ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ​បដិសេធ​ទិញ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​​
17, Feb 2015 , 10:37 am        
រូបភាព
ដោយ:
សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន ​បានដិសេធថា គណបក្ស​ប្រជាជនកម្ពុជារបស់​លោក​​មិនបានប្រើលុយទិញតំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ លោក វ៉ាន សំអឿន ​ឲ្យចុះ​ចូល​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​នោះឡើយ​។ លោក​ ថែមទាំង​ចាត់​ទុកការ​ចោទ​ប្រកាន់របស់​មន្រ្តី​បក្ស​ប្រឆាំង​ទៅ​លើ​លោក វ៉ាន សំអឿន ថា ត្រូវ​បាន​គណបក្ស​ប្រជា​ជនកម្ពុជា​ទិញ​​​នោះ​ ​ជាការ​លាប​ពណ៌បង្ខូច​កិត្តិយស​លោក​ វ៉ាន សំអឿន ។



គ្មាន​ឡើយ​ការទិញដូរ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ លោក វ៉ាន សំអឿន ឲ្យចូល​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ។ នេះ​ជាការ​អះអាង​របស់​សម្តេច ហ៊ុន សែន នៅ​ក្នុង​ពិធី​ចែ​ក​សញ្ញា​បត្រ​ដល់​និស្សិត​​សកលវិទ្យាល័យ​ធន​ធាន​មនុស្ស​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​នៅថ្ងៃ​អង្គារ​នេះ​ ។ សម្តេច ហ៊ុន សែន បានបញ្ជាក់​យ៉ាង​នេះ​ថា៖ « មនុស្ស​មិនមែន​ទំនិញ​ទេ ។ ក្បាលមនុស្ស​អី ​ក៏ថោ​កម្លេះ ឲ្យ​ទិញនោះ ខ្ញុំ​មិន​សំបូរ​លុយទេ ។ ហើយ​មនុស្សម្នាក់​​ទិញ​ធ្វើអ្វី បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា មាន​បណ្ឌិត​មិន​ខ្វះនោះ​ ។ សូមមេត្តា​កុំ​លាប​ពណ៌ ។ ពេល​គេ​លែង​គាំទ្រ ចាត់ទុកគេជា​ឈើពុក ​សាច់​ស្អុយ» ។   

សូមបញ្ជាក់​ថា កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពត លោក វ៉ាន សំអឿន បានសម្រេច​លាលែង​ពី​តំណែង​ជា​អ្នកតំណាងរាស្ត្រ ដោយ​ទៅ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ក្រោម​ហេតុ​ផលថា ​លោក​គ្មាន​ឱកាស​បម្រើ​ប្រទេសជាតិ​តាម​ឆន្ទៈ និង​បទពិសោធន៍​របស់ខ្លួន ។ ក្រោយពីការ​លាលែង​របស់​លោក វ៉ាន សំអឿន ត្រូវ​មន្រ្តី​បក្ស​ប្រឆាំងខ្លះ​ចោទ​គណបក្ស​ប្រជាជនកម្ពុជា​ថា ជាអ្នកទិញ​លោក វ៉ាន សំអឿន ។ លោក ដាង ចំរើន បេក្ខ​ជន​បម្រុង​ទី ១ មណ្ឌល​កំពត​ ​ត្រូវគណបក្ស​សង្គ្រោះជាតិ​ជ្រើសរើស​ឲ្យកាន់​តំណែង​ជា​តំណាង​រាស្រ្ត​បន្ត​ពី​លោក វ៉ាន សំអឿន  ៕

   

© រក្សាសិទ្ធិដោយ thmeythmey.com