ជាតិ
លោក អោ អាន ជា​ជន​ទី៣ដែល​បានដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​បទឧក្រិដ្ឋ
28, Mar 2015 , 4:40 pm        
រូបភាព
រូបភាពដោយ៖ VOA
រូបភាពដោយ៖ VOA

 
សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម បានសម្រេច​ដាក់ លោក អោ អាន ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​បទឧក្រិដ្ឋ ទាក់ទង​នឹង​សំណុំរឿង០០៤  ។ ក្រោម​បទ​ចោទ​ដូចជា​មនុស្សឃាត​ដោយ​ចេតនា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ សាលាក្តី​ខ្មែរក្រហម កាលពី​ថ្ងៃទី២៧មីនា ការសម្រេច​នេះ លោក អោ អាន ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​នៅ​កំពង់ចាម រង​ការចោទប្រកាន់​ពីបទ​ចោទ​ដូចជា មនុស្សឃាត​ដោយ​ចេតនា ការរំលោភបំពាន​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ១៩៥៦ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីកន្លែង​សម្លាប់​មនុស្ស​គោក​ព្រីង មន្ទីរ​សន្តិសុខ​ទួល​បេង និង​មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​រួមមាន​ការធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​សាសនា ការដាក់​ក្នុង​មន្ទីរឃុំឃាំង និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត។

ការដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ចោទប្រកាន់​ទាំងនេះ  វិធាន​ផ្ទៃក្នុង​របស់​សាលាក្តី អនុញ្ញាត​ឲ្យ លោក អោ អាន តាមរយៈ​មេធាវី មាន​សិទ្ធិ​ចូល​ពិនិត្យមើល​សំណុំរឿង និង​ចូលរួម​កិច្ច​ស៊ើបសួរ ។

លោក អោ អោន បច្ចុប្បន្ន​អាយុ៩១ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង គឺជា​ជន​ទី៣ ដែល​ត្រូវបាន​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ចោទប្រកាន់ នៅក្នុង​សំណុំរឿង០០៣ និង០០៤ ។
កាលពី​ថ្ងៃទី៣មីនា​កន្លងទៅ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បានដាក់ លោក មាស មុត និង​អ្នកស្រី អ៊ឹម ចែម អតីត​កម្មាភិបាល​ខ្មែរក្រហម ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ដោយ​កំបាំងមុខ ទាក់ទង​នឹង​សំណុំរឿង ០០៣ និង០០៤ ។

ក្នុង​សំណុំរឿង០០៣ លោក មាស មុត រង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត ការសម្លាប់​រង្គាល ការធ្វើ​ឲ្យ​ទៅជា​ទាសករ ការដាក់​ក្នុង​មន្ទីរឃុំឃាំង ការធ្វើ​ទុក​បុក​ម្នេញ និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត​នៅ​មន្ទីរ​សន្តិសុខ​វត្ត​ឥន្ទ​ញាណ កំពង់សោម ក្រេះ និង​មន្ទីរ​សន្តិសុខ​ស-២១ និង​បាន​ប្រព្រឹត្ត​លើ​ជនជាតិ​វៀតណាម ថៃ និង​បរទេស​ផ្សេងទៀត​នៅ​ដែនសមុទ្រ និង​នៅលើ​កោះ នា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ រួមទាំង​អំពើ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺ​ណែវ ឆ្នាំ១៩៤៩ ។

ចំពោះ​សំណុំរឿង០០៤ បទចោទប្រកាន់​លើ​អ្នកស្រី អ៊ឹម ចែម អតីត​អភិបាលស្រុក​ព្រះនេត្រព្រះ​នា​សម័យ​ខ្មែរក្រហម មាន​អំពើ​មនុស្សឃាត​ដែលជា​ការរំលោភបំពាន​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ១៩៥៦ដែល​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រ​យោង និង​ការដ្ឋាន​ស្ពាន​ស្រែង ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ដែល​ក្នុងនោះ​មានការ​ធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការធ្វើ​ឲ្យ​ទៅជា​ទាសករ ការដាក់​ក្នុង​មន្ទីរឃុំឃាំង ការធ្វើ​ទុក​បុក​ម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com