ពិភពតារា៖ ឈឹម តា​រាវ​ត្តី កាក់កប​តែ​រឿង​តួ​ម្តាយ
12, Mar 2015 , 9:16 am        
រូបភាព
ដោយ:


ភ្នំពេញ៖តារា​សម្តែង​វ័យក្មេង នាង ឈឹម តា​រាវ​ត្តី ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ភាគច្រើន​តារា រូបនេះ​សម្តែង​ជា​តួ​ចំណាស់ តួ​ម្តាយ ឬ​តួ​ភរិយា​គេ​ប៉ុណ្ណោះ តែ​នាង​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់។ នាង​បាន​ចូលប្រឡូក​សិល្បៈ​កាលពី​ឆ្នាំ ២០០៨ និង​ថត​ភាពយន្ត​លើកដំបូង​ក្នុង​រឿង “ទាយាទ​អាសិរពិស”  ប៉ុន្តែ​ដោយសារ​ជាប់រវល់​ការសិក្សា នាង​ក៏​ផ្អាក​ទៅវិញ។



បើទោះជា​ត្រូវ​ផ្អាក​ការងារ​សម្តែង​មួយរយៈ ប៉ុន្តែ​លុះដល់​ឆ្នាំ ២០១១ តារា​វ័យ២៣ឆ្នាំ​រូបនេះ ឈាន​ជើង​ចូលប្រឡូក​សារជាថ្មី ដោយ​ថត​បាន​រឿង​មួយចំនួន មានដូចជា រឿង “ឈូក​ក្នុង​បឹង​ភក់”, រឿង “ផ្កា​រីក​ពេញ​រដូវ” , រឿង “សេដ្ឋី​វ័យក្មេង”, សម្តែង​តួ​ភរិយា​គេ, រឿង “ស្នេហ៍​ក្លែង​កាយ” សម្តែង​តួ​ម្តាយ , រឿង “សន្យា​ស្នេហ៍” សម្តែង​តួ​ភរិយា​គេ និង​កំពុង​ថត​រឿង​ចុងក្រោយ “អស្ចារ្យ​ណាស់​ប្តី​ខ្ញុំ” សម្តែង​ជា​តួ​ភរិយា​លោក យុ​ទ្ធា​រ៉ា ឆា​នី។

ឈឹម តា​រាវ​ត្តី បញ្ជាក់​ប្រាប់ថា សព្វថ្ងៃ នាង​នៅ​មិនទាន់មាន​គូ​កំណាន់ចិត្ត ឬ​សង្សារ​នៅឡើយ​ទេ ប៉ុន្តែ​កន្លងមក នាង​ក៏​ធ្លាប់មាន​គូ​ដណ្តឹង​ម្តង​ដែរ តែ​ត្រូវ​ដាច់​គ្នា​ទៅវិញ ដោយសារ​មើលទៅ​មិនអាច​រស់នៅ​ចុះសម្រុង​គ្នា​ជា​ប្តី​ប្រពន្ធ​ទៅ​អនាគត​បាន។ លើសពីនេះ នាង​ថា ដោយសារតែ​មួយរយៈ​មាន​គូ​ដណ្តឹង​នោះ​ហើយ ទើប​នាង​ត្រូវ​ផ្អាក​ការសិក្សា​មួយរយៈ ដោយសារ​គូ​ដណ្តឹង​ឲ្យ​នាង​ឈប់រៀន។ ប៉ុន្តែ ក្រោយ​បែក​ពី​គូ​ដណ្តឹង នាង​ក៏បាន​ចូល​បន្ត​ការសិក្សា​វិញ ដែល​សព្វថ្ងៃ ជា​និស្សិត​ឆ្នាំ​ទី៤ នៅ​សាលា NUMសិក្សា​ផ្នែក​ជំនួញ ។

ឈឹម រា​តាវ​ត្តី មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ នាង​មាន​បងប្អូន៦នាក់ ស្រី៣នាក់ ជា​កូន​ទី៥ ។ នាង​ជា​កូនកំព្រា​ឪពុក​តាំងពី​អាយុ៣ឆ្នាំ ដោយសារ​ឪពុកម្តាយ​បែកបាក់​គ្នា រហូតមកដល់​ពេលនេះ ម្តាយ​នាង​នៅ​មេម៉ាយ និង​ទទួលបន្ទុក​ចិញ្ចឹម​កូន​ទាំងអស់៕


© រក្សាសិទ្ធិដោយ thmeythmey.com