ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន​ ប្រតិកម្ម​​នឹង​​សង្គម​​ស៊ីវិល​​ដែល​ថា ​លោក​​ជ្រៀត​ជ្រែក​​តុលាការ​
23, Feb 2015 , 11:57 am        
រូបភាព
ដោយ:
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាងខ្លាំង តប​ទៅនឹង​ការធ្វើ​អត្ថាធិប្បាយ​របស់​អង្គការក្រៅរដ្ឋាភិបាល ដែល​រិះគន់ថា លោក​បាន​ប្រើ​អំណាច​បំពាន​លើ​អំណាចតុលាការ ក្នុងករណី​ចាប់ខ្លួន​ឪពុកម្តាយ​របស់លោក​ថោង សារ៉ាត់ ត្រឡប់មកវិញ។


លោកនាយក​រដ្ឋមន្ត្រី​បានចេញ​មុខជា​ថ្មី ដើម្បី​ឆ្លើយតប​នឹង​មតិ​រិះគន់​លោក ក្នុង​សំណុំរឿង​ចាប់បញ្ជូន​ឪពុកម្តាយ​លោក ថោង​សារ៉ាត់ ចូល​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន​វិញ។ ក្រោយពេល​ដែលមាន​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន អត្ថាធិប្បាយ​ថា លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រើ​អំណាច​គ្របដណ្តប់​តុលាការ​នោះ លោកនាយក​រដ្ឋមន្ត្រី​បាន​បដិសេធ​ការចោទប្រកាន់​នេះ ហើយ​ស្នើ​ឲ្យ​អ្នក​រិះគន់ ពិនិត្យ​ទំនាក់ទំនង​រវាង​ស្ថាប័ន​កំពូល​ទាំង៣៖ នីតិ​បញ្ញត្តិ នីតិ​ប្រតិ​ប​ត្តិ និង​តុលាការ ដែល​លោកនាយក​រដ្ឋមន្ត្រី​អះអាងថា «វា​មិនអាច​នៅ​ដាច់ពីគ្នា»។ ក្នុង​សំណុំរឿង​ចាប់បញ្ជូន​ឪពុកម្តាយ​លោក​ថោង សារ៉ាត់ ត្រឡប់មកវិញ​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងថា មាន​អ្នក​ស្វាគមន៍​លោក​ដែរ។

នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង៤០០០នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏បាន​រិះគន់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា «បាន​ព្យាយាម​ដើរតួនាទី​ធំ​ជាង​សភា ធំ​ជាង​រដ្ឋាភិបាល និង​ធំ​ជាង​តុលាការ​ទៀត»។ «កុំ​អាង​ខ្លួន​ជា​អង្គការក្រៅរដ្ឋាភិបាល មក​អង្គុយ​លើ​ក្បាល​នីតិប្រតិបត្តិ​ឲ្យ​សោះ !» នេះ​ជា​ប្រសាសន៍​ប្រតិកម្ម​របស់លោក ហ៊ុន សែន។

ទាក់ទង​នឹង​អន្តរាគមន៍​របស់លោក​ដែល​ស្នើ​ឲ្យ​មាន​ការធ្វើ​អធិការកិច្ច​ក្នុង​សំណុំរឿង​ដោះលែង​ឪពុកម្តាយ​ថោង សារ៉ាត់ ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ៖«មាន​អ្នកខ្លះ គេ​ថា​ខ្ញុំ​ល្អ មាន​អ្នកខ្លះ​ទៀតថា​ខ្ញុំ​បំពាន​អំណាច (តុលាការ)។ ខ្ញុំ​មិនបាន​បំពាន​អំណាច​ទេ»។ ប៉ុន្តែ​បើ​គេ​ស្តាប់​ការអត្ថាធិប្បាយ​របស់លោក​នាយករដ្ឋមន្ត្រី ប្រតិកម្ម​របស់លោក ក្នុង​សំណុំរឿង​ដោះលែង​ឪពុកម្តាយ ថោង សារ៉ាត់ នៅក្រៅ​ឃុំ ត្រូវបាន​ធ្វើឡើង​ទាន់ពេលវេលា។ លោក​ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែងបន្ត​ដោយ​ប្រើ​ភាសា​ប្រៀបធៀប​យ៉ាង​ដូច្នេះ​ថា៖«ឥឡូវ​ឃើញ​រឿង​នៅ​ពីក្រោយ​ច្រើន​ទេ? អាហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​និយាយថា បិទ​ក្រោលសេះ មុនពេល​សេះ​ចេញផុត ឬក៏​យក​សេះ​ដែល​មិនទាន់​ទៅ​ឆ្ងាយ​ចូលក្នុង​ក្រោល​វិញ។ ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ ដើម្បី​កុំ​ឲ្យ​វា​ក្លាយជា​បញ្ហា​ដាក់បន្ទុក»។

