ជាតិ
បទវិភាគ
ខ្មែរ​មាន​ធនធានធម្មជាតិ និង​កេរដំណែល​វប្បធម៌​ច្រើន ចុះ​ហេតុអ្វី​បានជា​ខ្មែរ​នៅតែ​ក្រ?
14, Jun 2015 , 8:00 pm        
រូបភាព
ភ្នំពេញ៖ ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​មហាសាល។ ធនធានធម្មជាតិ មាន​ទាំង​នៅ​បាតសមុទ្រ ក្រោម​ដី និង​លើដី។ ក្រៅពី​ធនធានធម្មជាតិ កេរដំណែល​វប្បធម៌ គឺជា​ធនធាន​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន។ ប៉ុន្តែ​ប្រទេសមួយ​នេះ​នៅតែ​ក្រីក្រ។ ប្រជាជន​ខ្មែរ​ជាង២០ភាគរយ​ទៀត​បាន និង​កំពុង​បន្ត​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ។ តើ​នេះ​បណ្តាលមកពី​បញ្ហា​អ្វី?



នៅក្នុង​ផ្នត់គំនិត​ខ្មែរ​កាលពី​ជំនាន់​មុន ប្រទេស​កម្ពុជា គឺជា​ដែនដី​សុវណ្ណ​ភូមិ​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​គ្រប់យ៉ាង។ គេ​ចាត់ទុក​ប្រទេស​នេះ​ថា ជា​ដែនដី​សុវណ្ណ​ភូមិ ពីព្រោះ​ប្រទេសមួយ​នេះ ធ្លាប់​សម្បូរ​ទៅដោយ​ធម្មជាតិ​រ៉ែ​មាស-រ៉ែ​ត្បូង និង​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​មហាសាល​ជាច្រើន​ផ្សេងទៀត។ ធនធាន​មហាសាល​ទាំងនោះ​មាន​វត្ត​មាននៅ​គ្រប់ទិសទី​នៃ​ប្រទេស​កម្ពុជា មាន​ទាំង​នៅក្រោម​ដី បាតសមុទ្រ ក្នុង​សមុទ្រ ក្នុង​ទន្លេ និង​នៅលើ​ដី​ក៏មាន​ច្រើន​រាប់​ស្ទើ​មិន​អស់​ដែរ។

ជាក់ស្តែង នៅក្នុង​ខេត្តបាត់ដំបង ប៉ៃលិន រតនៈគីរី កំពង់ធំ ព្រះវិហារ មណ្ឌល​គី​រី ប្រទេស​កម្ពុជា​ធ្លាប់​សម្បូរ​ទៅដោយ​រ៉ែ​មាស រ៉ែ​ត្បូង រ៉ែ​ដែក និង​ធនធាន​រ៉ែ​មួយចំនួន​ផ្សេងទៀត។ នៅក្នុង​បាតសមុទ្រ និង​ក្នុង​បាតទន្លេ កម្ពុជា​ត្រូវបាន​គេ​វាយតម្លៃថា​សម្បូរ​ទៅដោយ​មច្ឆា​ជាតិ​ទឹកប្រៃ និង​ទឹកសាប។ កាលពី​ពេលមុន ប្រជាជន​ខ្មែរ​នាំគ្នា​និយាយថា ទីណា​មានទឹក ទីនោះ​មាន​ត្រី។ ប៉ុន្តែ នាពេល​បច្ចុប្បន្ននេះ ស្ថានភាព​ជាក់ស្តែង​បានបង្ហាញ​ផ្ទុយ​ពីនេះ​ទៅវិញ។
 
នៅក្នុង​បាតសមុទ្រ បាតទន្លេ​ដដែល ប្រទេស​កម្ពុ​ជាមាន​ធនធាន​ប្រេង ឧស្ម័ន និង​ខ្សាច់។ រីឯ​នៅលើ​ដី​វិញ កម្ពុជា​ធ្លាប់​សម្បូរ​ទៅដោយ​ព្រៃឈើ សត្វព្រៃ និង​ភ្នំ។ ទាំងអស់នេះ​គេ​នៅ​មិនទាន់​រាប់បញ្ចូល​ធនធានធម្មជាតិ​កសិកម្ម​មួយចំនួន​ផ្សេងទៀត និង​កេរដំណែល​វប្បធម៌​ផង។ កេរដំណែល​វប្បធម៌​សម្បូរបែប​របស់​ខ្មែរ ដូចជា ប្រាង្គ​ប្រាសាទអង្គរវត្ត បានផ្តល់​ប្រាក់ចំណូល​ច្រើន​លាន​ដុល្លារ​ក្នុងមួយឆ្នាំៗដល់​ប្រទេសជាតិ។

បើ​ផ្អែកលើ​ទឡ្ហីករណ៍​ខាងលើនេះ គេ​ពិតជា​អាច​និយាយបានថា ប្រទេស​កម្ពុជា​សម្បូរ​ធ​ន​ធាន​ធម្មជាតិ​មែន។ ប៉ុន្តែ​ចុះ​ហេតុអ្វី​បានជា​ប្រទេសមួយ​នេះ​នៅតែ​ក្រីក្រ?
 
