សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ​អនុម័ត​ច្បាប់​ហាមឃាត់​ជនបរទេស​ជួល​ស្ត្រី​ថៃ​ពពោះ​បង្កើតកូន
21, Feb 2015 , 3:30 pm        
រូបភាព
ដោយ:
របប​សឹក​ថៃ​បានសម្រេច​កិច្ចការ​ដ៏​ធំ​របស់ខ្លួន នៅ​ចុង​សប្តាហ៍​នេះ ដោយបាន​អនុម័ត​ច្បាប់​ហាមឃាត់​ជនបរទេស អោយ​ឈប់​ជួល​ស្ត្រី​ថៃ​ពពោះ​បង្កើតកូន​អោយ​ខ្លួន។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​អាច​ជាប់ពន្ធនាគារ១០ឆ្នាំ។ ច្បាប់​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​ខែមិថុនា​ខាងមុខ។



យោងតាម​ច្បាប់​ថៃ​ដែល​ទើប​អនុម័ត​នេះ គូស្រករ​ជនបរទេស​ដែលមាន​សិទ្ធិ​អោយ​ស្ត្រី​ថៃ​ពពោះ​កូន​អោយ​ពួកគេ​បាន ទាល់​តែមាន​ម្នាក់​មាន​សញ្ជាតិ​ថៃ ហើយ​គូ​ស្វាមីភរិយា​នេះ​ត្រូវ​រៀបការ​រួចហើយ​យ៉ាងហោច​ក៏៣ឆ្នាំ​ដែរ។ ចំណែក​ស្ត្រី​ថៃ​ដែល​ត្រូវ​ព​ពោរ​កូន​អោយគេ ត្រូវមាន​អាយុ​លើសពី២៥ឆ្នាំ​ឡើងទៅ ត្រូវតែ​រៀបការ​ហើយ ហើយ​ត្រូវតែ​មានកូន​ផ្ទាល់ខ្លួន​យ៉ាងហោច​ក៏​ម្នាក់​ដែរ។ លើសពីនេះ​ទៀត ទាល់តែ​មានការ​យល់ព្រម​ពី​ស្វាមី​នាង ទើប​នាង​អាច​ពពោះ​កូន​អោយគេ​បាន។

ថៃ​បានអនុម័ត​ច្បាប់​នេះ​ឡើង បន្ទាប់ពី​ជួប​រឿងអាស្រូវ​ច្រើនលើក កាលពី​ខែសីហា​ឆ្នាំ២០១៤កន្លងទៅ ហើយ​នៅតែ​បន្ត​រាលដាល​រហូតដល់​ដើមឆ្នាំ២០១៥នេះ។ កាលពី​ខែសីហា​ឆ្នាំមុន ប្តី​ប្រពន្ធ​ជនជាតិ​អូស្ត្រាលី​មួយគូ​បាន​បោះបង់​ទារក​មាន​ជំងឺ​ទ្រី​សូ​មី ឈ្មោះថា ហ្កា​មី​Gammy អោយទៅ​ស្ត្រី​ថៃ​ដែលជា​ម្តាយ​ពពោះ​កូន​អោយ​ពួកគេ។ ស្ត្រី​ថៃ​រូប​នោះបាន​បង្កើត​បានកូន​ភ្លោះ ប្រុស​មួយ ស្រី​មួយ។ តែ​ប្តី​ប្រពន្ធ​អូស្ត្រាលី​នេះ​ត្រលប់​ទៅ​ស្រុក​វិញ ដោយ​យកតែ​កូនស្រី​ដែលមាន​សុខភាព​ល្អ ទៅជា​មួយ​ប៉ុណ្ណោះ។ ប៉ុន្មាន​សប្តាហ៍​ក្រោយមកទៀត មានរឿង​អាស្រូវ​រោងចក្រ​ផលិត​ទារក​ផ្ទុះឡើង​ទៀត។ រឿងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​បុរស​អ្នកមាន​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​បាន​ជួល​ស្ត្រី​ថៃ​ជាច្រើនរូប​អោយ​ព​ពោរ​បង្កើតកូន។

គួរ​បញ្ជាក់ដែរថា មុននឹង​មានរឿង​អាស្រូវ​ជនជាតិ​អូស្ត្រាលី និង​ជនជាតិ​ជប៉ុន​នេះ​កើតឡើង អាជីវកម្ម​ជួល​ស្ត្រី​ពពោះ​នេះ​បាន​រីក​ដូច​ផ្សិត​នៅ​ស្រុកថៃ។ ក្រៅពី​ច្បាប់​ហាម​ជនបរទេស​ដែល​អនុម័ត​នៅ​ចុង​សប្តាហ៍​នេះ ថៃ​ក៏បាន​បោះឆ្នោត​ហាមឃាត់​មិនអោយ​ផ្សាយពាណិជ្ជកម្ម​ពី​អាជីវកម្ម​ពពោះ​ក្មេង​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com