នៅ​ថ្ងៃទី២២ខែកុម្ភៈ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ដែល​ចុះផ្សាយ​វិចារ​ណា​កថា​មួយ​ដែល​សរសេរថា ពួកគេ​ព្រួយបារម្ភ ចំពោះ​ការដកតំណែង​លោក អាំង មាលតី ដែល​ពួកគេ​អះអាងថា ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បានធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ស្នើសុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ស៊ើបអង្កេត​សំណុំរឿង​ដោះលែង​ឪពុកម្តាយ​លោក​ថោង សារ៉ាត់។ CCHR បាន​សរសេរ​យ៉ាង​ដូច្នេះ៖«ពួកគេ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅលើ​ឥទ្ធិពល​ហួសហេតុ​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅលើ​ការបំពេញ​មុខងារ​រប​ស់​តុលាការ»។ វិចារណកថា​ដែល​ដកស្រង់​ប្រសាសន៍​អ្នកសម្របសម្រួល​គម្រោង​កំណែទម្រង់​ប្រព័ន្ធតុលាការ​នៃ CCHR លោក សួន ប៊ុនធឿន សរសេរ​ពន្យល់ថា៖«ទោះបី​ជាមាន សញ្ញា​បង្ហាញថា ការដោះលែង​លោក ថោង ចំរើន និង​អ្នកស្រី កែវ សា​វី អាច​បណ្តាលមកពី​ការអនុវត្ត​ខុស​នីតិវិធី​នៅក្នុង​តុលាការ​កម្ពុជា​ក្តី ក៏​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ត្រូវតែ​ជា​ស្ថាប័ន​ឯករាជ្យ។ យើងខ្ញុំ​សង្ឃឹមថា​អ្វីដែល​យើង​កំពុង​ឃើញ​នោះ​គឺជា​ឯករាជ្យភាព​តុលាការ ពិតប្រាកដ​មិនមាន​ការឆ្លុះបញ្ចាំង​ពី​ការជ្រៀតជ្រែក​ហួសហេតុ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅក្នុង​ប្រព័ន្ធតុលាការ។ យ៉ាងណាក៏ដោយ យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​សញ្ញា​វិជ្ជមាន ដែលមាន​ទំនួល​ខុសត្រូវ​ដែល​នេះ នឹង​នាំទៅរក​កំណែទម្រង់​ប្រព័ន្ធតុលាការ​ពិតប្រាកដ»។

សូម​រម្លឹកថា លោក ហ៊ុន សែន កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ បាន​ប្រតិកម្មប្រឆាំង​ការដោះលែង​ឪពុកម្ដាយ​លោក ថោង សារ៉ាត់ គឺ​លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី ឲ្យ​នៅក្រៅ​ឃុំ។ លោក ហ៊ុន សែន សង្ស័យថា ការដោះលែង​នោះ គឺ​អាចមាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ច្រើន​លាន​ដុល្លារ។ លោក​បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែលជា​សមាជិក​នៃ​ឧត្ដម ក្រុម ប្រឹក្សា​នៃ​អង្គចៅក្រម បើក​ការស៊ើបអង្កេត​ទៅលើ​សំណុំ​រឿងនេះ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រតិកម្ម​របស់លោក​នាយក​រដ្ឋមន្ត្រី ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​បើក​កិច្ចប្រជុំ​សម្រេច ផ្លាស់ប្តូរ​តំណែង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី។ មនុស្ស​មួយចំនួនទៀត ដែល​ត្រូវ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ដោះលែង​ឪពុកម្តាយ​ថោង សារ៉ាត់ ក៏​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com