទ្យាល័យ​១០​មករា ឆ្នាំំ​១៩៧៩ បាន​បិទ​ផ្សាយ​ពី​បញ្ជី​ដក​បេក្ខភាព​ចេញពី​បញ្ជី​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដែលមាន​ចំនួន​១៤០​នាក់ ពុំ​ធ្លាប់មាន​ពីមុនមក​។ សិស្ស និង​អាណាព្យាបាល​សម្តែង​ការខកចិត្ត ប៉ុន្តែ​ពួកគេ​កំពុង​តាមដាន​ស្ថានការណ៍​នេះ​ជា​បន្តទៀត​។

​នៅ​ព្រឹក​ថ្ងៃទី​៥ សីហា​នេះ មាន​សិស្ស និង​អាណាព្យាបាល​មួយចំនួន កំពុង​ឈរ​រ​ម្លឹ​ង​ទៅ​សាលា​១០​មករា ដោយ​អារម្មណ៍​មិន​អស់ចិត្ត លើ​ករណី​ដែល​កូន​របស់​ពួកគេ មានឈ្មោះ​ក្នុង​បញ្ជី​ដក​បេក្ខភាព​ចេញពី​បញ្ជី​ប្រឡង​បាក់​ឌុប​។ ពួកគេ​ថា កំពុង​រង់ចាំ​មើល​ស្ថានការណ៍ ក្រែង​មាន​ដំណោះស្រាយ​អ្វី​ផ្សេង ហើយ​ពួកគេ​មិន​ជឿថា កូន​របស់ខ្លួន​ធ្វើ​ខុសពី​គោលការណ៍​របស់​ក្រសួង​នោះដែរ​។ ពួកគេ​ដាក់​ការសង្ស័យថា ទំនង​ជាមាន​អំពើពុករលួយ​ក្នុង​សាលា​ផងដែរ​។​

«​កូន​ខ្ញុំ​៤​នាក់​ហើយ ដែល​រៀន​នៅ​សាលា​នេះ​។ ហើយ​មួយ​ចុងក្រោយ​នេះ វា​មក​រៀន​មិនដែល​ឈប់​ទេ​។ យប់​ឡើង​វា​ប្រឹងរៀន​ដល់ៗ​យប់​ជ្រៅ​។ ខ្ញុំ​មិន​យល់​សោះ​»​។ នេះ​ជាការ​លើកឡើង​របស់​អា​ណា​ព្យាបាល​សិស្ស​មួយរូប ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ដល់​អ្នកសារព័ត៌មាន ខ្លាច​ខាង​សាលា​ដឹង និង​រិត​តែ​បង្ក​កា​រលំ​ដាក់​ដល់​កូន​ពួកគេ​។ បុរស​វ័យ ៤០​ប្លាយ​រូបនោះ​បន្ត​ដាក់​ការ​សន្និដ្ឋានថា​៖« មាន​គ្រូ​ខ្លះ ពេល​សិស្ស​ខ្លួនឯង​មិន​រៀន​គួរ​ជាមួយ​ខ្លួន បែរជា​ទម្លាក់​ពិន្ទុ​សិស្ស​ពេល​ប្រឡង​ឆមាស​ទៅវិញ​...»​។​

​សិស្សស្រី​មួយរូប ដែល​មិនមាន​ឈ្មោះ​ពេល​ប្រឡង និង​កំពុង​ឈរ​មើល​សាលារៀន​របស់ខ្លួន ដោយ​ទឹកមុខ​ក្រៀមក្រំ​បាន​និយាយថា នាង​ធ្លាក់​មធ្យមភាគ​។ នាង​បន្តថា ខាង​ក្រសួង​កំណត់​មធ្យមភាគ​ចំនួន ២៥​ឡើង តែ​នាង​បាន​ត្រឹម​ជាង​២២​ក្បៀស​តែប៉ុណ្ណោះ​។ សិស្សស្រី​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូបនេះ​បញ្ជាក់ថា នាង​មក​រៀន​ជា​ទៀងទាត់ និង​មិនដែល​ឈប់​នោះទេ​។

