ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ ថា ព្រះអង្គម្ចាស់​ក្ស​ត្រី អរុណរស្មី មិន​ចង់​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ
29, Mar 2015 , 7:45 pm        
រូបភាព

 
ភ្នំពេញ៖ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី ដែល​ធ្លាប់ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជំនួស​ព្រះអង្គម្ចាស់ រណឫទ្ធិ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី១នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​សុំលាលែង​ចេញពី​តំណែង។ លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី២នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ពន្យល់ថា ព្រះអង្គម្ចាស់​ក្ស​ត្រី អរុណរស្មី មិន​ចង់​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ទៀត ពីព្រោះ ព្រះអង្គ​មាន​តួនាទី​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ផង និង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ផង។



លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី២នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចេញមុខ​បកស្រាយ​ព័ត៌មាន​នៃ​ការលាលែង​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី ថា ដោយសារ ព្រះអង្គ​មាន​កិច្ចការផ្ទាល់ខ្លួន​ច្រើន ហើយ​មិនអាច​បំពេញការងារ​ជូន​គណបក្ស​បាន​គ្រប់គ្រាន់។

បច្ចុប្បន្ននេះ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី មាន​តួនាទី​ពីរធំ។ ទីមួយ ព្រះអង្គម្ចាស់ អរុណរស្មី ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី និង​ទី​ពីរ ព្រះអង្គ​មាន​តួនាទី​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​នៃ​ព្រះមហាក្សត្រ។ «គាត់​ប្រាប់​ខ្ញុំ​ថា ការលាលែង​នេះ​អនុញ្ញាតអោយ​ព្រះអង្គ​អាច​យាងចុះ​តាម​ខេត្ត​នានា​ជំនួស​អោយ​ព្រះមហាក្សត្រ​ដោយ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ»។ នេះ​គឺជា​ការបញ្ជាក់​បន្ត​រប​ស់លោក ញឹក ប៊ុនឆៃ។

លោក ប៊ុនឆៃ បន្តទៀតថា ព្រះអង្គម្ចាស់​ក្ស​ត្រី អរុណរស្មី មិនសូវមាន​ពេល​ជួយ​គណបក្ស​ទេ ដូច្នេះហើយ​ទើប​ព្រះអង្គ​សម្រេច​ព្រះទ័យ​លាលែង​តែម្តងទៅ។ ព្រះអង្គ​មាន​ពេល​តែ​ចុង​សប្តាហ៍​ប៉ុណ្ណោះ​ដើម្បី​ជួយ​ការងារ​គណបក្ស។

តើន​រណា​អាច​ក្លាយទៅជា​អនុប្រធាន​ទី១នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច?
លោក ញឹក ប៊ុនឆៃ បាន​ឆ្លើយថា គណបក្ស​នៅ​មិនដឹង​នៅឡើយ​ទេ។ ប្រភព​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានអោយដឹង​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី ដែល​ធ្លាប់ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជំនួស​ព្រះអង្គម្ចាស់ រណឫទ្ធិ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី១នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពិតជា​បាន​សុំលាលែង​ចេញពី​តំណែង​មែន។ តែ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនទាន់​សម្រេច​ថា តើ​ត្រូវ​អនុញ្ញាតអោយ​ឈប់​ឬ​យ៉ាងណា​នៅឡើយ​ទេ៕ 




© រក្សាសិទ្ធិដោយ thmeythmey.com