ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន៤ មានទុនជាង៣០លានដុល្លារ គ្រោងបង្កើតរោងចក្រ នៅខេត្តព្រះសីហនុ ស្វាយរៀង និងក្រចេះ ![រូបបានពីCDC](https://image.thmeythmey.com/pictures/2019/02/07/________________________cdc__2_.jpg)
រូបបានពីCDC
×![]()
ភ្នំពេញ៖ ក្រុមហ៊ុនថ្មីចំនួន៤ ដែលមានទុនវិយោគសរុប ៣៤លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ក្នុងការបើករោងចក្ររបស់ខ្លួន នៅខេត្តព្រះសីហនុ ស្វាយរៀង និងខេត្តក្រចេះ។ បើតាមសេចក្តីជូនដំណឹងរបស់CDC ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៩ រោងចក្រទាំង៤នេះ អាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋជាង ១ ៦០០កន្លែង។
ក្រុមហ៊ុនទាំង៤ ដែលCDCបានអនុម័តនោះ មាន ក្រុមហ៊ុន FASHION HOUSEWARE (CAMBODIA) និងក្រុមហ៊ុន TUBAO (CAMBODIA) DECORATION MATERIAL មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទាំងពីរនេះ មានទុនវិនិយោគ ១១,៥លានដុល្លារ ដោយក្រុមហ៊ុន FASHION HOUSEWARE គ្រោងបង្កើតរោងចក្រផលិតសម្ភារៈក្នុងផ្ទះ គ្រឿងតុបតែងក្នុងពិធីបុណ្យណូអែល សម្ភារៈសម្រាប់ម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗទៀត។ ដោយឡែក ក្រុមហ៊ុន TUBAO (CAMBODIA) គ្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងរក្តាបន្ទះ។
![](https://image.thmeythmey.com/pictures/2019/02/07/thumb2/________________________cdc__3_.jpg)
រូបបានពីCDC
រីឯក្រុមហ៊ុន ZHONGQI LIHUI CABLE មានទុនវិនិយោគចំនួនជាង ២០លានដុល្លារ គ្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ និងក្រុមហ៊ុនWINTIME (CAMBODIA) គ្រោងបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ជាមួយនឹងដើមទុនវិនិយោគ ២,៤៣លានដុល្លារ។ នេះបើតាមCDC៕
© រក្សាសិទ្ធិដោយ thmeythmey.com