ជាតិ
យុវជន​រៀបចំ​ពិព័រណ៍«ស្នាដៃ និង​អនាគត» ដើម្បី​លើកកម្ពស់​វប្បធម៌​ខ្មែរ
27, Mar 2015 , 10:54 am        
រូបភាព

 
យុវជន​មួយក្រុម ដែលមាន​ឈ្មោះថា« រីកសាយ» នឹង​រៀបចំ​ពិព័រណ៍​មួយ ស្តីពី«ស្នាដៃ និង​អនាគត លើក​ទី​បី» រយៈពេល២ថ្ងៃ គឺ​នៅ​ថ្ងៃទី២៨-២៩ខែមីនា ចុង​សប្តាហ៍​នេះ នៅឯ​សាល​មហោស្រព​ចតុមុខ។



លោក ឡោ វុ​ឌ្ឍី ប្រធាន​ក្រុម​រីកសាយ បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា៖«ពិព័រណ៍ ស្នាដៃ និង​អនាគត លើក​ទី​បី​នេះ រៀបចំឡើង​ដើម្បី​បង្កើន​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ជំរុញ​ឲ្យ​យុវជន​ខ្មែរ​ចូលរួម​ថែរក្សា លើកតម្កើង​សិល្បៈ​វប្បធម៌​របស់ខ្លួន និង​ចូលរួម​ទប់ស្កាត់​លំហូរ​ចូល​វប្បធម៌​បរទេស ព្រមទាំង ផ្តល់ឱកាស​ឲ្យ​យុវជន​បាន​បញ្ចេញ​នូវ​ស្នាដៃ ទេពកោសល្យ និង​មានគំនិត​ច្នៃប្រឌិត​ខាង​ផ្នែក​សិល្បៈ របស់ខ្លួន​ផងដែរ។

លោក ឡោ វុ​ឌ្ឍី បន្តថា ពិព័រណ៍​នេះ ផ្តោត​សំខាន់​ជាងគេ គឺ​ល្ខោនខោល ដោយសារតែ​សព្វថ្ងៃនេះ​យុវជន​ខ្មែរ​ហាក់​មិនសូវ​ចាប់អារម្មណ៍ និង​មានចំណេះ​តិចតួច​ពី​សិល្បៈ​ខ្មែរ​មួយ​នេះ និង​មាន​អ្នកចេះដឹង និង​ហាត់រៀន​តិចតួច​បំផុត។ ដូច្នេះ​តាមរយៈ​ពិព័រណ៍​នេះ អាច​ផ្តល់​ចំណេះដឹង​បន្ថែមទៀត​ដល់​យុវជន។

ពិព័រណ៍ ស្នាដៃ និង​អនាគត​លើក​ទី៣ ដែល​នឹង​ចាប់ផ្តើម​នៅ ថ្ងៃ​សៅរ៍​ស្អែក​នេះ មានការ​ដាក់តាំង​ស្នាដៃ​របស់​និស្សិត​មកពី​សាកលវិទ្យាល័យ​នានា និង​ស្តង់​ស្នាដៃ​ផ្សេងទៀត​ជាង៦០ស្តង់។ ក្រៅពីនោះ​ក៏មាន​ការលេង​ល្បែង​ប្រជាប្រិយ និង​រាំរែក កម្មវិធី​ពិភាក្សា​តទល់​រវាង​យុវជន លើ​ប្រធានបទ​វប្បធម៌ ព្រមទាំង​ការសម្តែង​សិល្បៈ​ប្រពៃណី​ខ្មែរ​ចម្រុះ​រួមមាន ជា​របាំ​អប្សរា របាំ​ក្រ​ម៉ា របាំ​សហ​សម័យ ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ច្នៃ​ពី​ប្លា​ស្ទិ​ក និង​ក្រដាស​ជាដើម ជាពិសេស​គឺ​ការសម្តែង​ល្ខោនខោល។



© រក្សាសិទ្ធិដោយ thmeythmey.com