មូលហេតុ​ទីមួយ​ដែល​គេ​តែងតែ​ទម្លាក់កំហុស​ដាក់​នោះ គឺ​បញ្ហា​សង្គ្រាមស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ​គ្នាឯង។ ជាក់ស្តែង ដោយសារតែ​កងកម្លាំង​រដ្ឋាភិបាល​ក្រុងភ្នំពេញ និង​កងកម្លាំង​តស៊ូ​ក្នុងព្រៃ​ដឹកនាំ​ដោយ​ក្រុម​ប៉ុលពត​ក្នុង​ទសវត្សរ៍ ឆ្នាំ៨០ និង៩០ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នោះ ត្បូង​ពេជ្រ​នៅ​តំបន់​ប៉ៃលិន​ត្រូវបាន​កងទ័ព​ព្រៃ​លក់​ទៅអោយ​ឈ្មួញ​ថៃ ដើម្បី​បាន​ប្រាក់​ធ្វើសង្គ្រាម​ប្រឆាំងនឹង​កងកម្លាំង​ក្រុងភ្នំពេញ។ ត្រង់ចំណុច​នេះ ធនធានធម្មជាតិ​មិនត្រូវ​បាន​គេ​ចាត់ទុកថា ជា​កាដូ​ជូនពរ​ទេ ប៉ុន្តែ​វា​ជាការ​ដាក់​បណ្តាសារ​ទៅវិញ ពីព្រោះ​កងកម្លាំង​យោធា​បាន​ប្រើប្រាស់​ប្រាក់ចំណូល​ពី​ធនធានធម្មជាតិ​យកទៅ​ធ្វើសង្គ្រាម​ច្បាំង​គ្នាឯង។
 
បញ្ហា​ទី​ពីរ​ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា​នៅតែ​ក្រ​ដដែល​នោះ គឺ​ដោយសារ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ទាំងនោះ​មិនបាន​ល្អ។ ព្រៃឈើ មច្ឆា​ជាតិ ធនធាន​ខ្សាច់ ធនធាន​រ៉ែ​ត្រូវបាន​គេ​ធ្វើ​អាជីវកម្ម​ច្រើន​មហិមា ប៉ុន្តែ​ប្រាក់ចំណូល បាន​ពី​ធនធាន​ទាំងនោះ​សម្រាប់​កញ្ចប់​ថវិកាជាតិ​អាច​ធ្លុះធ្លាយ​ទៅវិញ​ខ្លះ ដោយសារតែ​ការគ្រប់គ្រង​នៅមាន​ចន្លោះប្រហោង។ ក្រៅពី​ការគ្រប់គ្រង បញ្ហា​អំពើពុករលួយ​នៅតែ​ជា​បញ្ហា​ចម្បង​នៅក្នុង​សង្គម​ខ្មែរ។ របាយការណ៍ថ្មីៗរបស់​អង្គការ​តម្លាភាព​អន្តរជាតិ​នៅតែ​បញ្ជាក់ថា អំពើពុករលួយ​នៅក្នុង​ប្រទេស​ក្រីក្រ​កម្ពុជា​នៅតែមាន​កម្រិត​ខ្ពស់​នៅឡើយ។

បញ្ហា​ទី​បី គឺ​ដោយសារ​ការអប់រំ​នៅ​កម្ពុជា​នៅមានកម្រិត​ទាប​ក្នុង​ជំនាញ​ជាន់ខ្ពស់​មួយចំនួន​សម្រាប់​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​ខ្លួនឯង ដូចជា ជំនាញ​រុករក​ប្រេង ឧស្ម័ន និង​រ៉ែ។ ដូច្នេះ ប្រទេស​កម្ពុជា​មិនអាច​ទាញ​ផល​បាន​ច្រើន​ពី​ធនធានធម្មជាតិ​របស់​ខ្លួន​ទេ ប្រសិនបើ​ប្រទេស​ក្រីក្រ​មួយ​នេះ​នៅ​បន្ត​ប្រើប្រាស់​កម្មករ​ជនជាតិ​បរទេស សម្រាប់​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​របស់ខ្លួន​នោះ។

ងាក​មក​ធើ្វ​ការប្រៀបធៀប​ជាមួយ​ប្រទេស​សិង្ហ​បុរី​វិញ ប្រទេសមួយ​នេះ​គ្មាន​ធនធានធម្មជាតិ​ច្រើន​ដូច​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ដោយសារតែ​ការគ្រប់គ្រង​ប្រកបដោយ​ភាព​វៃឆ្លាត កម្លាំង​ពលកម្ម​មាន​ជំនាញ​ខ្ពស់ ការគ្រប់គ្រង​មាន​តម្លាភាព គណនេយ្យភាព ប្រទេស​ដ៏​តូច​មួយ​របស់​ទ្វីបអាស៊ី​នេះ​បានក្លាយ​ទៅជា​ប្រទេស​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​យ៉ាងខ្លាំង។
 
សរុបសេចក្តី​មកវិញ ដើម្បី​កុំអោយ​ធនធានធម្មជាតិ​របស់​ខ្មែរ​ក្លាយទៅជា​ការដាក់​បណ្តាសា​រ ហើយ​កុំអោយ​ប្រទេសជាតិ​នៅតែ​ក្រីក្រ​ដដែល​នោះ ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ គឺជា​រឿង​ចាំបាច់​បំផុត។ ប្រសិនបើ​គេ​អាចធ្វើ​យ៉ាង​ដូច្នេះ​បាន ពេលនោះ ធនធានធម្មជាតិ​ខ្មែរ​ពិតជា​ប្រែក្លាយ​ពី​ការដាក់​បណ្តាសារ​ទៅជា​ការ​ជូនពរ​ទៅវិញ៕



 


© រក្សាសិទ្ធិដោយ thmeythmey.com