​គោលការណ៍​របស់​ក្រសួង​អប់រំ និង​ត្រូវបាន​គ្រប់​សាលារៀន យកមក​អនុវត្តន៍ គឺ​រាល់​សិស្ស​ដែល​រៀន​ថ្នាក់​ទី​១២ មិនត្រូវ​ឈប់​ឥត​លើសពី​៣០​ដង និង​ទាំង​មានច្បាប់ និង​ឥត​ច្បាប់​លើសពី ៤៥​នោះទេ បើ​ពុំ​នោះទេ ពួកគេ​នឹងត្រូវ​ដក​បេក្ខភាព​មិន​ឲ្យ​ប្រឡង​។

​សិស្ស​ម្នាក់ ដែល​កំពុង​ឈរ​នៅមុខ​បញ្ជី​ដក​បេ​ក្ខ​នៅក្នុង​សាលា​១០​មករា​ម្នា​ក់បាន​និយាយថា មិត្ត​រួម​ថ្នាក់​គេ​៣​ទៅ​៤​នាក់ ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះដែរ​។ គេ​បញ្ជាក់ថា មិត្ត​របស់គេ​នោះ មិនដែល​មក​រៀន​ទេ​។​

​ជំនួយការ​នាយក​សាលា ១០​មករា លោក ប៊ី ប៊ុន​សុ​ផុ​ន្នី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​នេះ​ថា ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​របស់​លោ​នៅ​ឆ្នាំនេះ មាន​ចំនួន ២៤​ថ្នាក់ មាន​សិស្ស​ចំនួន ៩០០​នាក់​។ លោក​បន្ថែមថា លោក​បាន​បញ្ជូន​បញ្ជី​បេក្ខភាព​សិស្ស​ចំនួន ៩០០​នាក់​ទៅ​ក្រសួង​ក្នុងនោះ មាន​ស្រី ៤៣២​នាក់​។ លោក​បញ្ជាក់ថា ក្នុងចំណោម​សិស្ស​ទាំងអស់ មាន​សិស្ស​ចំនួន ៨៩៥​នាក់​បានដាក់​ពាក្យ​ប្រឡង ស្រី​៤៣២​នាក់​។​

​ចំពោះ​ការដក​បេក្ខភាព​សិស្ស​១៤០​នាក់​ចេញពី​បញ្ជី​ប្រឡង​បាក់​ឌុប លោក ប៊ី ប៊ុន​សុ​ផុ​ន្នី ពន្យល់ថា មាន​ខ្លះ​ធ្លាក់​មធ្យមភាគ និង​ខ្លះទៀត​មិនបាន​ប្រឡង​ឆមាស​ជាដើម​។ លោក​ពន្យល់ថា​៖« ក្នុងចំណោម​សិស្ស​១៤០​នាក់ មាន​៥​នាក់​អត់​បានដាក់​ពាក្យ​ប្រឡង ២១​នាក់ អត់​ប្រឡង​ឆមាស​ទី​២ និង​នៅសល់​ប៉ុន្មាន (១១៤​នាក់​) ធ្លាក់​មធ្យមភាគ​»​។​

​ទាក់ទង​នឹង​ការប្រជុំ​រៀបចំ​បញ្ជី​សិស្ស​ជាថ្មី និង​ការសម្រួល​ឲ្យ​សិស្ស​បាន​ប្រឡង​វិញ ជំនួយការ​នាយក​សាលា លោក ប៊ី ប៊ុន​សុ​ផុ​ន្នី ថា​លោក​មិន​បានដឹង​នោះទេ​។ លោក​ឆ្លើយ​ដូចនេះ មុននឹង​លោក​ត្រូវបាន​ថ្នាក់លើ​លោក​ម្នាក់ ហៅ​អោយទៅ​ប្រជុំ​នៅ​មន្ទីរអប់រំ​នៅ​ព្រឹក​មិញ ខណៈដែល​កំពុងនិយាយ​ជាមួយនឹង​អ្នកសារព័ត៌មាន​។​

​ប្រធាន​មន្ទីរអប់រំ​ថ្មី លោក សយ ទិ​ត្យា​វង្ស បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ព្រឹក​នេះ​ថា លោក​បាន​ឲ្យ​ក្រុមការងារ​របស់លោក រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​ថ្នាក់​គ្រប់គ្រង​សាលា​ហើយ​។ យ៉ាងណា កាលពី​ម្សិលមិញ លោក​បានផ្តល់​បទ​សម្ភា​ស​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា លោក​នឹង​ត្រួតពិនិត្យ​បញ្ជី​ដក​បេក្ខភាព​របស់​សិស្ស​នោះ​សាជាថ្មី​៕




© រក្សាសិទ្ធិដោយ thmeythmey.com